តុលាការ​លើកយក​សំណុំរឿង​ឃាតកម្ម​ដែលមាន​អតីត​អភិបាល​ខេត្តតាកែវ និង​បងប្រុស​ជា​ជនជាប់ចោទ​មក​ជំនុំជម្រះ​

480
ចែករម្លែក
  • 528
    Shares

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បន្ទាប់ពី​បើក​ការ​ស៊ើបសួរ​អស់​រយៈពេល​ជាង​៩​ខែ​រួចមក សំណុំរឿង​ឃាតកម្ម​សម្លាប់​នារី ចេ​វ សុ​វ​ឌ្ឍ​នា​ដែលមាន​លោក​ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​និង​បក្ខពួក​៣​នាក់​ជា​ជនជាប់ចោទ​បាន​ត្រូវ​តុលា​ការលើក​យកមក​បើកសវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៩​ខាងមុខនេះ​។

​គួររំលឹកថា​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង បក្ខពួក​៣​នាក់​ទៀត ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ ព្រោះ​មិនជា​ប់​ពាក់ព័ន្ធ​។​

​ជនសង្ស័យ​ត្រូវ​ចោទ​ទាំង​៤​នាក់​រួមមាន​៖ ទី​១៖ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​, ទី​២៖ លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ទី​៣៖​ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ទី​៤៖ ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​មានឈ្មោះ ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឱ្យ​លោក ឡាយ ណា​រិ​ទ្ធ​។​

​ប្រភពពី​តុលាការ​បាន​បញ្ជាក់ថា​លោក ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ និង លោក ឡាយ ណា​រិ​ទ្ធ អាយុ​៤៦​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពីបទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង ឈ្មោះ ជឹម វុ​ធ ហៅ​ថូត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពីបទ​លាក់​បំបាំង​តម្រុយ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ​។​

​យោងតាម​ច្បាប់ក្រម​ព្រហ្មទណ្ឌ បាន​ចែងថា មាត្រា​១៩៩: បទ​ឃាតកម្ម​៖ អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ ដោយ​គ្មាន​ស្ថាន​ទម្ងន់​ណាមួយ​ដូច​បានកំណត់​ក្នុង​មាត្រា​២០០ (​បទ​ឃាតកម្ម​គិតទុក​ជាមុន​) ដល់​មាត្រា​២០៥ (​បទ​ឃាតកម្ម​ដោយមាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ​) នៃ​ក្រម​នេះ គឺជា​ឃាតកម្ម​។ ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១០(​ដប់​)​ឆ្នាំ ទៅ​១៥(​ដប់​ប្រាំ​)​ឆ្នាំ​។ មាត្រា​៥៣២៖ បទ​លាក់​បំបាំង​តម្រុយ​៖ អំពើ​កែប្រែ លុបបំបាត់ ឬ​លាក់​បំបាំង​តម្រុយ ឬ​ស្លាកស្នាម​នៅលើ​ទីកនលែង​នៃ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​ក្នុង​គោលបំណង​ធ្វើជា​ឧបសគ្គ ដល់​ការស្វែងរក​ឲ្យ​ឃើញ​នូវ​ការពិត ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១(​មួយ​)​ឆ្នាំ ទៅ​៣(​បី​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២,០០០,០០០(​ពីរលាន​)​រៀល ទៅ​៦,០០០,០០០(​ប្រាំមួយ​លាន​)​រៀល​៕ ល​