តុលាការ​អនុញ្ញាតអោយ​កំពូល​តារាភាពយន្ត​ឥណ្ឌា​បង់​ប្រាក់​នៅ​ក្រៅ​ឃុំ​

1108
ចែករម្លែក

​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ តុលាការ​មួយ​បានអនុញ្ញាត​អោយ​កំពូល​តារាភាពយន្ត​លោក សាល់​ម៉ាន់ ខាន់​(Salman Khan)​បង់ប្រាក់​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ​ក្នុង​ពេល​រង់ចាំ​​ការឡើង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការដាក់ទោស​លោក​ចំពោះ​ការចោទប្រកាន់​ថា​លោក​បាន​បាញ់​សម្លាប់​សត្វ​ប្រើស​ដ៏​កម្រ​ក្នុងព្រៃ​អភិរក្ស​មួយ​កាលពី​២​ទសវត្សរ៍​មុន​។​

​ខាន់ ត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ភ្លាម​ក្រោយ​តុលាការ​បាន​សំរេច​ដាក់ទោស​លោក​អោយ​ជាប់គុក​៥​ឆ្នាំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ តែ​កាលពី​ថ្ងៃ​សៅរ៍​ចៅក្រម​ម្នាក់​បាន​​បញ្ជា​អោយ​លោក​ចុះ​ហត្ថលេខា​ដាក់​តម្កល់​ប្រាក់​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ​ចំនួន​៥០.០០០​រូ​ពី​(៧៧០​ដុល្លារ​)​មុនពេល​លោក​ត្រូវបាន​ដោះលែង​ចេញពី​គុក​នៅ​ក្រុង​ចុត​ពួរ ភាគ​​ខាងលិច​ឥណ្ឌា​។​

​ក្រោយ​ត្រូវ​បាន​ដោះលែង លោក​បាន​ធ្វើដំណើរ​ត្រង់​ទៅកាន់​អាកាសយានដ្ឋាន​ដើម្បី​ជិះ​យន្តហោះ​ទៅ​កាន់​គេហដ្ឋាន​នៅ​ក្រុម​មុំ​បៃ​។​

​អ្នកគាំទ្រ​របស់​ខាន់​រាប់រយ​នាក់ បានបង្ហាញ​ការសប្បាយ​រីករាយ​ជា​ខ្លាំង​ដោយ​ខ្លះ​បាន​រាំ​នៅ​ក្រៅ​ពន្ធនាគារ​និង​ស្រែកថា​”​ពួកយើង​ស្រឡាញ់​អ្នក សាល់​ម៉ាន់​”​។​បងប្អូន​ស្រី​​របស់លោក នាង​Alvira និង Arpita​ក៏​មាន​វត្តមាន​នៅ​ក្រៅ​គុក​ផងដែរ​។​

​ដោយ​កាន់​ផ្ទាំង​រូប​ខាន់​ដ៏​ធំ ពួកគេ​ក៏​បាន​ដុត​ផាវ​និង​ច្រៀង​បទ​ចំរៀង​យកចេញ​ពី​ភាពយន្ត​ដែល​ខាន់​បាន​សម្តែង ហើយ​ខ្លះ​បាន​រត់​ដេញ​តាម​រថយន្ត​របស់​លោក​ថែមទៀត​។​ទិដ្ឋភាព​កាន់តែ​តានតឹង​នៅក្រៅ​គេហដ្ឋាន​របស់​លោក​នៅ​មុំ​បៃ ខណៈ​អ្នកគាំទ្រ​រាប់ពាន់​នាក់​រង់ចាំ​រាប់​ម៉ោង​និង​ដុត​កាំជ្រួច​ផាវ នៅពេល​ខាន់​មកដល់​។​

​លោក​បាន​ឡើង​ទៅ​កាន់​យ៉​ផ្ទះ អម​ដោយ​ឪពុក​និង​បងប្អូន​របស់​លោក ឱប​និង​បក់ដៃ ហើយ​អរគុណ​អ្នកគាំទ្រ​ចំពោះ​ការគាំទ្រ​របស់​ពួកគេ និង​បាន​ចូល​ក្នុង​ផ្ទះ​វិញ ក្រោយ​អោយ​សញ្ញា​ដល់​អ្នកគាំទ្រ​អោយ​វិល​ទៅផ្ទះ​វិញ​។​

​សូមបញ្ជាក់​ថា ខាន់​បាន​ចំណាយ​ពេល​នៅ​ក្នុង​គុក​សរុប​១៨​ថ្ងៃ​នៅ​ឆ្នាំ​១៩៩៨ ២០០៦​និង​២០០៧ ក្នុងករណី​បាញ់​សត្វ​ប្រើស​នេះ តែ​ត្រូវបាន​ដោះលែង​អោយ​នៅ​ក្រៅ​ឃុំ​​រហូត​។​លោក​ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក​រវាង​១​និង​៥​ឆ្នាំ​នៅក្នុង​ករណី​ពាក់ព័ន្ធ មុនពេល​ត្រូវ​បាន​ដោះលែង​ដោយ​បណ្តឹងឧទ្ធរណ៍​ដោយសារ​ខ្វះ​ភស្តុតាង​។​

​តារា​វ័យ​៥២​ឆ្នាំ​រូប​នេះ បាន​សម្តែង​ភាពយន្ត​ភាសា​ហិណ្ឌី​ជាង​៩០​រឿង តែ​គាត់​ក៏​បាន​សាង​កេរ្តិ៍ឈ្មោះ​ជា «​ក្មេង​អាក្រក់​ក្នុង​ក្រុមហ៊ុន​ភាពយន្ត​បូលីវូត​» ដោយសារ​តែ​ព្រឹត្តិការ​​ណ៍​បុករ​ត់​មួយ និង​ទំនាក់ទំនង​មាន​បញ្ហា​ជាមួយ​នារីៗ​ជាច្រើន​។​ខាន់​ក៏បាន​ប្រឈម​ការចោទប្រកាន់​ផ្សេងទៀត​កាលពី​អតីតកាល​។​នៅ​ឆ្នាំ​២០១៤ តុលាការ​ជាន់ខ្ពស់​ក្រុង​មុំ​បៃ បាន​សំរេច​អោយ​លោក​រួច​ទោស​ចំពោះ​ការបើកបរ​ក្រោយ​ឥទ្ធិពល​ស្រវឹង និង​ករណី​បើក​បុក​ហើយ​រត់​ក្រោយ​ពី​រង​បណ្តឹង​ថា​បើក​កិន​បុរស​៥​នាក់​ដែល​កំពុង​ដេក​នៅ​​តាម​ចិញ្ចើម​ផ្លូវ​នៅ​ឆ្នាំ​២០០២ និង​បាន​សម្លាប់​ពួកគេ​ម្នាក់​៕​ដោយ​៖​វាសនា​

​ប៉ូលិស​បំបែកហ្វូង​អ្នកគាំទ្រ​របស់​ខាន់​នៅក្រៅ​គុក​នៅ​ក្រុង​ចុត​ពួរ រដ្ឋ​រ៉ា​ចា​ស្ថាន​កាលពី​ថ្ងៃ​សៅរ៍​

​ខាន់​ទៅដល់​អាកាសយានដ្ឋាន​ក្រោយ​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​កាលពី​ថ្ងៃ​សៅរ៍​

#