តុលាការ​អាច​សម្រេច​រឿងក្ដី​លោក​ឡាយ វណ្ណៈ និង បក្ខពួក ៥​នាក់​នៅថ្ងៃនេះ​

1043
ចែករម្លែក
  • 521
    Shares

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង បក្ខពួក​៥​នាក់ នឹងត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បញ្ជូន​មកកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ម្តងទៀត នៅ​ព្រឹក​ថ្ងៃទី​៣ ខែមេសា​នេះ ដើម្បី​សាកសួរ​ករណី​ឃាតកម្ម​លើ​នារី​ស្រស់ស្អាត ចេ​វ សុ​វ​ឌ្ឍ​នា ។ ថ្ងៃនេះ មជ្ឈដ្ឋាន​មួយចំនួន រំពឹងថា តុលាការ​នឹង​សម្រេច​អំពី​ករណី​ដ៏​កក្រើក នេះ​គឺ ចោទប្រកាន់​ជនសង្ស័យ​ទៅតាម​ច្បាប់​។

​សំណុំរឿង​មួយ​នេះ គឺ ស្ថិតក្រោម​ចំណាត់ការ​របស់លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​គួររំលឹកថា លោក ឡាយ វណ្ណៈ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅមុខ​វិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុង​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ស្ថិតនៅ​ចំងាយ ប្រមាណ​១៥០​ម៉ែត្រ ពី​កន្លែង​ប្រារព្ធ​ពិធី​ផ្ទេរ​ប្រធាន​បក្ស​ខេត្ត កាលពី​រសៀល​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៨ ក្រោយ​ពិធី​បញ្ចប់​ដំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តតាកែវ​។​

​សមត្ថកិច្ច​មាន​គ្នា​៤​ទៅ​៥​រថយន្ត បាន​ឃាត់​រថយន្ត​របស់លោក ឡាយ វណ្ណៈ ដោយ​សមត្ថកិច្ច​បានបង្ហាញ​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន របស់លោក​សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បាន​នាំ​លោក ឡាយ វណ្ណៈ មកកាន់​រថយន្ត​សមត្ថកិច្ច នាំមក​ទៅកាន់​រាជធានី​ភ្នំពេញ​។​

​សរុប​ជនសង្ស័យ​ទាំង​៦​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ដ៏​អាថ៌កំបាំង​លើ​ស្ត្រី​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា រួមមាន លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ជឹម វុ​ធ ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា ឈ្មោះ មេន សម័យ អ្នក​បើកឡាន ឱ្យ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឱ្យ​លោក ឡាយ ណា​រិ​ទ្ធ​។

​ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​ស្រស់ស្អាត ចេ​វ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​កន្លងទៅ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ​៕ ល​