តុលាការ​ស្រីលង្កា​បន្ត​ហាម​ប្រធានាធិបតី​ពី​ការបណ្តេញ​សភា​

1950
ចែករម្លែក

តុលាការជាន់ខ្ពស់បំផុតរបស់ប្រទេសស្រីលង្កាកាលពីថ្ងៃសុក្រទី៧ធ្នូបានហាមប្រធានាធិបតី លោកMaithripala Sirisena ពីការបណ្តេញសភារហូតដល់ខ្លួនសម្រេចលើភាពស្របច្បាប់នៃចំណាត់ការរបស់លោកកាលពីខែមុនដែលបានអំពាវនាវឱ្យមានការបោះឆ្នោតមុនពេលកំណត់។

តុលាការនេះបានបញ្ចប់ការពិនិត្យមើលញត្តិតវ៉ាចំនួន១០ប្រឆាំងនឹងចំណាត់ការរបស់ លោក Maithripala Sirisena ដែលជាផ្នែកមួយនៃការតស៊ូដណ្តើមអំណាចដ៏ជូរចត់ជាមួយអតីត នាយករដ្ឋមន្ត្រី លោក Ranil Wickremesingheប៉ុន្តែ បានសន្យាផ្តល់ការវិនិច្ឆ័យនៅកាលបរិច្ឆេទមិនច្បាស់លាស់។

លោក Maithripala Sirisena បានរុញច្រាលប្រទេសនេះឱ្យធ្លាក់ក្នុងវិបត្តិកាលពីថ្ងៃទី២៦ខែតុលា នៅពេលដែលលោកបានបណ្តេញលោក Ranil Wickremesinghe ពីតំណែងជានាយករដ្ឋមន្ត្រី ហើយបានតែងតាំងលោក Mahinda Rajapakse ឱ្យជំនួសតំណែងនេះ។

បន្ទាប់មក លោក Maithripala Sirisena បានរំលាយសភានៅថ្ងៃទី៩ខែវិច្ឆិកាហើយបានអំពាវនាវឱ្យមានការបោះឆ្នោតមុនពេលកំណត់ជិត២ឆ្នាំមុន។៤ថ្ងៃក្រោយពីលោក Maithripala Sirisena បានបណ្តេញសភា តាមក្រឹត្យពិសេសមួយតែតុលាការជាន់ខ្ពស់បានចេញការសម្រេចបណ្តោះអាសន្នដោយព្យួរចំណាត់ការរបស់លោកMaithripala Sirisena និងស្ដារសភាឡើងវិញដែលភ្លាមៗមកនោះ បានអនុម័តការបោះឆ្នោតមិនផ្តល់សេចក្តីទុកចិត្តប្រឆាំងលោក Mahinda Rajapakse ៕ដោយ៖សុខា/sn

លោក Maithripala Sirisena បានរុញច្រាលប្រទេសនេះ ឱ្យធ្លាក់ក្នុងវិបត្តិកាលពីខែតុលានៅពេលដែលលោក បានបណ្តេញនាយករដ្ឋមន្ត្រីនិងរំលាយសភា