តុលាការ​មិនទាន់​សម្រេច​ការសុំ​នៅក្រៅ​ឃុំ​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​២​រូប​

440

(​ភ្នំពេញ​)៖​លោក​កែវ វាន្នី មេធាវី​កា​ពារ​ក្តី​ឲ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​២​រូប​ដែល​ជាប់ឃុំ​នៅ​ពន្ធនាគា​ពីបទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត​មាន​ជាអាទិ៍​ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ​បានដាក់​ពាក្យសុំ​ឲ្យ​កូនក្តី​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​២៧​ខែវិច្ឆិកា តែ​រហូតមក​​ដល់​ថ្ងៃទី​២​ខែធ្នូ​លោក​ចៅក្រម​ពេជ្រ វិជ្ជាធរ មិនទាន់​ឆ្លើយតប​ទេ​។​

​យោងតាម​មាត្រា​៤៤៥​នៃ​ក្រមព្រហ្មទណ្ឌ​ឃើញថា​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​២​រូបនេះ​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំ​ដល់​១៥​ឆ្នាំ​បើសិនជា​តុលាការ​រកឃើញថា​មាន​ពិរុទ្ធភាព​ដូច​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់​នេះ​មែន​។​

​លោក អ៊ួ​ន ឈិន និង លោក យាង សុជា​មេត្តា​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៤ វិច្ឆិកា​នៅក្នុង​​បន្ទប់​ជួល​នៃ​សណ្ឋាគារ ម៉ា​រ៉ា​ឌី ស្ថិតក្នុង​ខណ្ឌមានជ័យ ជិត​គល់​ស្ទឹងមានជ័យ ក្រុងភ្នំពេញ​ពាក់ព័ន្ធ​លួច​ផលិត​ព័ត៌មាន ផ្ញើ​ឲ្យ​វិទ្យុ​អាស៊ីសេរី ដែលមាន​ការិយាល័យ​នៅ​រដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ប្រសិន​អ្នក​ទាំងពីរ ពុំបាន​ប្រព្រឹត្តិ​បទល្មើស​ទេ​ប្រាកដ​ណាស់​​ពួកគេ​នឹងមាន​សេរីភាព​ដូច​ធម្មតា​វិញ​។ ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ ហាក់​មិន​ប្រាកដ​ទេ​ថា ប្រសិនបើ​សមត្ថកិច្ច​ពិនិត្យ​ទៅ​មាន​បទល្មើស​​នោះ ពួកគេ​នឹងត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​បែបណា​។​

​លោក​សុខ ឥសាន​មានប្រសាសន៍​ដូច្នេះ​ថា «​ខ្ញុំ​យល់ថា​ការពិត​នៅតែ​ជាការ​ពិត​ទេ​បើសិនណា​ជា​លោក​ទាំងពីរ​នាក់​ហ្នឹង​មិនមាន​ពាក់ព័ន្ធ​​នឹង​បញ្ហា​ចោទប្រកាន់​ពី​អាជ្ញាធរ​ទេ ខ្ញុំ​យល់ថា​អត់​មាន​បញ្ហា​ទេ ប្រហែលជា​ត្រូវបាន​ដោះលែង​វិញ តែ​បើសិនណា​ជា​គេ​រកឃើញ​ឯកសារ ថា​មាន​ពិតជា​ផលិត​ឯកសារ​ដើម្បី​បញ្ជូនទៅ​ក្រៅ​ដោយ​ខុសច្បាប់ អាហ្នឹង​គឺថា​គាត់​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ពិរុទ្ធភាព​ដែល​បាន​ប្រព្រឹត្ត​​ហ្នឹងហើយ »៕​ដោយៈ​ស​រិ​ទ្ធ​/sn