តុលាការ​ឧទ្ធរណ៍​វៀតណាម​រក្សាទុក​ការកាត់ទោស​ប្រហារជីវិត​អតីត​នាយក​ក្រុមហ៊ុន​ដឹកជញ្ជូន​ពីររូប ក្នុងករណី​ពុករលួយ​ដ៏​ធំ​

1151
ចែករម្លែក

​តុលាការ​ឧទ្ធរណ៍​នៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​សីហា​បាន​រក្សាទុក​និង​ទទួលយក​ការកាត់ទោស​ប្រហារជីវិត​ទៅលើ​នាយក​ប្រតិបត្តិ​ពីររូប​មកពី​ឧស្សាហកម្ម​ដឹកជញ្ជូន​ដែល​ញាំញី​ដោយ​អំពើពុករលួយ បន្ទាប់ពី​បាន​កាត់ទោស​ពួកគេ​ពីបទ​កិបកេង​ប្រាក់​ជិត ១២ លាន​ដុល្លារ​ក្នុង​កិច្ចព្រមព្រៀង​រវាង​ឆ្នាំ ២០០៦ និង ២០០៨​។ ការផ្តន្ទាទោស​ចុងក្រោយបង្អស់​នេះ​ត្រូវបាន​ចាត់ទុកថា​ជាការ​បង្ក្រាប​ដ៏​កក្រើក​ក្នុង​វិស័យ​សាធារណៈ​។​

​នៅក្នុង​ការជំនុំជម្រះ​លើកដំបូង​កាលពី​ខែកុម្ភៈ លោក​យ៉ាង គីម​ដា​ត អតីត​ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន​សង់​នាវា​ដ៏​សម្បូរ​បញ្ហា Vinashinlines និង​លោក ត្រឹ​ន វ៉ាន់ លៀម អតីត​អគ្គនាយក​ក្រុមហ៊ុន​ដដែល​នេះ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ពីបទ​លួច​ប្រា​ក់ជាង ២៦០ ពាន់​លាន​ដុង (១១,៦៥ លាន​ដុល្លារ​) ពី​ក្រុមហ៊ុន​រវាង​ឆ្នាំ ២០០៦ និង ២០០៨​។​

​កាលពី​ខែកុម្ភៈ អតីត​គណនេយ្យករ​រ​បស់​ក្រុមហ៊ុន លោក ត្រឹ​ន វ៉ាន់ ឃួ​ង ក៏ត្រូវ​ជាប់គុក​អស់​មួយជីវិត​ដែរ​ពីបទ​កេងប្រវ័ញ្ច​ប្រាក់ ខណៈ​ឪពុក​របស់​លោ​កដាត ឈ្មោះ​យ៉ាង វ៉ាន់ ហៀន បានទទួល​ទោស​ជាប់ពន្ធនាគារ ១២ ឆ្នាំ​ពីបទ​លាងលុយកខ្វក់​។ តុលាការ​ឧទ្ធរណ៍​កាលពី​ថ្ងៃ​សុក្រ​បាន​ទទួលយក​ការកាត់ទោស​ទាំងអស់នេះ​។​

​យោងតាម​ការចោទប្រកាន់​នេះ លោ​កដាត​បាន​លួច​កិបកេង​លុយ​ពី​កិច្ចព្រមព្រៀង​ចំនួន ១៦ ដើម្បី​ទិញ​ឬ​ជួល​នាវា​ចាស់ៗ​។ លោក​ក៏បាន​ណែនាំ​លោក​លៀម​អំពី​របៀប​ទិញ​និង​ជួល​កប៉ាល់ និង​ឃុបឃិត​ជាមួយ​ដៃគូ​បរទេស​ដើម្បី​កែតម្រូវ​តម្លៃ​សម្រាប់​ផលចំណេញ​ផ្ទាល់ខ្លួន​។​

​ការស៊ើបអង្កេត​បានរ​ក​ឃើញថា លោ​កដាត​បាន​បង់ប្រាក់​ឱ្យ​លោក​លៀម ១៥ ម៉ឺន​ដុល្លារ និង​លោក​ឃួ​ង ១១ ម៉ឺន​ដុល្លារ​ក្នុង​គ្រោងការ​កិបកេង​នេះ​។ ប្រាក់​ដែល​នៅសល់​ត្រូវបាន​ផ្ទេរ​ទៅ​គណនី​ធនាគារ​ជាច្រើន​ក្រោម​ឈ្មោះ​ហៀន ដែល​បាន​ប្រើ​វា​ដើម្បី​ទិញ​ផ្ទះ​និង​ឡាន​។​

​បន្ទាប់ពី​កំហុស​របស់គាត់​ត្រូវបាន​រកឃើញ លោ​កដាត​បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ហើយ​ត្រូវបាន​ចាប់ខ្លួន​នៅ​ខែកក្កដា​ឆ្នាំ ២០១៥ បន្ទាប់ពី​មាន​ដីកាចាប់ខ្លួន​ជា​អន្តរជាតិ​៕ ដោយ៖ កញ្ញាដាលីស

លោ​កដាត លោក​លៀម និង​លោក​ឃួ​ង បង្ហាញខ្លួន​នៅ​តុលាការ​ឧទ្ធរណ៍​កាលពី​ថ្ងៃ​សុក្រ