តុលាការ​សម្រេច​កាត់ទោស អា​ឡិ​ក​ស៊ី​ស សាន​ឆេស ពីបទ​លួច​បន្លំ​មិន​បង់ប្រាក់​ពន្ធ ៩០​ម៉ឺន​ផោន​

109

​តុលាការ​បាន​ផ្តន្ទាទោស អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៦ ខែ ប៉ុន្តែ​ទោស​នេះ​ត្រូវបាន​ព្យួរ​ទាំងអស់ បន្ទាប់ពី​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​លួច​បន្លំ​ប្រាក់​ពន្ធ​។​
​ ​
​កាលពី​ខែ​មុន សាន​ឆេស បាន​សារភាពថា បាន​លួច​បន្លំ​ប្រាក់​ពន្ធ ៩០​ម៉ឺន​ផោន​ពី​អាជ្ញាធរ​អេ​ស្ប៉ា​ញ តាមរយៈ​សិទ្ធិ​ប្រើប្រាស់​រូបភាព​ពាណិជ្ជក​ម្ម អំឡុងពេល​កីឡាករ​រូបនេះ​លេង​នៅ​ក្លឹប Barcelona ។​
​ ​
​នៅពេលនេះ​តុលាការ​បាន​ពិន័យ​ប្រាក់ ៥២៥.០០០​ផោន ហើយនឹង​សង​ប្រាក់​នេះ​ទៅ​អាជ្ញាធរ​វិញ ប៉ុន្តែ​នឹង​រួច​ផុតពី​ការអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ប្រសិនបើ​កីឡាករ​រូបនេះ​មិន​ប្រព្រឹត្ត​បទល្មើស​ថ្មី ក្នុង​រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់​។​
​ ​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ឈី​លី​រូបនេះ​បាន​បង្កើត​ក្រុមហ៊ុន​ឈ្មោះ Numidia Trading ក្នុង​ផែនការ​គេចវេស មិន​បង់ពន្ធ ទាក់ទិន​កិច្ចព្រមព្រៀង​លក់​សិទ្ធិ​ប្រើប្រាស់​រូបភាព​សម្រាប់​ពាណិជ្ជកម្ម​ចាប់តាំងពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៣​។​
​ ​
​សាន​ឆេស បាន​ចាក​ចេញពី​ក្របខណ្ឌ La Liga កាលពី​ឆ្នាំ​២០១៤ ដើម្បី​ចូលរួម​ជាមួយ​ក្រុម Arsenal មុនពេល​ផ្ទេរ​មកកាន់​ពហុ​កីឡដ្ឋាន Old Trafford កាលពី​ខែ​មុន​។​
​ ​
​មេធាវី​បាន​តំណាង​ឲ្យ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​នៅ​តុលាការ ហើយ​មេធាវី​ដដែល​នេះ​ធ្លាប់បាន​ការពារ កីឡាករ ហ្សា​វី​យេ ម៉ា​សេ​រ៉ាណូ (Javier Mascherano) ជុំវិញ​បទល្មើស​ដូចនេះ​ដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez)