តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង លោក សួន សេរី​រដ្ឋា នៅ​រសៀល​ថ្ងៃនេះ

802
ចែករម្លែក

(​ភ្នំពេញ​) ៖ ស​វន​ការជំនុំជម្រះ​រឿងក្ដី លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បានបញ្ចប់​នៅ​ជិត​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧​ ហើយ​លោក​ចៅក្រម រស់ ពិសិដ្ឋ បានសម្រេច​ថា នឹង​ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃ២៥សីហានេះ​។​


​ ជាមួយគ្នានេះ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ នៅ​តម្កល់​ការចោទប្រកាន់​ទាំង​៣​បទល្មើស​ដដែល នៅក្នុង​សំណុំរឿង​មួយ​នេះ​។​

​សូមបញ្ជាក់ថា លោក សួន សេរី​រដ្ឋា ត្រូវបាន លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ជំនុំជម្រះ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែសីហា ក្រោម​ការចោទប្រកាន់​ចំនួន​៣​បទល្មើស ក្នុងនោះ​រួមមាន បទ​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ តាម​បញ្ញត្តិ​មាត្រា​៤៧១ នៃ​ក្រមព្រហ្មទណ្ឌ បទ​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា​៤៧២​នៃ​ក្រមព្រហ្មទណ្ឌ និង បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា​៤៩៤​និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​៕ដោយ៖វិបុល/sn