តុលាការ​លើកលែង​ការចោទប្រកាន់​លើ​លោក ជា មុនី អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ​

647
ចែករម្លែក
  • 11
    Shares

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ តុលាការ​បាន​លើកលែង​ការចោទប្រកាន់​លើ​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ផ្លូវការ​ហើយ លើ​សំណុំរឿង​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។ នេះ​បើ​យោងតាម​លិខិត​ជូនដំណឹង​របស់លោក​សេង រិទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ ដែល​ទើបតែ​ធ្លាក់​ដល់ដៃ​អ្នកកាសែត​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​លោក​ជា មុនី ត្រូវបាន​មេដឹកនាំ​សហជីព​ចំនួន​១២០ បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​កាលពី​ចុងឆ្នាំ​២០១៧ ពាក់ព័ន្ធ​ការអំពាវនាវ​ឲ្យ​សហគមន៍​អឺរ៉ុប​ដាក់ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​កម្ពុជា​។ បន្ទាប់ពី​មានការ​ប្តឹង លោក​ជា មុនី បានគេច​ខ្លួន​ទៅ​ក្រៅប្រទេស ដែល​រហូតមក​ដល់ពេលនេះ នៅ​មិនទាន់​វិល​ត្រឡប់មក​កម្ពុជា​វិញ​នៅឡើយ​ទេ​។

​បើតាម​ប្រភព​ច្បាស់​ការណ៍​លោក​ជា មុនី កំពុងតែ​ស្ថិតនៅ​ក្នុងប្រទេស​ថៃ ដោយនៅ​ជួបជុំ​ជាមួយ​ក្រុម​អតីតមន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​យោងតាម​លិខិត​ជូនដំណឹង​ស្តីពី​ការលើកលែង​ចោទប្រកាន់ បាន​ឲ្យ​ដឹងថា ត្បិត​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៨០៣២ ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ដែលមាន​ជន​ត្រូវ​ចោទ​ឈ្មោះ ជា មុនី ភេទ ប្រុស អាយុ ៤៨​ឆ្នាំ ត្រូវ​ចោទ​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​ឲ្យ​ផ្តន្ទាទោស​តាម​ប្បញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ បាន​ស៊ើបសួរ​ចប់សព្វគ្រប់​តាម​នីតិវិធី​ហើយ​។ ដូ​ច្នះ​សម្រេច​លើកលែង​ចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ​ជា​មុនី តាម​ដីកា​សម្រេច​លើកលែង​ចោទប្រកាន់​លេខ ៦០៤៩ (​ខ​១) ដ​.​ដ ចុះ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​។​

​សូមជម្រាបថា មេដឹកនាំ​សហជីព​ចំនួន​១២០ បានដាក់​ពាក្យ​ប្តឹង​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ ពីបទ​ញុះញង់​។ ការប្តឹង​នេះ គឺ​បន្ទាប់ពី​លោក ជា មុនី ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ការអំពាវនាវ​ឲ្យ​សហគមន៍​អឺរ៉ុប​ដាក់ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​កម្ពុជា​៕ ល​