តុលាការ​សម្រេច​ឃុំខ្លួន ជនជាតិ​ចិន ច្រក​ដីខ្សាច់ បំភ័យ​ថា​គ្រាប់បែក នៅ​PJ​ហើយ​

682
ចែករម្លែក

ដោយៈ ចាន់តូ / ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ម្នាក់ បន្ទាប់ពី​បង្កើត​រឿង​ចលាចល បង្ក​ភ័យខ្លាច​ដល់​ពលរដ្ឋ ផ្អើល​សមត្ថកិច្ច មួយ​ក្រុងភ្នំពេញ គ្រប់​ស្ថាប័ន ដោយសារ​ច្រក​ដីខ្សាច់ បំភិតបំភ័យ​ថា​គ្រាប់បែក​ច្នៃ យកទៅ​គម្រាម​ជន​ជាតិចិន​ដូចគ្នា​រួចមក សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន អនុវត្តន៍​តាម​នីតិវិធី​រួចមក នៅ​ល្ងាច​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៩ ជន​ត្រូវ​ចោទ​ខាងលើ ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ហើយ​នៅ​ល្ងាច​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩​នេះ ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​ពោធិ​សែន​ជ័យ អនុវត្តន៍​តាម​ដីកា​របស់​តុ​កា នាំខ្លួន​ជនសង្ស័យ​ទៅ​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​PJ ហើយ​។​

​ជនសង្ស័យ​ឈ្មោះ លីវ ជីន ( LIU JUN ) ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​E449081127 ចូលមក​ប្រទេស​កម្ពុជា ជា​ទេសចរណ៍ ស្នាក់នៅ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបាន​តុលាកា​ចោទប្រកាន់ « គម្រាមកំហែង​យក » ដែល​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៩ នៅផ្ទះ​លេខ​២២ ហាង​ចិន លក់​គុជ ហឺ​ហឺ ផ្លូវ​បេតុង ក្រុម​៣ ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​គួរ​រំលឹក​ផងដែរ​ថា ជនសង្ស័យ ច្រក​ដីខ្សាច់ បំភាន់​បន្លំ​ថា ជា​គ្រាប់បែក​ច្នៃ ហើយ​យកទៅ​គម្រាម ម្ចាស់​ហាង​ចិន​ខាងលើ ជំរុញ​ឲ្យ ហៅ ជន​ជាតិចិន​ម្នាក់ទៀត​ដែលជា​គូរ​ជម្លោះ​របស់គេ​មក តែ​មិនបាន​សម្រេច ផ្អើលឆោឡោ ត្រូវបាន​កម្លាំង​សមត្ថកិច្ច គ្រាប់​ស្ថាប័ន អន្តរាគមន៍ ឃាត់ខ្លួន​បាន និង​ត្រួតពិនិត្យ លើ​វត្ថុ បំភ្លៃ​ទាំងនោះ សុទ្ធតែ​ដីខ្សាច់​។​

​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច ខណ្ឌ​ពោធិ​សែន​ជ័យ នាំខ្លួន​ទៅ​តុលាកា ហើយ​នៅ​ល្ងាច​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៩ ជនសង្ស័យ​ត្រូវបាន លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​លេខ ២៧៥៤ «​ត​» ដ​.​ព​.​ស ចុះ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៩ អន​វត្ត​ន៍ ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​PJ​។​

​ក្រោយពី​មាន​ដីកា​សម្រេច​ពី​តុលាកា ជនសង្ស័យ​ត្រូវបាន សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ នាំខ្លួន​ទៅ​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​PJ​ហើយ នា​ល្ងាច​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៩​នេះ​៕