តុលាការ​ប៉ា​គី​ស្ថាន​កាត់ទោស​ប្រហារជីវិត​អតីត​មេដឹកនាំ​យោធា​ប៉ា​គី​ស្ថាន​

333
ចែករម្លែក

តុលាការ​ប៉ា​គី​ស្ថាន​មួយ​បាន​កាត់ទោស​ដោយ​កំបាំង​មុខ​ប្រហារជីវិត​អតីត​មេ​ផ្តាច់ការ​យោធា​និង​អតីត​ប្រធានាធិបតី ពែរ​វេស មូ​សារ៉ាហ្វ ដោយ​បាន​បញ្ចប់​ដំណើរការ​ជម្រះក្តី​​អំពី​ការ​ក្បត់ជាតិ​អស់​ពេល​៦​ឆ្នាំ​ប្រឆាំង​រូប​លោក​ដោយសារ​តែ​លោក​បាន​ព្យួរ​រដ្ឋ​ធម្មនុញ្ញ​នៅ​ឆ្នាំ​២០០៧​។​

អតីត​មេ​ផ្តាច់ការ​យោធា​និង​អតីត​ប្រធានាធិបតី ពែរ​វេស មូ​សារ៉ាហ្វ

​លោកមូ​សារ៉ាហ្វ ដែល​បាន​ស្ថិត​នៅ​ក្រុង​ឌុយ​បៃ​ចាប់តាំងពី​ឆ្នាំ​២០១៦​ដើម្បី​ព្យាបាល​ជម្ងឺ មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​កំពូល ។​

​វា​ជា​លើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​៧២​ឆ្នាំ​របស់​ប៉ា​គី​ស្ថាន ដែល​មេដឹកនាំ​យោធា​ម្នាក់ ត្រូវបាន​កាត់ទោស​ចំពោះ​ការ​ក្បត់ជាតិ ដោយសារ​តែ​ដាក់​ប្រើ​ច្បាប់​គ្រា​អាសន្ន និង​ព្យួរ​​ច្បាប់​រដ្ឋធម្មនុញ្ញ​នៅ​ឆ្នាំ​២០០៧​។​

​កាលពី​នៅ​ជា​មេ​ទ័ព​របស់​ប្រទេស លោកមូ​សារ៉ាហ្វ បាន​ទម្លាក់​រដ្ឋាភិបាល​របស់​លោក ណា​វ៉ាស សារីហ្វ នៅ​ឆ្នាំ​១៩៩៩​និង​បន្ទាប់មក​បាន​ក្លាយជា​ប្រធានាធិបតី​យោធា​របស់​ប្រទេស​។​​លោក​ជា​សម្ពន្ធមិត្ត​របស់​អាម៉េរិក​ក្រោយ​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃ​១១​កញ្ញា​នៅ​ក្រុង​ញូវយ៉ក រហូតដល់​ពេល​ត្រូវ​បង្ខំ​អោយ​ចុះចេញ​ពី​តំណែង​នៅ​ឆ្នាំ​២០០៨ ដើម្បី​ជៀសវាង​ការ​ចោទ​​ទោស​ទម្លាក់​តំណែង​ពី​សភា​។​

​លោក​សារីហ្វ បាន​ប្តឹង​ពី​បទ​ក្បត់ជាតិ​ប្រឆាំង​លោកមូ​សារ៉ាហ្វ ក្រោយពី​លោក​បាន​វិល​មក​កាន់​តំណែង​វិញ​នៅ​ឆ្នាំ​២០១៣​។​

​តុលាការ​ប្រឆាំង​ភេរវកម្ម​មួយ ក៏​បាន​ប្រកាស​ថា​លោកមូ​សារ៉ាហ្វ ជា​ជន​រត់គេចខ្លួន​ពី​ច្បាប់​និង​បាន​បញ្ជា​អោយ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក ក្នុង​ករណី​ឃាតកម្ម​លើ​រូប​អតីត​​នាយករដ្ឋមន្ត្រី បេណា​ហ្ស៊ី ប៊ូ​តូ​។​

​តាមពិត មូ​សារ៉ាហ្វ មិន​ដែល​ចូលរួម​ក្នុង​សវនាការ​នៅ​តុលាការ​ទេ ដោយសារ​អ្វី​ដែល​ក្រុម​មេធាវី​របស់​លោក​អះអាងថា សុខភាព​ទន់ខ្សោយ​របស់លោក​។​កាលពី​ខែ​មុន ចេញពី​​គ្រែពេទ្យ​នៅ​ឌុយ​បៃ លោក​បាន​និយាយ​ផ្តាំ​តាម​វីដេអូ​មួយ​ថា លោក​មិន​ទទួលបាន​សវនាការ​ដោយ​យុត្តិធម៌​ទេ ក្នុង​បណ្តឹង​ដែល​រដ្ឋាភិបាល​ប្តឹង​លោក​នៅ​ឆ្នាំ​២០១៣​។​បើ​តាម​អតីត​​មេទ័ព​រូបនេះ លោក​បាន​បំរើ​ប្រទេស​ប្រទេស និង​បាន​ធ្វើ​ការសំរេចចិត្ត​ដើម្បី​ជា​គុណប្រយោជន៍​ជាតិ​៕​ដោយ​៖​វាសនា​