តុលាការ​ថៃ​ច្រាន​ចោល​បណ្តឹង​ប្រឆាំង​នាយករដ្ឋមន្ត្រី តែ​រក្សា​ទុក​ទោស​ជាប់គុក​ពួក​អាវ​ក្រហម​

484
ចែករម្លែក

​តុលាការ​ធម្មនុញ្ញ​ថៃ​កាលពី​ថ្ងៃ​ពុធ​ទី​១១​កញ្ញា​បាន​បដិសេធ​មិន​លើកយក​បណ្តឹង​ប្រឆាំង​នាយករដ្ឋមន្ត្រី​មក​បើក​សវនាការ​ចំពោះ​ការចោទប្រកាន់​ពី​បទ​រំលោភ​រដ្ឋធម្មនុញ្ញ​​ដោយសារតែ​លោក​បាន​ដឹកនាំ​គណៈរដ្ឋមន្ត្រី​ថ្មី​ធ្វើ​សម្បថ​មុខ​ព្រះមហា​ក្សត្រ​មិន​គ្រប់​ឃ្លា​គ្រប់​វគ្គ​។​

​ការ​ស្បថសច្ចា​មុខ​ស្តេច​កាលពី​ខែ​កក្កដា ដោយ​មិន​មាន​ឃ្លា​«​ខ្ញុំ​ក៏​នឹង​រក្សា​និង​ដើរ​តាម​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​នៅ​គ្រប់​ទិដ្ឋភាព​» របស់​លោក​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ​​ចាន​អូ​ចា នាំអោយ​មាន​ការ​ចោទ​ជា​បញ្ហា​នៃ​ភាពស្របច្បាប់​របស់​រដ្ឋាភិបាល​របស់​លោក​។​

​វា​មិន​ច្បាស់​ថា​តើ​ការលុបចោល​វគ្គ​ឃ្លា​ចុងក្រោយ​នេះ​ជា​ចេតនា​ឬ​អ​ចេតនា​របស់លោក​។​

​សេចក្តីថ្លែងការណ៍​មួយ​ចេញពី​តុលាការ​កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា វា​ខ្វះ​យុត្តាធិការ​ពី​ព្រោះ​ការ​ធ្វើ​សម្បថ​នេះ​ជា​បញ្ហា​រវាង​ផ្នែក​ប្រតិបត្តិ​និង​ព្រះមហាក្សត្រ​។​វា​ក៏​បាន​និយាយថា​​ព្រះមហាក្សត្រ​ក៏​បាន​ចេញ​ព្រះរាជសារ​មួយ​កាលពី​ខែ​មុន ដោយ​លើក​ទឹកចិត្ត​អោយ​សមាជិក​គណៈរដ្ឋមន្ត្រី​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ស្រប​តាម​សម្បថ​ដែល​ពួកគេ​បានធ្វើ​។​

​ស្តេច​ថៃ​ជា​ក្សត្រ​អាស្រ័យ​ធម្មនុញ្ញ និង​មិន​មាន​តួនាទី​នយោបាយ​ទេ តែមាន​ឥទ្ធិពល​សម្បើម​ណាស់​។​

នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន​អូ​ចា ដើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ខែ​សីហា ឆ្នាំ​២០១៩

​ការសំរេច​របស់​តុលាការ​នេះ​ទំនង​ជា​ការច្រានចោល​ទុកជា​មុន​បណ្តឹង​បន្ថែមទៀត​ប្រឆាំងនឹង​លោកនាយក​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នឹង​ការលុបចោល​ឃ្លា​ក្នុង​សម្បថ​នេះ ទោះ​ជា​សភា​​ទំនងជា​ត្រូវ​ពិភាក្សា​រឿងនេះ​នៅ​ថ្ងៃ​១៨​កញ្ញា​តាម​សំណើ​បក្សប្រឆាំង​ក្តី​។​

​សូមបញ្ជាក់​ថា ករណី​នេះ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ធម្មនុញ្ញ​ក្រោយពី​អង្គការ​វិន័យ​មន្ត្រី​រដ្ឋ​មួយ​បញ្ជូន​បន្ត​បណ្តឹង​ពី​ពលរដ្ឋ​២​រូប ទៅកាន់​តុលាការ​។​ពួក​គេ​ចោទប្រកាន់​នាយក​រដ្ឋ​​មន្ត្រី​ថា​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​។​

​ខណៈ​តុលាការ​ធម្មនុញ​ច្រាន​ចោល​បណ្តឹង​ប្រឆាំង​ប្រា​យុទ្ធ តុលាការ​កំពូល​ថៃ​ក្នុង​ថ្ងៃ​ដដែល​ក៏​បាន​អះអាង​អំពី​ទោស​ជាប់គុក​៤​ឆ្នាំ​ដល់​សមាជិក​ក្រុម​អាវ​ក្រហម​ថៃ​ចំនួន​១២​នាក់​ចំ​​ពោះ​ការពាក់ព័ន្ធ​របស់​ពួកគេ​ក្នុង​កុបកម្ម​រារាំង​រំខាន​សន្និសីទ​តំបន់​មួយ​នៅ​ឆ្នាំ​២០០៩​។​

​ពួកគេ​ត្រូវបាន​តុលាការ​ជាន់​ទាប​កាត់ទោស​ជាប់គុក​៤​ឆ្នាំ​ចំពោះ​អំពើ​របស់​ពួកគេ​កាលពី​ថ្ងៃ​១១ មេសា ឆ្នាំ​២០០៩ នៅ​ពេល​ពួក​អ្នកគាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត​​ព្យាយាម​ទម្លាក់​រដ្ឋាភិបាល​របស់​គូប្រឆាំង​ដោយ​បាន​សំរុកចូល​សណ្ឋាគារ​មួយ​នៅ​ប៉ា​តា​យ៉ា ដែល​កំពុង​ទទួល​រៀបចំ​ជំនួប​កំពូល​អាស៊ាន​។​

​ពេល​នោះ​មេដឹកនាំ​អាស៊ាន​ត្រូវ​បង្ខំ​អោយ​ភៀសខ្លួន ដោយ​ខ្លះ​តាម​ឧទ្ធម្ភាគចក្រ ហើយ​ជំនួប​កំពុល​ត្រូវ​លើក​ពេល​៕​ដោយ​៖​វាសនា​

មេដឹកនាំ​អាវ​ក្រហម​ម្នាក់​និង​អ្នកគាំទ្រ​អុកឡុក​ជំនួប​កំពូល​អាស៊ាន​ឆ្នាំ​២០០៩​នៅ​ប៉ា​តា​យ៉ា​

#