តុលាការ​ប្រគល់​នគរ​បាល​៣​នាក់​ពាក់ព័ន្ធ​រត់ការ​ដោះលែង​ចិន​ឱ្យទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

447
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែ​ខែកក្កដា​ឆ្នាំ​២០១៩​លោក​សាយ​ណូ​រ៉ា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ប្រគល់ មន្ត្រីនគរបាល ៣​នាក់ ដែល​ពាក់ព័ន្ធ​ករណី​រត់ការ និង​អន្ដរាគមន៍​ឱ្យមាន​ការដោះលែង​ជនជាតិ​ចិន​ចំនួន ១៨​នាក់​។​

ជា​ក្រុម​ចាប់ជំរិត​តាម Online ដែល​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ​ទើបតែ​ចាប់ខ្លួនបាន នៅក្នុង​ឃ្លាំង​មួយកន្លែង​ក្នុង​ចម្ការ​ស្វាយចន្ទី នៅក្នុង​ខេត្តកំពង់ស្ពឺ​ឱ្យទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​ចាត់ការ​ដើម្បី​ស្វែងរក​អ្នកពាក់ព័ន្ធ​ដទៃ​ផ្សេងទៀត​។​

គួររំលឹកថា​នៅវេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​បញ្ជូន​មន្ដ្រីនគរបាល​៣​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ក្នុងនោះ​មានឈ្មោះ​សឿន​សុថា​ឋានន្ដរស័ក្ដិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​មុខងារ​អនុប្រធាននាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។​

ឈ្មោះ​រ័ត្ន​ពិន​ជា​វរសេនីយ៍ត្រី​បម្រើ​ការងារ​នៅក្នុង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​និង​ម្នាក់ទៀត​ឈ្មោះ​វណ្ណ​សុភាពជា​មន្ត្រីនគរបាល​បម្រើ​ការងារ​នៅ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ។​

​ដើមចម​ដែលនាំឱ្យ​មានការ​ឃាត់ខ្លួន​មន្ដ្រីនគរបាល​៣​នាក់​នេះ​បានកើត​ឡើង​ក្នុងខណៈ​ពេលដែល​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ផែន​អន្តោ​ប្រវេ​សន្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ និង​អាជ្ញាធរ​ស្រុក​បសេដ្ឋ ដោយមាន​ការសម្របសម្រួល​ពី​លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​។សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​មួយកន្លែង​ក្នុង​ចម្ការ​ស្វាយ​របស់​មេធាវី ហេ ជីវ​អេង​ដែល បាន​ជួល​ឱ្យទៅ​ឈ្មោះ រ័ត្ន ពិន ស្ថិតនៅ​ភូមិ​ចារ ឃុំ​ស្វាយចចឹប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

Facebook Page អគ្គនាយកដ្ឋាន អន្តោ​ប្រវេ​សន្ត ចេញ ផ្សាយ កាលពី យប់ ថ្ងៃ ទី ១៧ ខែ កក្កដា ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​នា​វេលា​ម៉ោង​១០៖៩​នាទី​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៩​ឃាត់ខ្លួន​ជនបរទេស​ចំនួន ១៨​នាក់ មាន​សញ្ជាតិ ចិន​៦​នាក់ , ចិនតៃវ៉ាន់​១២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត ទារប្រាក់​តាម​ប្រព័ន្ធ​អ៉ី​ន​ធើ​ណេ​ត (VOIP)​។​

​សមត្ថកិច្ច​ធ្វើការ​ដកហូត​សម្ភារៈ​មួយចំនួន​រួមមាន ទូរស័ព្ទដៃ ម៉ាក អាយ​ហ្វូ​ន ចំនួន ២១​គ្រឿង​, អុ​បពូរ ១​គ្រឿង​, សាំ​ស៊ុ​ង​១​គ្រឿង​,​ណូគា​៦​គ្រឿង​, អាយ​ផេ​ត​៤​គ្រឿង​,​កុំព្យូទ័រ​លេប​ថប់​៥​គ្រឿង​, ឌែ​ស​ថប់ ១​គ្រឿង​, ព្រី​ន​ធើ​២​គ្រឿង​, ដុំ​Wifi ២​គ្រឿង​, ស្ទិ​ក​ឃើ​១​គ្រឿង​, ទូរស័ព្ទ​លើ​តុ ៣៣​គ្រឿង (​ថ្មី ៨​គ្រឿង​), អាយកូម​៦​គ្រឿង​, លុយ​ដុល្លារ​ក្លែងក្លាយ​២​ដុំ (៥២​សន្លឹក​) ។​

​ក្រោយ​ការឃាត់ខ្លួន​ជនបរទេស​ចំនួន​១៨​នាក់​នេះ​រួចមក​មន្ដ្រីនគរបាល​៣​នាក់​នេះ​បានទទួល​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​រត់ការ​ដោះលែង​ជនបរទេស​ចំនួន​១៨​នាក់​នេះ​ឱ្យមាន​សេរីភាព​ទើប​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មន្ដ្រីនគរបាល ៣​នាក់​នេះ​វិញ​៕S/​