តុលាការ​ផ្តន្ទាទោស​លោក ផែង វណ្ណៈ ១​ឆ្នាំ តែ​អនុវត្ត​ន៍ទោស​ត្រឹម​២​ខែ​១៥​ថ្ងៃ ត្រូវ​ដោះលែង​នៅ​ថ្ងៃស្អែក​

593
ចែករម្លែក

ដោយ​:​ឆាយា​នាថ​/​ភ្នំពេញ​ ៖ ​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនានេះ លោក លី សុខ​លេង ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក ផែង វណ្ណៈ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បីល្បាញ​មួយរូប ដាក់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ តែ​អនុវត្ត​ន៍ទោស​ត្រឹម​២​ខែ​១៥​ថ្ងៃ​ប៉ុណ្ណោះ និង ពិន័យ​៤​លាន​រៀល​ចូល​ថវិការដ្ឋ ពាក់​បទល្មើស​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៤​មាត្រា​៤៩៥​និង​មាត្រា​៣០៥​នៃ​ក្រមព្រហ្មទណ្ឌ តាម​បណ្តឹង​របស់លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។

​គិត​រយៈពេល​នៃ​ការឃុំខ្លួន​លោក ផែង វណ្ណៈ កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ គឺលោក ផែង វណ្ណៈ នឹងត្រូវ​ដោះលែង​ឲ្យមាន​សេរីភាពឡើងវិញ នៅ​ថ្ងៃទី​១៨ ខែមិថុនា ស្អែក​នេះ ។​

ទន្ទឹមនេះដែរ តុលាការ​ក៏បាន​ផ្តន្ទាទោស​លោក ផែង វណ្ណៈ ដោយ​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល និងសង​សំណង​១០០​រៀល ដល់​អង្គភាព​សារព័ត៌មាន Fresh News ផងដែរ ។


​សូមបញ្ជាក់ថា ក្នុងពេល​សវនាការ​ក​ន្ល​ង​មក លោក ផែង វណ្ណៈ បាន​សារភាព​ទោសកំហុស​របស់ខ្លួន ដោយ​ស្នើសុំ​តុលាការ​ដោះលែង ព្រោះ​បញ្ហា​សុខភាព ក្រោយ​បានធ្វើ​លិខិត​សុំទោស​សម្តេច​តេ​ជោ ហ៊ុន សែន ផងដែរ ។​

លោក​ផែង វណ្ណៈ សរសេរ​ក្នុង​លិខិត​សុំទោស​ថា “​ខ្ញុំ​មានការ​សោកស្តាយ​ជា​ពន់ពេកនូវ​កំហុសឆ្គង​កន្លងមក និងសុំ​ការខន្តី​អភ័យទោស​ពីស​ម្តេច​តេ​ជោ នូវ​អ្វីដែល​ខ្ញុំ​បាន​សរសេរ​ព័ត៌មាន​ប្រៀបធៀប​មិន​សមរម្យ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​”​។​

ជា​និពន្ធ​នាយក​សារព័ត៌​មានខ្លួន​ឯង​ផង​នោះ លោក ផែង វណ្ណៈ បន្តថា “​សូម​សម្តេច​តេ​ជោ មេត្តា​យោគយល់ សណ្តោស​ប្រណី​នូវ​កំហុសឆ្គង ដើម្បីឲ្យ​ខ្ញុំ​បាន​ជួបជុំ​ក្រុមគ្រួសារ ព្រមទាំង​បាន​ឆាប់​ទៅ​បន្ត​ព្យាបាល​ជំងឺ​ប្រចាំកាយ​”​៕B/Ha

#