តុលាការ​ថៃ​បញ្ជា​អោយ​ដោះលែង​កីឡាករ​បាល់ទាត់​ប៉ា​រ៉ែ​ន​

344
ចែករម្លែក
  • 72
    Shares

​តុលាការ​ថៃ​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​កុម្ភៈ​បាន​បញ្ជា​អោយ​ដោះលែង​កីឡា​ករបា​រ៉ែ​ន​ជា​ជនភៀសខ្លួន​នៅ​អូស្ត្រាលី បន្ទាប់​ពី​រដ្ឋអាជ្ញា​និយាយថា​ពួក​គេ​លែង​ស្វះស្វែង​ធ្វើ​បត្យាប័ន​​ជន​នេះ​ទៅ​កាន់​ប្រទេស​បា​រ៉ែ​ន នៅក្នុង​ករណី​មួយ​ដែល​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទូទាំង​ពិភពលោក​។​

​អ្នកនាំពាក្យ​តុលាការ​លោក​ស៊ូ​រី​យ៉ាន ហុង​វី​ឡាយ បាន​និយាយថា បុរស​ឈ្មោះ​ហា​គីម អាល់​-​អា​ប្រាយ​ប៊ី ដែល​រស់នៅ​និង​លេង​កីឡាបាល់ទាត់​អាជីព​នៅ​អូស្ត្រាលី កំពុង​ស្ថិត​ក្នុង​ដំណើរ​​ការដោះលែង​។​

​ក្រុម​រដ្ឋអាជ្ញា​កាលពី​ថ្ងៃ​ចន្ទ​បាន​ដាក់ពាក្យ​ទៅ​តុលាការ​ដើម្បី​សុំ​ដក​ករណី​ធ្វើ​បត្យាប័ន​អាល់​-​ប្រាយ​ប៊ី ទៅកាន់​បា​រ៉ែ​ន កន្លែង​ដែល​លោក​អាច​ជាប់គុក​១០​ឆ្នាំ​ចំពោះ​ការ​វាយ​ប្រ​​ហារ​ដុតបំផ្លាញ​លើ​ស្ថានីយ​ប៉ូលិស​។​លោក​បាន​បដិសេធ​ការចោទប្រកាន់​វាយប្រហារ​នេះ និង​ថា​ករណី​នេះ​មាន​ហេតុផល​នយោបាយ​។​

​ក្រុម​រដ្ឋអាជ្ញា​បាន​ធ្វើ​ការសំរេចចិត្ត​បន្ទាប់​ពី​ក្រសួង​ការបរទេស​ថៃ​បាន​បញ្ជូន​លិខិត​មួយ​មក​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​បញ្ជាក់ថា បា​រ៉ែ​ន​បាន​ដក​សំណើរ​សុំ​បញ្ជូន​ខ្លួន អាល់​-​ប្រាយ​ប៊ី​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​បា​រ៉ែ​ន បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា នាយករដ្ឋមន្ត្រី​បា​រ៉ែ​ន​បាន​ទូរស័ព្ទ​មក​សម​ភាគី​ថៃ លោក​ប្រា​យុទ្ធ តែ​មិន​បាន​បញ្ជាក់ថា​តើ​ការ​ទូរស័ព្ទ​នេះ​និ​​យាយ​គ្នា​អំពី​អ្វី​ទេ​។​

​អាល់​-​ប្រាយ​ប៊ី អាយុ​២៥​ឆ្នាំ ជា​អតីត​កីឡាករ​ជម្រើសជាតិ​បា​រ៉ែ​ន​។​លោក​បាន​និយាយថា​លោក​ភៀសខ្លួន​ចេញពី​ប្រទេស​កំណើត​ដោយសារ​ការគាបសង្កត់​ផ្នែក​នយោបាយ​។​ឥឡូវ​​គ្រួសារ​លោក​កំពុង​រស់នៅ​ក្រុង​មែ​ល​ប៊ឹន ប្រទេស​អូស្ត្រាលី​និង​លេង​អោយ​ក្រុមបាល់ទាត់​មួយ​។​លោក​ត្រូវបាន​ចាប់ខ្លួន​នៅ​ថៃ​ក្នុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​តាម​និវេទន៍​ក្រហម​​របស់​ប៉ូលិស​អន្តរជាតិ​៕

អាល់​-​ប្រាយ​ប៊ី បាន​ចាកចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​នៅ​ក្រុង​បាងកក​​កាលពី​ថ្ងៃ​៤​កុម្ភៈ​