តុលាការ​បញ្ជូន​លោក​ញឹក ប៊ុនឆៃ​ទៅ​ស្នងការ​វិញ ហើយ​បន្ត​សាកសួរ​នៅ​ថ្ងៃស្អែក​ទៀត​

266

(​ភ្នំពេញ​)៖ លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​និង អតីត​ទីប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៧ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម​ធ្វើការ​សាកសួរ​អំពី​ដំណើររឿង​ពាក់ព័ន្ធ​ការកែច្នៃ និង​ផលិត​ថ្នាំញៀន នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ឆ្នាំ​២០០៧​។​

​បន្ទាប់ពី​សាកសួរ​រួច សមត្ថកិច្ច​បាន​នាំខ្លួន​លោក​ញឹក ប៊ុនឆៃ ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅកាន់​ស្នងការ​នគរបាល​រាជធានី​​ភ្នំពេញ​វិញ​។ ហើយ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែសីហា នឹង​បញ្ជូន​ខ្លួន​លោក​ញឹក ប៊ុនឆៃ មក​តុលាការ​ម្តងទៀត​ដើម្បី​បន្ត​ការសាកសួរ​។​

​លោក​លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​នៅ​ល្ងាច​ថ្ងៃទី​០៥ ខែសីហា ថា​បន្ទាប់ពី​អយ្យការ​បានទទួល​​សំណុំរឿង និង​ជនសង្ស័យ​ឈ្មោះ ញឹក ប៊ុនឆៃ ហើយ​បាន​ដំណើរការ​នីតិវិធី​សាកសួរ​រួមការ​ពិនិត្យ​ឯកសារ​ពាក់​ព​ន្ធ័​នានា អយ្យការ​នឹង​បន្ត​​ចំណាត់ការ​នៅ​ថ្ងៃស្អែក​ទៀត (០៦ សីហា​) ដើម្បី​សម្រេច​អំពី​រឿងនេះ ដោយ​រក្សា​ជនសង្ស័យ​នៅ​អង្គភាព​មន្ត្រីនគរបាល​យុត្តិធម៌​៕ដោយៈ មុនី​រ័ត្ន​/sn