តុលាការ​ថៃ ទទួលយក​បណ្តឹង​ប្រឆាំង​នាយករដ្ឋមន្ត្រី​និង​មេដឹកនាំ​បក្សប្រឆាំង​

628
ចែករម្លែក

​តុលាការ​ធម្មនុញ្ញ​ថៃ​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​កក្កដា​បាន​ទទួលយក​បណ្តឹង​ប្រឆាំង​នាយករដ្ឋមន្ត្រី និង​មេ​បក្ស​ប្រឆាំង​២​រូប នៅក្នុង​ករណី​ដែល​អាច​ទម្លាក់​ពួកគេ​ចេញពី​មុខតំណែង​។​

​តុលាការ​បាន​និយាយថា ខ្លួន​បាន​ទទួលយក​បណ្តឹង​មួយ​ប្រឆាំង​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន​អូ​ចា ដែល​ប្តឹង​ដោយ​សមាជិក​សភា​១១០​រូប​ដែល​ស្វះស្វែង​ទម្លាក់​រូបលោក ដោយសារ​​តែ​លោក​កាន់តំណែង​រដ្ឋាភិបាល​មួយទៀត គឺ​មេដឹកនាំ​របប​យោធា​។​

​តុលាការ​ក៏​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​ខ្លួន​ក៏​បាន​ទទួលយក​បណ្តឹង​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ លោក​ថា​ណា​ថន រឿង​រុងរឿង​គិត និង​លោក ពី​យ៉ា​ប៊ុត ស៊ែ​ង​កាន់​ណូគ​ល់ ដែល​រង​ការចោទប្រកាន់​ថា​ប៉ុនប៉ង​ផ្តួលរំលំ​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​។​

​តុលាការ​ទុកពេល​អោយ​ចុង​ចម្លើយ​១៥​ថ្ងៃ​ដើម្បី​ដាក់​ការតវ៉ា​របស់​គេ តែ​មិន​បាន​បញ្ជាក់ថា​តើ​នឹង​បើក​សវនាការ​នៅ​ពេល​ណា​ទេ​។​

​លោក​ពី​យ៉ា​ប៊ុត អគ្គលេខា​គណបក្ស​អនាគត​ឆ្ពោះទៅមុខ បាន​និយាយ​តាម​បណ្តា​ម​សង្គម​ហ្វេ​សប៊ុក​កាលពី​យប់​ថ្ងៃ​សុក្រ​ថា គណបក្ស​របស់​លោក​មិន​បាន​ព្យាយាម​ផ្តួលរំលំ​របប​​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​ទេ និង​បាន​ចោទប្រកាន់​រដ្ឋប្រហារ​យោធា​ថា​បាន​បំផ្លាញ​ប្រព័ន្ធ​រដ្ឋាភិបាល​របស់​ថៃ​។​

​ក្នុងពេល​ជាមួយគ្នា តុលាការ​បាន​និយាយថា ខ្លួន​នឹង​មិន​ព្យួរ​ការងារ​លោក​ប្រា​យុទ្ធ​ទេ ក្នុងពេល​ខ្លួន​ពិចារណា​ករណីនេះ ដោយសារ​លោក​មិន​ជា​ការ​គំរាម​បំផ្លាញ​ភស្តុតាង​និង​អ្នក​​ប្តឹង​ក៏​មិន​ទាមទារ​អោយ​ព្យួរ​តំណែង​លោក​ដែរ​។​

​សូមបញ្ជាក់​ថា កាលពី​ខែ​ឧសភា តុលាការ​ដដែល​នេះ​បាន​ព្យួរ​ការងារ​សភា​របស់​លោក​ថា​ណា​ថន​ក្រោយ​ពី​ខ្លួន​បាន​យល់ព្រម​ពិចារណា​លើ​បណ្តឹង​មួយ​ប្រឆាំង​លោក ពាក់ព័ន្ធ​ការ​​កាន់កាប់​ភាគហ៊ុន​ក្នុងពេល​ឈរឈ្មោះ​សំរាប់​អាសនៈ​សភា​៕​ដោយ​៖​វាសនា​

លោក​ប្រា​យុទ្ធ ទើប​ចូល​កាន់​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​បាន​ពីរ​បី​ថ្ងៃ ក៏​រង​បណ្តឹង​មួយ​បាត់ទៅហើយ​