តុលាការ​ពិភពលោក​បញ្ជា​ឱ្យ​អាមេរិក​ធានាថា ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​មិន​ប៉ះពាល់​ដល់​ជំនួយ​មនុស្សធម៌​

893
ចែករម្លែក

​តុលាការ​ពិភពលោក​កាលពី​ថ្ងៃ​ពុធ​ទី ៣ ខែតុលា​បាន​បញ្ជា​ឱ្យ​សហរដ្ឋអាមេរិក​ធានាថា ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​អ៊ីរ៉ង់ ដែល​នឹង​រឹតបន្តឹង​នៅ​ខែក្រោយ មិន​ប៉ះពាល់​ដល់​ជំនួយ​មនុស្សធម៌​ឬ​សុវត្ថិភាព​អាកាសចរណ៍​ស៊ីវិល​។​

​ចៅក្រម​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បានប្រគល់​ជ័យជម្នះ​ដល់​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់ ដែល​បាន​អះអាងថា ការដាក់ទណ្ឌកម្ម​ដែល​បាន​ដាក់ចេញ​ចាប់តាំងពី​ខែឧសភា​ដោយ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​រំលោភ​លើ​លក្ខខណ្ឌ​នៃ​សន្ធិសញ្ញា​មិត្តភាព​ឆ្នាំ ១៩៥៥ រវាង​ប្រទេស​ទាំង​២​។​

​ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក ម៉ៃ ផ​ម​ផេ​វ បាន​ច្រានចោល​សេចក្តីសម្រេច​នេះ​។ លោក​បាន​និយាយថា​តុលាការ​របស់​អង្គការសហប្រជាជាតិ ដែល​គេ​តែង​ហៅថា “​តុលាការ​ពិភពលោក​” មិនមាន​យុត្តាធិការ​លើ​ទណ្ឌកម្ម ដែល​លោក ផ​ម​ផេ​វ​និយាយថា​មាន​សារៈសំខាន់​ចំពោះ​ផលប្រយោជន៍​សន្តិសុខរ​បស់​អាមេរិក ហើយ​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង “​រំលាយ​” សន្ធិសញ្ញា ដែល​គេ​មិនសូវ​ស្គាល់ ជាមួយ​អ៊ីរ៉ង់​។​

​លោក​ផ​ម​ផេ​វ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​និយាយ​ដោយស្មោះ នេះ​គឺជា​ការសម្រេចចិត្ត ដែល​ផុតកំណត់ ៣៩ ឆ្នាំ​ហើយ​។ អ៊ីរ៉ង់​កំពុង​រំលោភបំពាន​លើ​តុលាការ​យុត្តិធម៌​អន្តរជាតិ​សម្រាប់​គោលបំណង​នយោបាយ​និង​ឃោសនា ហើយ​ដូចដែល​អ្នក​អាច​មើលឃើញ​ពី​សេចក្តីសម្រេច​នេះ​អ៊ីចឹង ករណី​របស់​ពួកគេ​គឺ​ខ្វះខាត​លក្ខណៈសម្បត្តិ​ច្រើន​”​។

​លោក​ផ​ម​ផេ​វ​បាន​និយាយថា​សហរដ្ឋអាមេរិក​បាន​ចាត់វិធានការ​ជាច្រើន​រួចទៅហើយ​ដើម្បី​ធានាថា​ការដាក់ទណ្ឌកម្ម​ដែល​ខ្លួន​មានបំណង​រឹតបន្តឹង​នៅ​ខែក្រោយ មិន​ប៉ះពាល់​ដល់​ជំនួយ​មនុស្សធម៌ ដោយ​មិន​គិតពី​សេចក្តីសម្រេច​របស់​តុលាការ​។​

​ដីកា​របស់​តុលា​ការដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣​តុលា​គឺជា​កំពុង​ពន្យារ​បណ្តោះអាសន្ន​នូវ​បណ្តឹង​ពេញលេញ​របស់​អ៊ីរ៉ង់​ប្រឆាំងនឹង​វ៉ាស៊ីនតោន​ដោយ​តុលាការ ICJ ដែលជា​អ្វីមួយ​អាច​ចំណាយពេល​រាប់​ឆ្នាំ​ឯណោះ​។​

​ក្រសួងការបរទេស​អ៊ីរ៉ង់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​សេចក្តីសម្រេច​នេះ​បានបង្ហាញ​ជាថ្មី​ម្តង​ទៀតថា​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​គឺ​ត្រឹមត្រូវ ហើយ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​លើ​ប្រជាជន​និង​ពលរដ្ឋ​នៃ​ប្រទេស​របស់​យើង​គឺ​ខុសច្បាប់​និង​ឃោរឃៅ​”​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមទៀតថា “​សហរដ្ឋអាមេរិក​ត្រូវតែ​គោរព​តាម​ការប្តេជ្ញា​ចិត្តជា​អន្តរជាតិ​របស់ខ្លួន​និង​លុបចោល​ឧបសគ្គ​ចំពោះ​ពាណិជ្ជកម្ម​របស់​អ៊ីរ៉ង់​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង ប្រធានាធិបតី​អ៊ីរ៉ង់ ហាស​សាន់ រូ​ហា​នី