តុលាការ​សម្រេច​ចោទប្រកាន់​នគរបាល​ស័ក្ដិ​៣​ករណី លួច​អាយ​ផេ​ត

460
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ​
​ភ្នំពេញ​:
លោក​ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០១៩ បានសម្រេច​ចោទប្រកាន់​មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​៣​ពីបទ លួច​អាយ​ផេ​ត​រួច​បញ្ជូន​សំណុំ​រឿងនេះ ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី ក្រោមរូបភាព​ជន​ត្រូវ​ចោទ​នៅក្រៅ​ឃុំ​។​

​ការសម្រេច​ចោទប្រកាន់​នេះ បាន​កើតឡើង​ក្រោយពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំ​រឿងនេះ បញ្ជូនមក​តុលាការ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ បន្ទាប់ពី​មានប្រតិកម្ម​ជា​បន្ដបន្ទាប់​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​តាម​មាត្រា​៣៥៣​និង​មាត្រា​៣៥៦ នៃ​ករមព្រហ្មទណ្ឌ​ឃើញថា មន្ដ្រីនគរបាល​រូបនេះ អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៦​លាន​រៀល បើសិនជា​តុលាការ​រកឃើញថា មាន​ពិរុទ្ធភាព​ដូច​ការចោទប្រកាន់​នេះ​មែន​។​

​មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​៣ ឈ្មោះ ហេង ហាប់ អាយុ​២៤​ឆ្នាំ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ការពារ​ព្រំ​ដែនទឹក និង​ត្រូវជា​កូនប្រុស​ប្រធាន​នាយកដ្ឋាន​ផង​នោះ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅ បាន​ចូលទៅ​ដក​លុយ​នៅ​ហាង​វី​ង​មួយកន្លែង​យីហោ «​រស្មី សាមគ្គី​» ស្ថិតនៅក្នុង​ខណ្ឌទួលគោក ស្រាប់តែ​បន្លំ​លួច​យក​អាយ​ផេ​ត​មួយគ្រឿង​ទៅ​បាត់ រួច​ក៏ត្រូវ​ម្ចាស់​ហាង​យកទៅ​បង្ហោះ​ល្បី​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​មាន​គេ Share រាប់ពាន់នាក់​។​បន្ទាប់មក នៅ​ល្ងាច​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ត្រូវបាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ បានអនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ ក្រោយ​ធ្វើ​កិច្ចសន្យា និង​មាន​អ្នកធានា​។​

​ការដោះលែង​នេះ​មានប្រតិកម្ម​ជាច្រើន​ពី​សំណាក់​មន្ត្រី​រាជរដ្ឋាភិបាល​មួយចំនួន មន្ត្រី​មាន​សមត្ថកិច្ច​ជាន់ខ្ពស់​ដទៃទៀត ព្រមទាំង​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ផ្ទុះ​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​នគរបាលជាតិ​ទៀតផង​៕ ល​