តុលាការ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ចេញ​ដីកាចាប់ខ្លួន​មន្ត្រី​បក្សប្រឆាំង​ម្នាក់ ខណៈ​លោក​ម៉ា​ឌូ​រ៉ូ​ស្វះស្វែង​បង្ហាញ​ភក្តីភាព​របស់​យោធា​ចំពោះ​រូបលោក​

824
ចែករម្លែក

​មេដឹកនាំ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បានបង្ហាញ​សាមគ្គីភាព​ជាមួយ​មេៗ​យោធា​ជាន់ខ្ពស់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២ ឧសភា ហើយ​តុលាការ​បានចេញ​ដីកាចាប់ខ្លួន​មន្ត្រី​គណបក្សប្រឆាំង​ម្នាក់ ខណៈដែល​ពួក​សង្គមនិយម​ដែល​កំពុង​កាន់អំណាច កំពុង​រុញច្រាន​នឹង​ការប៉ុនប៉ង​ដែល​គាំទ្រ​ដោយ​អាមេរិក​ដើម្បី​ទម្លាក់​លោក​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​។​

​អម​ជុំវិញខ្លួន​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​និង​មេៗ​យោធា លោក​ម៉ា​ឌូ​រ៉ូ​បាន​និយាយ​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ថា កងកម្លាំងប្រដាប់អាវុធ “​រួបរួមគ្នា​ស្អិតរ​មួ​ត​និង​ស្តាប់​តាម​បង្គាប់​នៅក្រោម​អាណត្តិ​រដ្ឋធម្មនុញ្ញ​” បន្ទាប់ពី​មេដឹកនាំ​បក្សប្រឆាំង​លោក ហ្វ័​ន ក្វា​យ​ដូ បាន​ជំរុញ​ឱ្យ​យោធា​ចូលរួម​ជាមួយ​លោក​ក្នុង​ការបណ្តេញ​លោក​ម៉ា​ឌូ​រ៉ូ ។​

​លោក​ម៉ា​ឌូ​រ៉ូ​ក៏​កំពុង​ស្វះស្វែង​បដិសេធ​ការអះអាង​នានា​របស់​សហរដ្ឋអាមេរិក​និង​ក្រុមប្រឆាំង​ដែលថា កងកម្លាំងប្រដាប់អាវុធ​កំពុង​ត្រៀមខ្លួន​ងាក​មក​ប្រឆាំងនឹង​រូបលោក​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ ដែល​បង្កឡើង​ដោយ​ភាពវឹកវរ​ខាង​សេដ្ឋកិច្ច​ជាច្រើន​ឆ្នាំ​។​

​ពលរដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រាប់ម៉ឺន​នាក់​បាន​ស្តាប់​តាម​ការអំពាវនាវ​ពី​លោក​ក្វា​យ​ដូ​ដើម្បី​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​កាលពី​ថ្ងៃ​ពុធ​នៅក្នុង​ការប្រឹងប្រែង​មួយ​ផ្សេងទៀត​ដើម្បី​បង្ខំ​ឱ្យ​លោក​ម៉ា​ឌូ​រ៉ូ​ចុះ​ចេញពី​អំណាច ប៉ុន្តែ​លោក​ប្រធានាធិបតី​នៅតែ​ក្រាញននៀល​។​

​លោក​ក្វា​យ​ដូ ដែលជា​ប្រធានរដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្សប្រឆាំង ត្រូវបាន​ទទួលស្គាល់​ជា​ប្រមុខរដ្ឋ​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដោយ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ដទៃទៀត ខណៈដែល​លោក​ម៉ា​ឌូ​រ៉ូ​ត្រូវបាន​គាំទ្រ​ដោយ​បណ្តា​ប្រទេស​នានា រួមមាន រុស្ស៊ី ចិន និង​គុយបា​។​

​ការ​ថ្លែង​សុន្ទរកថា​របស់លោក​ម៉ា​ឌូ​រ៉ូ គឺជា​ការឆ្លើយតប​មួយផ្នែក​ចំពោះ​ការលើកឡើង​របស់​ក្រុមមន្ត្រី​អាមេរិក​ដែល​និយាយថា មេបញ្ជាការ​យោធា​ជាន់ខ្ពស់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កំពុង​ពិភាក្សា​ជាមួយ​តុលាការ​កំពូល និង​តំណាង​របស់លោក​ក្វា​យ​ដូ​ជុំវិញ​ការបណ្តេញ​លោក​ម៉ា​ឌូ​រ៉ូ​។​

