តុលាការ​ថៃ​សំរេច​អោយ​បក្សប្រឆាំង​រួចផុត​ពី​ការចោទប្រកាន់​ថា​បះបោរ​ផ្តួលរំលំ​របប​រាជានិយម​

138
ចែករម្លែក

​តុលាការ​ធម្មនុញ្ញ​ថៃ​កាលពី​ថ្ងៃ​អង្គារ​ទី​២១​មករា​បាន​ដក​ចោល​ការចោទប្រកាន់​ពី​បទ​ស្វះស្វែង​ផ្តួលរំលំ​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​ប្រឆាំង​គណបក្ស​ធំ​ប​ផុត​ទី​៣​របស់​ប្រទេស​។​

​តុលាការ​បាន​សំរេច​ថា គណបក្ស​អនាគត​ឆ្ពោះទៅមុខ​(FFP)​មិន​បាន​បង្ហាញ​ចេតនា​ប្រព្រឹត្ត​បទល្មើស​ទេ រីឯ​បណ្តឹងសុំ​រំលាយ​គណបក្ស​នេះ​មិន​ស្រប​តាម​នីតិ​​វិធី​ច្បាប់​ទៀត​។​

​ទោះជា​យ៉ាងណា គណបក្ស​ប្រឆាំង​មួយ​នេះ​នៅតែ​ប្រឈម​ការរំលាយចោល​ក្រោម​ការចោទប្រកាន់​មួយ​ទៀត​ថា​វា​រំលោភ​ច្បាប់​បោះឆ្នោត ដោយសារ​តែ​គណបក្ស​​បាន​ខ្ចី​លុយ​ពី​មេដឹកនាំ​របស់​ខ្លួន​មក​ចាយវាយ​លើ​ការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​។​

​គណបក្ស​នេះ​ទើប​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៨ ក្នុងអំឡុងពេល​ប្រទេស​ថៃ​កាន់កាប់​ដោយ​យោធា តែ​ដណ្តើម​បាន​ការគាំទ្រ​ភ្លាមៗ ជាពិសេស​ក្នុងចំណោម​​អ្នកបោះឆ្នោត​ក្មេងៗ ដោយសារ​តែ​ហ៊ាន​និយាយ​ប្រឆាំងនឹង​យោធា​ដ៏​មាន​ឥទ្ធិពល​។​

​បណ្តឹងសុំ​រំលាយ​គណបក្ស​FFP​នេះ​ប្តឹង​ដោយ​មេធាវី ណាត​ថា​ផន តូ​ប្រា​យូ​ន ។​វា​សំអាង​លើ​សេចក្តីថ្លែងការណ៍​របស់​ពួក​មន្ត្រី​បក្ស​ដែល​ថា​ពួកគេ​រិះគន់​ប្រពៃណី​ថៃ ​និង​បាន​ចង្អុល​ទៅកាន់​ឡូហ្គោ​គណបក្ស​រាង​ត្រីកោណ​ផ្កាប់ ដែល​តំណាងអោយ​ក្រុម​អ៊ី​លូ​មីណា​ទី​(Illuminati)​ដែល​បាន​ព្យាយាម​ផ្តួលរំលំ​របប​រាជានិយម​អឺរ៉ុប​​កាល​ពី​សតវត្សរ៍​ទី​១៨​។​

​វា​គ្រាន់តែ​ជា​ករណី​មួយ​ប្រឆាំង​នឹង​បក្សប្រឆាំង​និង​មេដឹកនាំ​របស់​គណបក្ស​មួយ​នេះ​។​កាលពី​ខែ​វិច្ឆិកា តុលាការ​ធម្មនុញ្ញ​បាន​ដក​តំណែង​សភា​របស់ ប្រធាន​បក្ស​FFP​លោក​ថា​ណា​ថន ដោយសារ​មាន​បណ្តឹង​មួយ​ថា​លោក​រំលោភ​ច្បាប់​បោះឆ្នោត​។​

​ទោះ​ជា​លើក​នេះ​រួច​ផុត តែ​មាន​ការរំពឹង​ទុក​ជា​ទូទៅ​ថា គណបក្ស​នេះ​មុន​និង​ក្រោយ​នឹងត្រូវ​រំលាយចោល ហើយ​មេដឹកនាំ​របស់​វា​នឹង​ត្រូវ​ហាម​មិនអោយ​ធ្វើ​​នយោបាយ​ជាច្រើន​ឆ្នាំ​។​

​ការសំរេច​របស់​តុលាការ​កាលពី​ថ្ងៃ​អង្គារ ក៏​បាន​បញ្ជា​អោយ​គណបក្ស​FFP​កែប្រែ​បញ្ញត្តិ​និង​លក្ខន្តិក្កៈ​របស់​ខ្លួន​អោយ​កាន់តែ​ច្បាស់​ឡើង​ដើម្បី​អោយស្រប​នឹង​​ការ​ចែងថា គណបក្ស​នយោបាយ​មួយ​មិន​ត្រូវ​ប្រឆាំង​នឹង​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​៕​ប្រែ​សម្រួល​៖​វាសនា​

មេដឹកនាំ​បក្ស FFP​លោក​ថា​ណា​ថន(ឆ្វេង) ថត​ជាមួយ​សមាជិក​បក្ស​នៅ​ស្នាក់ការ​បក្ស​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​២១​មករា មុន​តុលាការ​សំរេច​ក្តី​