តុលាការ​អាមេរិក​សម្រេច​ឱ្យ​ហាង​កាហ្វេ​ទាំងអស់​ព្រមាន​អតិថិជន​ខ្លួន​អំពី​សារធាតុ​គីមី​បង្ក​មហារីក រួមទាំង​ហាង​ល្បី Starbucks

1255
ចែករម្លែក

​តុលាការ​កំពូល​ក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​បានធ្វើការ​វិនិច្ឆ័យ​ថា ក្រុមហ៊ុន​កាហ្វេ​ទាំងអស់​គួរតែ​ដាក់​ស្លាក​ផលិតផល​កាហ្វេ​របស់​ពួកគេ​ដែល​លក់​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ជាមួយ​ការព្រមាន​អំពី​ជំងឺមហារីក ដែល​ញ៉ាំងឱ្យមាន​រឿងចម្រូងចម្រាស់​ច្រើន​។​

​ការវិនិច្ឆ័យ​នេះ​ត្រូវបាន​ស្នើឡើង​ដោយ​ចៅក្រម អេ​លី​ហ៊ូ បឺ​ឡេ (Elihu Berle) ដែល​និយាយថា ក្រុមហ៊ុន​កាហ្វេ​នានា “​ខកខាន​មិនបាន​បំពេញ​នូវ​បន្ទុក​របស់ខ្លួន​ដើម្បី​សបញ្ជាក់​…​ថា​ការ​ទទួលទាន​កាហ្វេ​ផ្តល់​ផលប្រយោជន៍​ដល់​សុខភាព​មនុស្ស​”​។​

​លោក បឺ​ឡេ ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន AP ដកស្រង់​សម្តី​ដោយ​និយាយថា “​ខណៈដែល​ដើមចោទ​បានផ្តល់​ភស្តុតាង​ថា​ការ​ទទួលទាន​កាហ្វេ​បង្កើន​ហានិភ័យ​នៃ​ការប៉ះពាល់​ដល់​គភ៌ ទារក កុមារ និង​មនុស្សពេញវ័យ អ្នកឯកទេស​ខាង​វេជ្ជសាស្ត្រ​និង​រោគរាតត្បាត​បានផ្តល់​សក្ខី​កម្ម​ថា ពួកគេ​មិនមាន​មតិយោបល់​អ្វី​អំពី​មូលហេតុ​បង្ក​នោះទេ​”​។

​ពាក្យបណ្តឹង​នេះ​ត្រូវបាន​ប្តឹង​ដោយ​អង្គ​ការមិន​រកប្រាក់​ចំណេញ​មួយ​របស់​អាមេរិក គឺមាន​ឈ្មោះថា ក្រុមប្រឹក្សា​អប់រំ​និង​ស្រាវជ្រាវ​ស្តីពី​សារធាតុពុល (CERT) ដោយ​លើក​ហេតុផល​ថា ហាង​លក់​កាហ្វេ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​គួរតែ​ជូនដំណឹង​ដល់​អតិថិជន​អំពី​គ្រោះថ្នាក់​នៃ​សារ​ធាតុគីមី​ឈ្មោះ Acrylamide នៅក្នុង​កាហ្វេ​។​

​ក្រុមហ៊ុន​កាហ្វេ​ជាច្រើន​ក្រោម​ចំណុះ​របស់​ក្រុមហ៊ុន Starbucks Corp បាន​អះអាងថា វត្ត​មាននៃ​សារធាតុ​គីមី​នេះ​នៅក្នុង​កាហ្វេ គឺ​ស្ថិតនៅ​កម្រិត​ស្រាល គ្មាន​គ្រោះថ្នាក់​ទេ​។​

​រដ្ឋ​កាលីហ្វ័រ​ញ៉ា​បានអនុម័ត​ច្បាប់​ស្តីពី​ជាតិពុល និង ទឹក​ទទួលទាន​មាន​សុវត្ថិភាព ដែល​គេ​ស្គាល់​ផងដែរ​ថា សំណើ​លេខ ៦៥ ក្នុង​ឆ្នាំ ១៩៨៦ គឺ​តម្រូវឱ្យមាន​ការព្រមាន​អំពី​ផលិតផល​ប្រើប្រាស់​ផ្ទុក​សារធាតុពុល ដែល​អាច​បង្កឱ្យមាន​ជំងឺមហារីក​និង​ពិការភាព​ពី​កំណើត​។​

​សារធាតុ Acrylamide គឺជា​សារធាតុ​គីមី​ដែល​អាច​បង្កើតបាន​នៅក្នុង​អាហារ​មួយចំនួន​អំឡុងពេល​ចម្អិន​ដែលមាន​សីតុណ្ហភាព​ខ្ពស់ ហើយ​ត្រូវបាន​គេ​រកឃើញ​មាន​សារជាតិ​បង្ក​មហារីក​ពេលធ្វើ​ពិសោធន៍​លើស​ត្វ​កណ្តុរ​។ ក្នុងករណី​កាហ្វេ​វិញ គ្រោះថ្នាក់​អាច​នឹង​កើតឡើង​នៅពេល​គេ​ដុត​គ្រាប់​កាហ្វេ​៕ ដោយ៖ កញ្ញាដាលីស

ហាង​កាហ្វេ​ទាំងអស់​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ត្រូវបាន​តុលាការ​បង្គាប់​ឱ្យ​ព្រមាន​អតិថិជន​អំពី​សារធាតុ​គីមី​បង្ក​មហារីក​ក្នុង​កាហ្វេ​របស់ខ្លួន