តុលាការ​ប៉ា​គី​ស្ថាន កំពុង​វាយតម្លៃ​លើ​ការអះអាង​អំពី​ទ្រព្យសម្បត្តិ​របស់​នាយក​រដ្ឋមន្ត្រី

1147
ចែករម្លែក

​ពេលនេះ​តុលាការ​កំពូល​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​កំពុង​ពិចារណា​ការចោទប្រកាន់​ករណី​ពុករលួយ លើ​នាយករដ្ឋមន្ត្រី ណា​វ៉ា​ហ្ស សារី​ហ្វ (Nawaz Sharif) ស្របពេល​ដែលមាន​សម្ពាធ​កាន់តែខ្លាំង ជុំវិញ​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​លោក​។​

​យោងតាម​ប៊ី​ប៊ី​ស៊ី ញូ​ស ចុះផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែកក្កដា បានឱ្យដឹងថា ចំណាត់ការ​នេះ​ធ្វើឡើង បន្ទាប់ពី​ក្រុម​ស៊ើបអង្កេត​និយាយថា ក្រុមគ្រួសារ​របស់លោក​មិនបាន​ពន្យល់​បកស្រាយ​ជុំវិញ​ប្រភព​ទ្រព្យ សកម្ម​ហិរញ្ញវត្ថុ​របស់ខ្លួន​។​

​ការស៊ើបអង្កេត​នេះ​បានចាប់ផ្តើម​នៅពេល​ឯកសារ​សម្ងាត់​ទម្លាយ​ដោយ Panama Papers បាន​ភ្ជាប់​កូនៗ​របស់លោក​ទៅនឹង​ក្រុមហ៊ុន​ក្រៅប្រទេស​ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ទិញ​ផ្ទះ​លែ្វ​ង​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​។​

​ប្រការនេះ​បានធ្វើឱ្យ​មានការ​សង្ស័យ​កាន់តែខ្លាំង​ឡើង​ថា​ក្រុមហ៊ុន​ទាំងនោះ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​លាង​ទ្រព្យសម្បត្តិ​ដែល​បាន​ដោយ​មិន​សុច្ចរិត ជាការ​អះអាង​ដែល​លោក​ណា​វ៉ា​ហ្ស សារី​ហ្វ​បាន​បដិសេធ យ៉ាង​ដាច់អហង្ការ​។​

​លោក​អះអាងថា អចលនទ្រព្យ​នៅ​ទីក្រុង​ឡុង​ដ៍ គឺ​ទិញ​ដោយ​ស្របច្បាប់​ហើយ​ថា រូបលោក​ផ្ទាល់ មិនមែនជា​ម្ចាស់​អចលនទ្រព្យ​ទាំង​នោះទេ​។ ប៉ុន្តែ​បញ្ហា​នេះ​កំពុង​ប្រែក្លាយ​ទៅជា​បញ្ហា​ប្រឈម ដ៏​ធំ​សម្រាប់​លោក​។ ក្រុមប្រឆាំង​បាន​ចោទប្រកាន់ថា​ក្រុមគ្រួសារ​របស់លោក​បាន​ប្រើ​ឥទ្ធិពល នយោបាយ​របស់ខ្លួន​ដើម្បី​ទទួលបាន​ទ្រព្យសម្បត្តិ​ដោយ​មធ្យោបាយ​ខុសច្បាប់​ហើយ​កំពុងតែ​អំពាវនាវ ឱ្យ​លោក​លាលែង​ពី​តំណែង​។​

​រហូតមកទល់​ពេលនេះ​លោកនាយក​រដ្ឋមន្ត្រី ណា​វ៉ា​ហ្ស សារី​ហ្វ នៅតែ​បដិសេធ​ដដែល ហើយ​លោក​បានចាត់ទុក​របាយ​ការណ៍​របស់​ក្រុម​ស៊ើបអង្កេត​ថា​ជា “​ការចោទប្រកាន់​និង​ការសន្និដ្ឋាន​”​។​ ​ការសម្រេច​របស់លោក​នៅ​បន្ត​កាន់អំណាច​ដដែល​ត្រូវបាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​សហព័ន្ធ​កាលពី​សប្តាហ៍​មុន​៕ ​ប្រែ​សម្រួលៈ ខុម​

នាយករដ្ឋមន្ត្រី ណា​វ៉ា​ហ្ស សារី​ហ្វ​ ដែល​កំពុង​រង​ការស៊ើបអង្កេត​ទាក់ទិន​ការអះអាង​នេះ​
អ្នកស្រី ម៉ា​រី​យ៉ា​ម កូនស្រី​របស់លោក ណា​វ៉ា​ហ្ស សារី​ហ្វ ដែល​កំពុង​រង​ការស៊ើបអង្កេត​ទាក់ទិន​ការអះអាង​នេះ​