តុលាការ​អាម៉េរិក​និយាយថា អ្នកគាំទ្រ​ដែល​មិន​សប្បាយចិត្ត មិនអាច​ប្តឹង​ការប្រកួត​ដ៏​ធុញទ្រាន់​រវាង​មេ​វេ​ឌ័​រ​និង​ប៉ាក​គី​អៅ​បានទេ​

183
ចែករម្លែក

​តុលាការ​ឧទ្ធរណ៍​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២១ វិច្ឆិកា​និយាយថា​អ្នកគាំទ្រ​ប្រដាល់​ដែលមាន​អារម្មណ៍​ចាញ់បោក​គេ បន្ទាប់ពី​ដឹងថា​មែន​នី ប៉ាក​គី​អៅ រងរបួស​មុនពេល​ប្រកួត​ជាមួយ​ផ្ល​យ មេ​វេ​ឌ័​រ មិនអាច​បន្ត​វិវាទ​ផ្លូវច្បាប់​បានទេ ពីព្រោះ​ការប្រកួត​ទម្ងន់​មធ្យម​ឆ្នាំ ២០១៥ ដែល​គេ​ប្រសិទ្ធ​នាម​ថា “​ការប្រកួត​ប្រចាំ​សតវត្សរ៍​” បាន​ធ្វើឡើង​ចប់សព្វគ្រប់​តាម​លក្ខខណ្ឌ​របស់គេ​រួចហើយ​។​

​តុលាការ​ឧទ្ធរណ៍​ទី ៩ របស់​អាម៉េរិក​បានសម្រេច​សេចក្តី​ក្នុង​លទ្ធផល ៣-០ ថា អ្នកគាំទ្រ​និង​អតិថិជន​ទិញ​សិទ្ធិ​មើល​តាម​ទូរទស្សន៍ ដែល​បង់ប្រាក់​រាប់រយ​លាន​ដុល្លារ​ដើម្បី​មើល “​ការប្រយុទ្ធ​ដ៏​គួរឱ្យ​ធុញ​បំផុត​” ទទួលបាន​នូវ​អ្វីដែល​ពួកគេ​បាន​ចំណាយ​រួចហើយ នៅពេលដែល​មេ​វេ​ឌ័​រ​និង​ប៉ាក​គី​អៅ បាន​ឈាន​ជើង​ចូល​ស​ង្វ្រៀ​ន​ឡាស​វេ​ហ្គាស ដោយ​វេ​មេ​ឌ័​រ​ឈ្នះ​ក្នុងការ​សម្រេចសេចក្តី​ជា​ឯកច្ឆន្ទ​ចំនួន​១២​ទឹក​។​

​ចៅក្រម​តុលាការ​លោកស្រី ជែក​ក្វេ​លីន ង្វៀន​និយាយថា ដើមបណ្តឹង​មិនបាន​បង្ហាញ​ការខូចខាត​ផ្លូវច្បាប់​ណាមួយ​ពី​ការខកខាន​របស់​ប៉ាក់​គី​អៅ​ក្នុងការ​បង្ហាញ​របួសរ​យៈ​ពេល ៤ សប្តាហ៍​នៅ​ស្មា​ខាងស្តាំ​របស់គាត់​រហូត​ដល់ ៣ ម៉ោង​មុន​ការប្រកួត​ថ្ងៃទី ២ ខែឧសភា​ឆ្នាំ ២០១៥ បានចាប់ផ្តើម​នោះទេ​។​

​លោកស្រី​និយាយថា ការអនុញ្ញាតឱ្យ​មានដំណើ​រការ​នីតិវិធី​ប្តឹង​នេះ​កើតឡើង អាច​នឹង​ធ្វើឱ្យ​ក្រឡាប់ចាក់​កីឡា​អាជីព​ទាំងស្រុង ព្រោះ​ត្រូវ​តម្រូវឱ្យ​អត្ត​ព​លិ​ក​បង្ហាញ​ពីរ​បួស​តិចតួច ដែល​គូប្រជែង​អាច​ប្រើ​ដើម្បី​កេងចំណេញ​លើ​ការប្រកួត​។​

​លោកស្រី​ង្វៀន​បានសរសេរថា “​ទោះបី​ការប្រកួត​នេះ​ប្រហែលជា​ខ្វះ​ឆាកល្ខោន​ដែល​ស័ក្តិសម​ទៅនឹង​ការឃោសនា​ដ៏​កក្រើក​នៅមុន​ការប្រកួត​ក្តី ក៏ប៉ុន្តែ​ស្ថានភាព​ស្មា​របស់​ប៉ាក​គី​អៅ​មិនបាន​រារាំង​គាត់​មិនឱ្យ​ប្រកួត​ដល់​ទឹក​ទី ១២ ពេញ​នោះឡើយ​។ ដូច្នេះ​ដើមបណ្តឹង​ទទួលបាន​នូវ​អ្វីដែល​ពួកគេ​បាន​ចំណាយ​រួចហើយ​គឺ​ការប្រយុទ្ធ​ដែលមាន​លក្ខណៈ​ពេញលេញ​រវាង​កំពូល​អ្នក​ប្រដាល់​ទាំងពីរ​”៕ ដោយ៖ កញ្ញាដាលីស

ប៉ាក​គី​អៅ​មាន​របួស​ស្មា​តិចតួច​មុន​ប្រកួត​ជាមួយ​ផ្ល​យ​ក្នុង​ឆ្នាំ​២០១៥