តុលាការ​ដាក់ទោស​អតីត​សង្សារ វ៉ាន នី​ឡា មួយឆ្នាំ​ចំពោះ​ការ​បែកធ្លាយ​រូប​ស្រាត​

1492
ចែករម្លែក

(​ភ្នំពេញ​)៖ ថ្ងៃរសៀល​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ តុលាការ​បានចេញ​សាលក្រម​ដាក់ទោស​ត្រឹម​មួយឆ្នាំ​ចំពោះ​អតីត​សង្សារ​តារាចម្រៀង​កញ្ញា វ៉ាន នី​ឡា ដែលមាន​ចេតនា​ឱ្យ​បែកធ្លាយ​រូប​ស្រាត​ផ្អើល​ពេញ​បណ្តាញ​សង្គម​។

​លោក កោ វណ្ឌី អនុប្រធាន និង​ជា​ចៅក្រម​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ជន​ជាប់​​ចោទ​លោក គុយ សិទ្ធ​ស័​ក្ត ដែលជា​អតីត​សង្សារ​របស់​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​រូបនេះ​ដោយ​កំណត់​ត្រឹមតែ​រយៈពេល ១​ឆ្នាំ​និង​​សង​សំណង​ជម្ងឺ​ចិត្ត​ទៅ​ដើមបណ្តឹង​ចំនួន​២០០​លាន​រៀល​។

​ក្រោយ​ប្រកាស​រួច​តុលាការ​បាន​បើក​សិទ្ធិ​ឲ្យ​ភាគីប្តឹងឧទ្ទរណ៍ បើ​ពុំ​សុខចិត្ត​ទៅ​និងសេចក្តីសម្រេច​ដែល​ដាក់ទោស​បែបនេះ​។ ​អ្វីដែល​ហួសចិត្ត​សម្រាប់​ដើម​ប្តឹង​និង​មហាជន​ដែល​បាន​មើលឃើញ​នោះ សាលក្រម​របស់​តុលាការ​នេះ​ពុំបាន​ចេញ ដីកាចាប់ខ្លួន​នោះឡើយ ខណៈ​ជនជាប់ចោទ​លោក គុយ សិទ្ធ​ស័​ក្ត ដែលជា​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ត្រឹម​នៅក្រៅ​ឃុំ​យ៉ាង​មាន​សេចក្តីសុខ​ដែល​ផ្ទុយ​ពី​ជនរងគ្រោះ​​រស់រាន​ដោយ​ក្តី​អាម៉ាស់​និង​ព្រួយបារម្ភ​។​

​សូមបញ្ជាក់ថា ជនជាប់ចោទ​លោក គុយ សិទ្ធ​ស័​ក្ត ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់ ពីបទ​“​ហិង្សា​ដោយ​ចេតនា​និង​ចែកចាយ​រូប​​ភាព​អាសអាភាស​” ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ តាម​មាត្រា​២១៧​នៃ​ក្រមព្រហ្មទណ្ឌ និង មាត្រា​៣៨​និង​មាត្រា​៣៩ ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។​

​ការសម្រេច​ចេញ​សាលក្រម​ដាក់ទោស​នេះ​បាន ធ្វើឡើង​បន្ទាប់ពី​សំណុំ​រឿងនេះ​ត្រូវ បាន​លោក​ចៅក្រម​កោ វណ្ឌី​លើកយក​មក​ធ្វើការ​ជំនុំ​​ជម្រះ លើ​អង្គសេចក្តី​កាលពី​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅ ខណៈ​ជនជាប់ចោទ​លោក គុយ សិទ្ធ​ស័​ក្ត និង​ដើមបណ្តឹង កញ្ញា​សុខ ចិន្តា (​វ៉ាន នី​ឡា​) ពុំមាន​វត្តមាន នៅក្នុង​សវនាការ​ឡើយ​ដោយ​ត្រឹម​តែមាន​មេធាវី​ទាំងសងខាង​មក​តំណាង​បង្ហាញ​អារម្មណ៍​​មិន​ពេញចិត្ត​ចំពោះ​ការកាត់ក្តី​រឿងនេះ​។​

​លោក​នួន បូរ៉ា មេធាវី​តំណាង​កញ្ញា​វ៉ាន នី​ឡា បាន​ប្តឹង​សុំ ទាមទារ​សំណង​ជម្ងឺ​ចិត្ត​ពី ជនជាប់ចោទ​គុយ សិទ្ធ​ស័​ក្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ​អាមេរិក​, ស្នើ​តុលា​ការចេញ​ដីការ​ចាប់ខ្លួន​ជនជាប់ចោទ​រូបនេះ និង សុំ​ឲ្យ​តុលាការ​កែប្រែ​បទ​ចោទ​ពីបទ ហិង្សា​ដោយ​ចេតនា​តាម​មា​​ត្រា​២១៧ ទៅ​បទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ​វិញ​។​

​ចំណែក លោក​វ៉ា ពិសី មេធាវី​ការពារ​ឲ្យ​ជនជាប់ចោទ​គុយ សិទ្ធ​ស័​ក្ត​បាន​និយាយ​ដោយ​មិន​ពេញចិត្ត​ក្នុង​សវនាការ​ថា​កូនក្តី​របស់លោក​មិនបាន​ប្រព្រឹត្ត​ដូច​ការ ចោទប្រកាន់​ឡើយ ហើយ​ការចោទប្រកាន់​លើ​កូនក្តី​លោក​នៅ​មិនទាន់​គ្រប់​ចំណុច​អាច​ក្នុងការ​ដាក់ទោស​​នោះទេ​៕​ដោយ​៖​បូ​រិ​ន​/sn