តុលាការ​មី​យ៉ាន់​ម៉ា​កាត់ទោស​មេដឹកនាំ​រដ្ឋ​រ៉ា​ឃី​ន​ជាប់គុក ២០ ឆ្នាំ​ពីបទ​ក្បត់ជាតិ​

222
ចែករម្លែក
  • 66
    Shares

​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​មីនា​តុលាការ​មី​យ៉ាន់​ម៉ា​បាន​ផ្តន្ទាទោស​មេដឹកនាំ​ជនជាតិភាគតិច​នៅ​រដ្ឋ​រ៉ា​ឃី​ន​ដ៏​ល្បី​ម្នាក់​ឱ្យ​ជាប់គុក ២០ ឆ្នាំ​ពីបទ​ក្បត់ជាតិ​។ សាលក្រម​នេះ​ទំនងជា​នឹង​បង្កើន​កំហឹង​កាន់តែខ្លាំង ចំពេល​មានការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ជនជាតិភាគតិច​និង​កងទ័ព​។​

​កងកម្លាំង​សន្តិសុខ​បាន​ព្យាយាម​រារាំង​ពួក​អ្នកគាំទ្រ​រាប់រយ​នាក់​នៅ​ខាងក្រៅ​តុលាការ​នៅក្នុង​ទីក្រុង​ស៊ីត​វ៉េ (Sittwe) នៃ​រដ្ឋ​រ៉ា​ឃី​ន ខណៈដែល​លោក​អាយ មួង (Aye Maung) ត្រូវបាន​នាំខ្លួន​ទៅ​រថយន្ត​ប៉ូលិស​ដែល​កំពុង​រង់ចាំ បន្ទាប់ពី​សាលក្រម​។​

​លោក​អាយ មួង អតីត​ប្រធាន​គណបក្ស​ជាតិ​អា​រ៉ា​ខាន់ ដែល​ល្បី​ខាង​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​រឹងត្អឹង​ប្រឆាំងនឹង​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ត្រូវបាន​កាត់ទោស​ពីបទ​ក្បត់ជាតិ​និង​បរិហារកេរ្តិ៍ ជុំវិញ​ការនិយាយ​ដ៏​បង្ករឿង​កាលពី​ខែមករា​ឆ្នាំ ២០១៨ គឺ​មួយថ្ងៃ​គត់ មុនពេល​ផ្ទុះ​កុបកម្ម​ដ៏​ប្រល័យ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​ដោយ​រដ្ឋ​រ៉ា​ឃី​ន​នៅ​គ្រា​នោះបាន​និយាយថា លោក​មួង​បាន​រិះគន់​ខ្លាំងៗ​ដាក់​រដ្ឋាភិបាលកណ្តាល​សម្រាប់​ការប្រព្រឹត្ត​ទៅលើ​ជនជាតិភាគតិច​នៅ​រដ្ឋ​រ៉ា​ឃី​ន​ដូចជា “​ទាសករ​” ហើយ​បាន​និយាយថា វា​គឺជា “​ពេលវេលា​ស័ក្តិសម​” សម្រាប់​សហគមន៍​ដើម្បី​ចាប់ផ្តើម​ការតស៊ូ​ប្រដាប់អាវុធ​។​

​នៅ​ល្ងាច​ថ្ងៃ​បន្ទាប់ ក្រុមបាតុករ​នៅ​រដ្ឋ​រ៉ា​ឃី​ន​បាន​រឹបអូស​យក​អគារ​រដ្ឋាភិបាល​មួយ​ខ្នង ហើយ​ប៉ូលិស​បាន​បើក​ការបាញ់ប្រហារ ដោយ​សម្លាប់​បាតុករ ៧ នាក់​។​

​លោក​អាយ មួង និង អ្នក​ជាប់ឃុំ​រួមគ្នា គឺ​អ្នកនិពន្ធ​ឈ្មោះ វ៉ៃ ហ៊ី​ន​អ៊ុង (Wai Hin Aung) ដែល​ថ្លែង​សុន្ទរកថា​នៅឯ​ការជួប​ជុំគ្នា​ដែរនោះ ត្រូវបាន​ឃាត់ខ្លួន​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​។​

​មេធាវី​ការពារ​ក្តី​របស់លោក​វ៉ៃ ហ៊ី​ន​អ៊ុង លោក​អាយ នូ​សៀន បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ទាំង​លោក​បណ្ឌិត អាយ មួង និង​អ្នកនិពន្ធ​វ៉ៃ ហ៊ី​ន​អ៊ុង ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់ ២០ ឆ្នាំ​ពីបទ​ក្បត់ជាតិ និង ២ ឆ្នាំ​ពីបទ​បរិ​យា​កេរ្តិ៍ឈ្មោះ​របស់​រដ្ឋ​រ៉ា​ឃី​ន​”​។​

​រដ្ឋ​រ៉ា​ឃី​ន​រប​ស់មី​យ៉ាន់​ម៉ា​ត្រូវបាន​កាត់ផ្តាច់​ដោយសារ​អំពើហិង្សា​និង​ការ​ស្អប់ខ្ពើម​។​

​ការបង្ក្រាប​យ៉ាង​សាហាវឃោរឃៅ​នៅ​ឆ្នាំ ២០១៧ បាន​បង្ខំ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ចំនួន ៧៤០.០០០ នាក់​ឆ្លង​ព្រំដែន​ចូលទៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​។​

​ប៉ុន្តែ​ជនជាតិភាគតិច​កាន់​ពុទ្ធសាសនា​នៅ​រដ្ឋ​រ៉ា​ឃី​ន ដែល​មួយចំនួន​នៃ​ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួយ​ទាហាន​ក្នុង​យុទ្ធនាការ​ប្រឆាំងនឹង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ក៏មាន​អារម្មណ៍​ថា​ជាម​នុស្ស​គ្មាន​ប្រយោជន៍​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​ផងដែរ​។​

​មេធាវី​បាន​និយាយថា ពួកគេ​កំពុង​ពិភាក្សា​ថា​តើ​ត្រូវ​ប្តឹង​ឧទ្ធរណ៍​ឬ​យ៉ាងណា​។​

​ការ​ក្បត់ជាតិ​អាចមាន​ស្ថាន​ទម្ងន់ទោស​ប្រហារជីវិត​៕ ដោយ៖ កញ្ញាដាលីស

លោក​អាយ មួង ត្រូវបាន​តុលាការ​កាត់ទោស​ជាប់គុក ២០ ឆ្នាំ​ពីបទ​ក្បត់ជាតិ