តុលាការ​ឧទ្ធរណ៍​មី​យ៉ាន់​ម៉ា សំរេច​បន្ត​ដាក់គុក​អ្នកកាសែត​រ៉​យ​ទ័​រ​

229
ចែករម្លែក

​ចៅក្រម​មី​យ៉ាន់​ម៉ា​ម្នាក់​កាលពី​ថ្ងៃ​សុក្រ​ទី​១១​មករា​បាន​ច្រានចោល​បណ្តឹងឧទ្ធរណ៍រ​បស់​អ្នកកាសែត​ធ្វើការ​អោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​២​នាក់​ដែល​ត្រូវបាន​​តុលាការ​ជាន់​ទាប​កាត់ទោស​អោយ​ជាប់គុក​ម្នាក់ៗ​៧​ឆ្នាំ​ដោយសារ​តែមាន​ព័ត៌មាន​សម្ងាត់​រដ្ឋ​ក្នុងពេល​ស៊ើបអង្កេត​ការប្រព្រឹត្ត​ព្រៃផ្សៃ​ប្រឆាំងនឹង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។​

​អ្នកយកព័ត៌មាន Wa Lone អាយុ​៣២​ឆ្នាំ និង Kyaw Soe Oo អាយុ​២៨​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្រុង​យ៉ាង​ហ្គោ​ន​កាលពី​ខែធ្នូ​ឆ្នាំ​២០១៧​និង​បន្ទាប់មក​ត្រូវបាន​ដាក់គុក​ដោយ​​សារ​រំលោភច្បាប់​ស្តីពី​ការសម្ងាត់​រដ្ឋ ។​

​រដ្ឋអាជ្ញា​និយាយថា អ្នក​ទាំងពីរ​បាន​មាន​ព័ត៌មាន​សម្ងាត់​រដ្ឋ ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​សន្តិសុខ​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន កន្លែង​ដែល​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់​បាន​ភៀសខ្លួន​​ទៅកាន់​ប្រទេសជិតខាង​បង់​ក្លា​ដែ​ស ក្រោយពី​មានការ​បង្ក្រាប​ដោយ​យោធា​មី​យ៉ាន់​ម៉ា​។​

Aung Naing ចៅក្រម​ម្នា​ក់នៅ​តុលាការ​ឧទ្ធរណ៍​តំបន់​យ៉ាង​ហ្គោ​ន បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា សាលក្រម​ដំបូង​«​មិន​ខុស​ទេ​យោងតាម​ច្បាប់​» និង​ជា​«​ការសំរេច​ដោយ​​ហេតុផល​មួយ​។​ដូច្នេះ តុលាការ​សំរេច​ច្រានចោល​បណ្តឹងឧទ្ធរណ៍​»​។​

​ឥឡូវ​ពួក​មេធាវី​របស់​អ្នកកាសែត​ទាំងពីរ​អាច​ប្តឹងទៅ​តុលាការ​កំពូល​មី​យ៉ាន់​ម៉ា ជា​ដំណើរការ​មួយ​ដែល​ត្រូវ​ចំណាយពេល​ប្រមាណ​៦​ខែ​។​

​ប្រពន្ធ​របស់​អ្នកយកព័ត៌មាន​ទាំងពីរ​បាន​យំ​ក្រោយ​តុលាការ​សំរេច​អោយ​ប្តី​របស់គេ​បន្ត​នៅក្នុង​គុក​ធំ​អ៊ិន​សេន​ក្នុង​ក្រុង​យ៉ាង​ហ្គោ​ន​៕​ដោយ​:​វាសនា​

អ្នកយកព័ត៌មាន Wa Lone (​រូប​) និង Kyaw Soe Oo ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែធ្នូ​ឆ្នាំ​២០១៧ និង​ក្រោយមក​ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក​៧​ឆ្នាំ​