តុលាការ​ឧទ្ធរណ៍​ថៃ​កាត់ទោស​ដាក់គុក​​អតីតពួកមេដឹកនាំ​ក្រុមអាវលឿងថៃ

295

​តុលាការ​ឧទ្ធរណ៍​ថៃ នៅ​ថ្ងៃ​ចន្ទ​ទី​២៤​ខែកក្កដា បានសម្រេច​រក្សាទុក​សាលក្រម​តុលាការ​ដំបូង​ថា​ជាការ​បានការ ហើយ​កាត់ទោស​ដាក់គុក​ក្រុម​អតីត​មេដឹកនាំ​៦​នាក់​នៃ​គណបក្ស​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​ប្រជាធិបតេយ្យ (ក្រុមអាវលឿង) ពីបទ​សម្រុក​ចូលលុក​លុយ​ចូលក្នុង​អគារ​ការិយាល័យ​រដ្ឋាភិបាល​និង​បាន​បង្ក​ការខូចខាត កាលពី​ឆ្នាំ​២០០៨ ក្នុងអំឡុងពេល​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​កាលនោះ​។

​ប៉ុន្តែ​តុលាការ​នេះ បាន​កាត់បន្ថយ​រយៈពេល​ការជាប់​ទោស​របស់​ពួកគេ​ពី​ចំនួន​២​ឆ្នាំ មក​នៅត្រឹម​ជាប់ទោស​រយៈពេល​៨​ខែ ដោយ​លើក​ហេតុ​ផង​ថា ពួកគេ​ទាំងនេះ មិន​បានធ្វើ​សកម្មភាព​ក្នុង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ ឬ ក្នុង​ផលប្រយោជន៍​របស់​បុគ្គ​ល​ណា​នោះទេ​។​

​ក្រុម​អតីត​មេដឹកនាំ​គណបក្ស​៦​នាក់​នេះ គឺ មាន លោក​ចម្លង ស្រ៊ីមឿង លោក សំ​សាក់ កូ​សៃ​ស៊ុ​គ លោក​ភូ​ផ​ប់ ថោ​ចៃ លោក សូ​រី​យា​សៃ កាតា​សិលា លោក សំ​គាត ពង់​ប៉ៃ​ប៊ុន និង លោក សុន​ធិ ឡឹម​ថោង​គល់​។ ពួកគេ​ទាំងនេះ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​តាម​ករណី​ចោទប្រកាន់​ដោយឡែក​ពីគ្នា ដែល​ជាប់ទាក់ទង​ទៅនឹង​អំពើហិង្សា នៅ​កាលនោះ​។

​តាម​ការចោទប្រកាន់រ​បស់​តុលាការ​នេះ​ថា អតីត​មេដឹកនាំ​៦​នាក់​នេះ បាន​ដឹកនាំ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​របស់លោក សំ​សាក់ ស៊ុន​ដា​រា​វិត​ដើម្បី​ដាក់​សម្ពាធ​លើ​លោក​ឱ្យ​លាលែង​ពី​តំណែង​នៅ​កាលនោះ​។ ក្រុម​មេធាវី​របស់​ពួកគេ មាន​គម្រោង​ស្នើ​សុំឱ្យ​ពួកគេ​នៅក្រៅ​ឃុំ​៕ ដោយ៖ សុខា

​ក្រុម​អតីត​មេដឹកនាំ​៦​នាក់​នេះ គឺ មាន លោក​ចម្លង ស្រីមឿង លោក សំ​សាក់ កូ​សៃ​ស៊ុ​គ លោក​ភូ​ផ​ប់ ថោ​ចៃ លោក សូ​រី​យា​សៃ កាតា​សិលា លោក សំ​គាត ពង់​ប៉ៃ​ប៊ុន និង លោក សុន​ធិ ឡឹម​ថោង​គល់