តុលាការ​ហុងកុង​បញ្ជា​ឲ្យ​បាតុករ​ចាកចេញ​ពី​អាកាសយានដ្ឋាន​(វីដេអូ)​

693
ចែករម្លែក

​តុលាការ​ហុងកុង​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៤​សីហា​នេះ​បាន​ចេញ​បញ្ជា​ឲ្យ​នាំ​បាតុករ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង ក្រោយពី​ពួកគេ​ប្រឈម​មុខ​ហិង្សា​ជាមួយ​​ប៉ូលិស​។​

​បើ​តាម​សារព័ត៌មាន​South China Morning Post អាជ្ញាធរ​អាកាសយានដ្ឋាន​ត្រូវបាន​ចៅក្រម​ផ្តល់​សិទ្ធិ​អំណាច​នេះ​កាលពី​យប់​ថ្ងៃ​អង្គារ​នៅពេល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​​ហុងកុង​បាន​ឈាន​ដល់​ចំណុចកំពូល​សា​ជា​ថ្មី​កាលពី​ថ្ងៃ​អង្គារ នៅ​ពេល​ពួក​អ្នក​តវ៉ា​ប្រឆាំង​បានធ្វើការ​អង្កុយ​តវ៉ា​នៅ​អាកាសយានដ្ឋាន​នេះ​ដល់​ថ្ងៃទី​៥​ជាប់​គ្នា ជាហេតុ​នាំ​ឲ្យ​​មានកា​រលុប​ជើងហោះហើរ​ទាំងអស់​។​

​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបា​លហុង​កុង បាន​ស្តីបន្ទោស​អំពើ​របស់​បាតុករ​នៅ​អាកាសយានដ្ឋាន ដែល​បាន​នាំ​ដល់​អំពើហិង្សា​និង​ការវាយប្រហារ​លើ​ប៉ូលិស​។​

​ការប្រឆាំង​តវ៉ា​នៅ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​បាន​ចាប់ផ្តើម​តាំងពី​ជាង​២​ខែ​មុន ក្រោយ​ពី​អង្គនីតិបញ្ញត្តិ​នៃ​ទឹកដី​នេះ បាន​ចាប់ផ្តើម​ជជែក​ពិភាក្សា​ដើម្បី​អនុម័ត​ច្បាប់​បត្យាប័ន​​ដ៏​ចម្រូងចម្រាស​មួយ ដែល​នឹង​អនុញ្ញាត​ឲ្យ​បញ្ជូប​ខ្លួន​ជនសង្ស័យ​ទៅកាត់​ទោសនៅ​តុលាការ​ចិនដី​គោក​។​មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ បានបញ្ជាក់​ថា សេចក្តីច្បាប់​​នេះ​បាន​ងាប់​ទៅហើយ តែ​ពួក​បាតុករ​ទាមទារ​ឲ្យ​លុប​វា​ចោល​ទាំងស្រុង និង​ធ្វើ​ការទាមទារ​ថ្មីៗ​មួយចំនួនទៀត​។​

​សូមបញ្ជាក់​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង​បាន​បើក​ដំណើរការ​ឡើងវិញ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ដោយ​ជើងហោះហើរ​រាប់រយ​ត្រូវបាន​រៀបចំ​ឡើង​វិញ​ក្រោយពី​ត្រូវ​បាន​លុបចោល​​ឬ​ពន្យារពេល​នៅ​ពីរ​បី​ថ្ងៃ​មកនេះ​។​

​ទោះជា​យ៉ាងណា អ្នក​តវ៉ា​ប្រឆាំង​ប្រមាណ​៣០​នាក់​ត្រូវបាន​គេ​ឃើញ​នៅ​អាកាសយានដ្ឋាន​ដដែល​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នៅ​ពេល​បុគ្គលិក​កម្មករ​អាកាសយា​ន​បាន​ចាប់ផ្តើម​បោស​ស​​ម្អាត ជូត​ឈាម​និង​រើ​កម្ទេចកម្ទីចេញ​។​

​ចលាចល​បាន​កើតឡើង​នៅ​អាកាសយានដ្ឋាន​ហុងកុង​ដល់​ថ្ងៃទី​២​កាលពី​ថ្ងៃ​អង្គារ នៅពេល​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ធ្វើការ​អង្គុយ​ក្រាញ​មិន​ព្រម​ចាកចេញ​ពី​អាកាស​​យានដ្ឋាន​ដ៏​មមាញឹក​បំផុត​នេះ នាំ​ឲ្យ​អ្នកដំណើរ​រាប់ពាន់​នាក់​ខកដំណើរ ប៉ូលិស​បាញ់​ម្ស៉ៅ​ម្ទេស និង​អ្នកកាសែត​ចិនដីគោក​ម្នាក់​ត្រូវបាន​គេ​វាយ​។​

​ពួក​បាតុករ​បាន​ផ្គើន​នឹង​ការព្រមាន​ពី​មេដឹកនាំ​ហុងកុង ដែល​ថា​ពួកគេ​កំពុង​ធ្វើ​ឲ្យ​ហុងកុង​ធ្លាក់​ចូល​ក្នុង​ផ្លូវ​មួយ​ដែល​មិន​អាច​បក​ក្រោយ​វិញ ហើយ​ប្រធានាធិបតី​អាម៉េរិក​​អំពាវនាវ​ឲ្យ​ស្ងប់ស្ងាត់ ដោយ​ថា ផ្នែក​ស៊ើបការណ៍​របស់​លោក​បាន​ប្រាប់ថា ទាហាន​ចិន​កំពុង​ធ្វើដំណើរ​មក​កាន់​ព្រំដែន​ហុងកុង​៕​ដោយ​៖​វាសនា​

​ការតវ៉ា​ប្រឆាំង​រយៈពេល​១០​សប្តាហ៍​មក​នេះ នាំ​ដល់​ការប្រឈមមុខ​គ្នា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង