ដោយ: មុនីរ័ត្ន / ភ្នំពេញ: លោក រ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងជាអ្នកថតខ្សែភាពយន្តឯកសារ ម្តាយខ្ញុំ លក់ខ្ញុំ អោយសារព័ត៌មាន Russia Today (RT) ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយ កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ បន្ទាប់ពីបញ្ជូនមកដល់កម្ពុជា សមត្ថកិច្ចបានបញ្ជូនខ្លួនលោករ៉ាត់ រ័ត្នមុនី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអោយព្រះរាជអាជ្ញាធ្វើការសាកសួរអំពីដំណើររឿងនៃការថតខ្សែភាពយន្តឯកសារ “ម្តាយខ្ញុំ លក់ខ្ញុំ”។
លោក រ៉ាត់ រ័ត្នមុនី ត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ខណៈពេលដែលកំពុងសុំទិដ្ឋាការទៅប្រទេសហូឡង់។
លោកខៀវ ផល្លា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងតែសាកសួរយកចម្លើយពីលោករ៉ាត់ រ័ត្នមុនី រហូតមកដល់ល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅមិនទាន់បញ្ចប់នៅឡើយទេ។
ចំណែកលោកលី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា តុលាការកំពុងពិនិត្យនិងចាត់ការសំណុំរឿងនេះ។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា “ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នពីបទ ញុះញង់អោយមានការរើសអើង តាមបញ្ញត្តិមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ”។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងបញ្ជាក់ថា កន្លងទៅនេះ មានខ្សែវិដេអូមួយដែលមានចំណងជើងថា “ម្តាយខ្ញុំ លក់ខ្ញុំ” យកទៅចាក់ផ្សាយនៅទូរទស្សន៍ Russia Today (RT) គឺកំពុងតែស្ថិតនៅក្នុងដំណាក់កាលស្រាវជ្រាវ ដើម្បីឲ្យដឹងថា តើរឿងនោះជារឿងពិត ឬក៏ជារឿងប្រឌិត។ ហើយសម្តេចមិនហ៊ានវ៉ៃតម្លៃថា រឿងនឹងវាពិតកម្រិតណា ឬវាមិនពិតកម្រិតណានោះទេ ប៉ុន្តែយ៉ាងណាក៏ដោយក្នុងនាមសមត្ថកិច្ចត្រូវតែសិក្សាស្រាវជ្រាវបញ្ហានេះឲ្យបានម៉ត់ចត់ ដើម្បីរកវិធានការបដោះស្រាយឲ្យបានសមស្រប។
ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅសាលលមហោស្រពកោះពេជ្រ។
សម្តេចក្រឡាហោមបានបញ្ជាក់ថា “កាលណាយើងមិនដឹងថា រឿងនឹងវារឿងពិតដល់កម្រិតណាឬមិនពិតកម្រិតណា យើងចាត់វិធានការទៅវាមិនអាចត្រឹមត្រូវទេ ដូច្នេះមកទល់ពេលនេះ យើងមិនទាន់សន្និដ្ឋានថា រឿងនឹងវាពិត ឬមិនពិត! ស្ថិតនៅក្នុងដំណាក់កាលដែលយើងសិក្សាស្រាវជ្រាវរកអ្នកទទួលខុសត្រូវធ្វើដើម្បីបញ្ជាក់ថា រឿងនឹងពិតឬមិនពិត។ តែក៏បានព័ត៍មានខ្លះហើយ ពិសេសពីតួអង្គ ដែលដើរតួក្នុងរឿងនេះ ហើយក៏បានព័ត៍មានខ្លះ តែយើងត្រូវការប្រភពព័ត៌មានផ្សេងៗទៀត។ មកដល់ពេលនេះ ព័ត៍មានដែលយើងទទួលបាន យើងអត់ទាន់ធ្វើការសន្និដ្ឋានជាក់លាក់ថា វាយ៉ាងម៉េចនោះទេ។ នេះជាបញ្ហាដែលខ្ញុំសូមបញ្ជាក់ ពីព្រោះថា បើមិនចឹងទេ អ្នកមួយចំនួន ឬក៏អង្គការមួយចំនួនមានប្រតិកម្មយ៉ាងនេះ យ៉ាងនោះ ផ្សេងៗគ្នា”។
ចំណែកលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិបានថ្លែងបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១២ ខែធ្នូ ថា ទាក់ទងការលើកឡើងរបស់ Human Rigth watch ស្នើថៃមិនអោយបញ្ជូនលោករ៉ាត់ រ័ត្នមុនី មកអោយអាជ្ញាធរកម្ពុជា តើគាត់ពិនិត្យសំណុំរឿងនេះហើយឬលូវបានជាថា រឿងនេះមិនពិត ពីព្រោះវិដេអូឃ្លីប ម្តាយខ្ញុំ លក់ខ្ញុំ វាប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសប្រទេសកម្ពុជា និងស្ត្រីខ្មែរ។
លោកបញ្ជាក់ថា តាមការស៊ើបអង្កេតរបស់សមត្ថកិច្ច គឺពីរនាក់ម្តាយកូនបានឆ្លើយថា ការថតវិដេអូឃ្លីបនេះ គឺមិនមែនជារឿងពិតទេ ជាការសម្តែង តាមការលួងលោមពីលោក រ៉ាត់ រ័ត្នមុនី ទាំងបារ៉ូ ឈុតឆាក សុទ្ធតែមានការណែនាំពីលោករ៉ាត់ រ័ត្នមុនី។ ដោយគាត់ “រ៉ាត់ រ័ត្នមុនី” បានប្រាប់ថា ថតឃ្លីបវិដេអូប្រទេសខ្មែរក្រោយរបប ប៉ុល ពត តែដល់ពេលចេញវិដេអូឃ្លីបទៅជារឿងផ្សេងទៅវិញ។ ហើយពេលថតរួចលោករ៉ាត់ រ័ត្នមុនី អោយលុយគាត់ម្នាក់ ១០០ដុល្លារ។ ជាមួយគ្នានេះ ស្ត្រីពីរនាក់ម្តាយកូនបានស្នើសុំអោយប៉ូលិសជួយរកយុត្តិធម៌អោយគាត់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ផ្អែកតាមលទ្ធផលស្រាវជ្រាវ និងការបំភ្លឺរបស់សាក្សី និងភស្តុតាងមួយចំនួន គឺមានតែលោករ៉ាត់ រ័ត្នមុនី ទេ ទើបអាចបំភ្លឺពីការថតវីដេអូឃ្លីបនេះ។ ហើយវិដេអូនេះ ថតក្នុងចេតនាទុច្ចរិត បន្ថោកកិត្តិយសប្រទេសកម្ពុជា។ ហេតុនេះ ប៉ូលិសបានស្នើសុំព្រះរាជអាជ្ញាសុំកោះហៅលោករ៉ាត់ រ័ត្នមុនី មកបំភ្លឺ តែគាត់បានគេចខ្លួនចេញទៅក្រៅប្រទេស។ “ពេលវិដេអូចេញគាត់មានគំរោងគិតទុកជាមុន ការថតរបស់គាត់ក្នុងគោលបំណងជាថ្នូរអ្វីមួយ។ ព្រះរាជអាជ្ញាបានចេញលិខិតអញ្ជើញគាត់មកបំភ្លឺ មិនមែនចាប់ខ្លួនទេ តែគាត់មិនចូលខ្លួបបំភ្លឺ គាត់មានចេតនាគេចវេស។ សមត្ថកិច្ចបានបំបែកសំណុំរឿងនេះ ដោយបានសុំកិច្ចសហការជាមួយសមត្ថកិច្ចថៃ ដើម្បីនាំខ្លួនលោករ៉ាត់ រ័ត្នមុនី។ ហើយនៅថ្ងៃទី៧ ខែធ្នូ សមត្ថកិច្ចថៃបានចាប់ខ្លួនលោករ៉ាត់ រ័ត្នមុនី។ គាត់មានចេតនាទៅប្រទេសទី៣ និងមានអ្នកនៅពិក្រោយខ្នង”។
លោកបញ្ជាក់ថា ការនាំខ្លួនលោករ៉ាត់ រ័ត្នមុនី មកកម្ពុជាវិញគឺដើម្បីអោយគាត់មកបំភ្លឺអំពីមូលហេតុថតវិដេអីឃ្លីប ម្តាយខ្ញុំ លក់ខ្ញុំ។ ហើយការបញ្ជូនលោករ៉ាត់ រ័ត្នមុនី មកកម្ពុជានឹងមកឆាប់ៗនេះ ដោយកំពុងបំពេញតាមនីតិវិធី បែបបទឯកសារ។
ខ្សែភាពយន្តឯកសារនេះមានរយៈពេល២៧នាទីបានរៀបរាប់លម្អិតអំពីគ្រួសារក្រីក្រនៅកម្ពុជាដែលលក់ព្រហ្មចារីស្រីរបស់ពួកគេក្នុងតម្លៃប្រហែល ៤០០ដុល្លារក្នុងម្នាក់ៗ។ ខ្សែភាពយន្តនេះបាននិយាយថានៅក្នុងក្លិបរាត្រីនិងខារ៉ាអូខេក្មេងស្រីជំទង់បានញ៉ាំភេសជ្ជៈនិងផ្តល់ការសេវាផ្លូវភេទដល់អតិថិជនបួនឬប្រាំនាក់ក្នុងមួយថ្ងៃ។
នៅក្នុងខ្សែភាពយន្តនេះក្មេងស្រីឈ្មោះគៀងស្រីម៉ិចបាននិយាយថាម្តាយរបស់អ្នកស្រីបានបង្ខំឱ្យនាងចូលពេស្យាចារ។នៅក្នុងក្លឹបខារ៉ាអូខេភ្ញៀវបានហៅឱ្យអង្គុយជាមួយពួកគេ។ពួកគេបានឱ្យនាងផឹកស្រាបៀរ។ ប្រសិនបើទៅគេងជាមួយពួកគេនិងទទួលបានច្រើនជាងនេះ។បើមិនដូច្នោះទេទទួលបាន ១០ ឬ ២០ដុល្លារសម្រាប់ការផឹកជាមួយពួកគេ៕ ល