​លោក​អែ​លលៀត អា​ប្រាម (Elliott Abrams) បេសកជន​ពិសេស​របស់​អាមេរិក​ប្រចាំ​វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​និយាយថា លោក​ម៉ា​ឌូ​រ៉ូ​មិនអាច​ជឿជាក់​លើ​ពួក​មេដឹកនាំ​យោធា​ជាន់ខ្ពស់​របស់លោក​បាន​ទេ​។​

​លោក​អា​ប្រាម​បាន​ប្រាប់​ទូរទស្សន៍ VPI កាលពី​ថ្ងៃ​ពុធ​ថា “​សឹងតែ​គ្រប់គ្នា​ហើយ​បាន​ពាក់ព័ន្ធ​នឹង​រឿងនេះ ហើយ​ដូច្នេះ​លោក​ម៉ា​ឌូ​រ៉ូ​ត្រូវតែ​ដឹងថា មេបញ្ជាការ​ជាន់ខ្ពស់​មិន​ស្មោះត្រង់​ពិតប្រាកដ​នោះទេ ហើយ​ពួកគេ​ចង់បាន​ផ្លាស់ប្តូរ​”​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោ​កច​ន បូល​តុ​ន​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា រដ្ឋមន្ត្រី​ការពារជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លោក​វ្ល៉ា​ឌី​មៀរ ផា​ឌ្រី​ណូ (Vladimir Padrino) រួមជាមួយ​ប្រមុខ​តុលាការ​កំពូល​និង​មេបញ្ជាការ​អង្គរក្ស​ប្រធានាធិបតី បាន​ប្រាប់​គណបក្សប្រឆាំង​ថា លោក​ម៉ា​ឌូ​រ៉ូ​ត្រូវតែ​ចុះចេញ​ពី​អំណាច​។​

​ប៉ុន្តែ​លោក​ផា​ឌ្រី​ណូ​បាន​ឈរ​នៅក្បែរ​លោក​ម៉ា​ឌូ​រ៉ូ ដែល​បាន​បន្ត​តំណែង​ពី​លោក​ប្រធានាធិបតី​យូ​ហ្គោ ឆា​វ៉េ​ស កាលពី​ឆ្នាំ ២០១៣ នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក​ផា​ឌ្រី​ណូ​បាន​និយាយថា “​កុំមក​ទិញ​ពួកយើង​ដោយ​ការផ្តល់ជូន​មិន​ស្មោះត្រង់ ធ្វើ​មើល​តែ​ពួកយើង​គ្មាន​សេចក្តីថ្លៃថ្នូរ​។ អ្នក​ដែល​ជឿ​និង​លក់​ដួងព្រលឹង​របស់​ពួកគេ គឺ​លែង​ជា​ទាហាន​ទៀតហើយ ពួកគេ​មិនអាច​នៅ​ជាមួយ​យើង​បានទេ​”​។​

​ប្រធាន​ប្រតិបត្តិ​យោធា​លោក​រី​មី​ជី​អូ សេ​បាល់​ឡូ​ស (Remigio Ceballos) ក៏បាន​បង្ហាញខ្លួន​នៅក្នុង​ការផ្សាយ​តាម​ទូរទស្សន៍​ដែរ​។​

​លោក​ក្វា​យ​ដូ​បាន​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​កាលពី​ខែមករា​ដើម្បី​សន្ម​ត់​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន ដោយ​អះអាងថា ការជាប់ឆ្នោត​ឡើងវិញ​របស់លោក​ម៉ា​ឌូ​រ៉ូ​ឆ្នាំ ២០១៨ គឺ​មិន​ស្របច្បាប់​ទេ​។ លោក​ម៉ា​ឌូ​រ៉ូ​បាន​ហៅ​លោក​ក្វា​យ​ដូ​ថា អាយ៉ង​របស់​អាមេរិក​ដែល​ចង់​ធ្វើ​រដ្ឋប្រហារ​៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ា​ឌូ​រ៉ូ​បង្ហាញខ្លួន​ជាមួយ​មេៗ​យោធា​កាលពី​ថ្ងៃ​ព្រហស្បតិ៍