តុលាការ​ចោទប្រកាន់​ស្ដ្រី​ដែល​ចោទប្រកាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថា​ជា​អ្នក​សម្លាប់​លោក កែម ឡី ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ​»

996
ចែករម្លែក

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ស្ត្រី​ដែល​និយាយ​ចំហរ​តាម​បណ្តាញ​សង្គម Facebook ចោទ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ក្រុមគ្រួសារ​ថា​ជា​អ្នក​សម្លាប់ លោក កែម ឡី ពីបទ​”​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​”​តាម​មាត្រា​៤៩៤​និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ ។​

​ការចោទប្រកាន់​នេះ​ធ្វើឡើង​ក្រោយពី​លោក សៀង សុខ បានបញ្ចប់​ការសួរនាំ​ស្ដ្រី ខាងលើ​។​

​ប្រភព​តុលាការ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ព្រះរាជអាជ្ញារង លោក សៀង សុខ បានបញ្ចប់​ការសួរនាំ​ហើយ ដោយ​ចោទប្រកាន់​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​»​។ តាម​ក្រមព្រហ្មទណ្ឌ​បទចោទប្រកាន់​មួយ​នេះ អាច​ប្រឈម​ការជាប់​ពន្ធនាគារ​ពី​៦​ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ទៅ​៤​លាន​រៀល​។​

​សូមបញ្ជាក់ថា ស្ត្រី​ដែល​និយាយ​ចំហរ​តាម​បណ្តាញ​សង្គម Facebook ចោទ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ក្រុមគ្រួសារ​ថា​ជា​អ្នក​សម្លាប់ លោក កែម ឡី ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​កាលពី​ម្សិលមិញ និង​បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្តងទៀត នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា​នេះ​៕ ​ដោយ ៖វិបុល