សវនាការលើកដំបូងរបស់អតីតមេដឹកនាំម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់ ពាក់ព័ន្ធនឹងរឿងអាស្រូវមូលនិធិ1MDB នឹងដំណើរការក្រោយពីចៅក្រមម្នាក់បានសំរេចកាលពីថ្ងៃចន្ទទី១១វិច្ឆិកាថា ក្រុមរដ្ឋអាជ្ញាបានផ្តល់ភស្តុតាងពេញលេញមួយ ដោយជំរុញកិច្ចខិតខំដើម្បីនាំគាត់មកកាត់ទោសចំពោះការលួចបន្លំប្រាក់ដ៏សន្ធឹកសន្ធាប់។
លោកណាជីប នឹងត្រូវឡើងតុលាការនៅខែក្រោយ នៅពេលលោកចាប់ផ្តើមការពារខ្លួន ក្នុងបណ្តឹងពាក់ព័ន្ធនឹងការលួចប្រាក់រាប់ពាន់លានដុល្លារចេញពីមូលនិធិរដ្ឋ1MDB។
អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ (កណ្តាល)ចាកចេញពីតុលាការក្រុងគូឡាឡាំពួរកាលពីថ្ងៃ៣មេសា ឆ្នាំ២០១៩។លោកកំពុងជាប់ចោទពីបទប្រព្រឹត្តអំពើពុករលួយនិងលាងលុយ
សូមរំលឹកថា ក្រុមចំរុះកាន់អំណាចរបស់លោកត្រូវបានបណ្តេញចេញពីអំណាចកាលពីឆ្នាំមុន ភាគច្រើនមកពីរឿងអាស្រូវនេះ និងចាប់តាំងពីធ្លាក់ពីតំណែងលោកត្រូវបានចាប់ខ្លួននិងរងការចោទប្រកាន់រាប់សិប។
អតីតមេដឹកនាំវ័យ៦៦ឆ្នាំរូបនេះបានឡើងតុលាការលើកដំបូងកាលពីខែមេសាចំពោះរឿងអាស្រូវផ្ទេរប្រាក់១០,១លានដុល្លារពីអង្គភាពមួយរបស់1MDBចូលក្នុងគណនីរបស់លោក។តែលោកណាជីប បានបដិសេធថាលោកមិនបានប្រព្រឹត្តខុសទេ។
ក្រុមរដ្ឋអាជ្ញាបានបញ្ចប់ការបង្ហាញភស្តុតាងកាលពីខែសីហា និងកាលពីថ្ងៃចន្ទ ចៅក្រមតុលាការជាន់ខ្ពស់ម្នាក់ បានសំរេចថា ករណីនេះមានភស្តុតាងរឹងមាំល្មមបញ្ជូនលោកណាជីបទៅសវនាការ។
ក្នុងពេលជាមួយគ្នា ក្រុមមេធាវីរបស់ណាជីប បាននិយាយថាលោកអតីតនាយករដ្ឋមន្ត្រីនឹងចូលតុលាការដើម្បីការពារខ្លួននៅថ្ងៃ០៣ធ្នូ តែ«លោកណាជីបរន្ធត់ចិត្តពេលឮការសំរេចចិត្តនេះ»ដោយសារតែលោកតែងមានជំនឿថាលោកនឹងត្រូវសំរេចអោយរួចផុតពីការចោទប្រកាន់៕ដោយ៖វាសនា