តុលាការ​ឥណ្ឌារ​កឃើញ​ទោស​កំហុស​អតីត​សមាជិក​សភា​ម្នាក់​​ពី​បទ​រំលោភ​

287
ចែករម្លែក

​អតីត​សមាជិកសភា​ម្នាក់​មក​ពី​គណបក្សកាន់អំណាច Bharatiya Janata (BJP) ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ធ្នូ​ពី​បទ​រំលោភ​និង​ចាប់ពង្រត់​នៅ​ទីក្រុង អ៊ុន​ណាវ ក្នុង​រដ្ឋ​អ៊ុត​តា ប្រា​ដែស ។​

​លោក គុល​ឌី​ប ស៊ី​ង សេន​ហ្កា ត្រូវបាន​ចាប់ខ្លួន​ពី​បទឧក្រិដ្ឋ កាលពី​ខែ​មេសា​ឆ្នាំ​មុន​និង​ត្រូវ​បាន​បណ្តេញចេញ​ពី​បក្ស BJP កាលពី​ខែ​សីហា​ឆ្នាំ​នេះ​ហើយ​ត្រូវបាន​តុលាការ​ក្រុង​ញូ​វ​​ដែលី​រកឃើញ​ពិរុទ្ធភាព​ពី​បទ​រំលោភ​និង​ចាប់ពង្រត់​ស្ត្រី​អាយុ​១៧ ឆ្នាំ​ម្នាក់​។

​តុលាការ​នឹង​ប្រកាស​អំពី​ការដាក់ទោស​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ​។​

​នៅ​ភូមិ​ម៉ា​ឃី ជា​ទី​ដែល លោក​គុល​ឌី​ប ស៊ី​ង សេន​ហ្កា​បានរស់នៅ ដោយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​ជនរងគ្រោះ​នោះ គឺ​មាន​ការអាណិតអាសូ​រ​តិចតួច​ចំពោះ​នាង​។ ពួក​អ្នកស្រុក​​ភាគច្រើន​បាន​និយាយប្រាប់​កាសែត​ថា ពួក​គេ​គាំទ្រ​សមាជិក​សភា​នេះ ដោយ​និយាយថា​គាត់​ត្រូវបាន​គេ​បង្ខូច​ឈ្មោះ​។​

​អ្នកស្រុក​ម្នាក់​បាន​និយាយថា ” យើង​មាន​អារម្មណ៍​សោកសៅ​ចំពោះ​ស្ថានភាព​គ្រួសារ​របស់​នាង​ប៉ុន្តែ​អ្នកភូមិ​ភាគច្រើន​នៅ​ទីនេះ មាន​ការអាណិតអាសូរ​ចំពោះ​លោក ​គុល​ឌី​ប ស៊ី​ង សេន​ហ្កា​។ សន្តិសុខ​មួយក្រុម​បាន​យាម​ការពារ​ផ្ទះ​របស់​ជនរងគ្រោះ​នេះ អស់​រយៈពេល​២​ខែ​មក​ហើយ​។​

​ករណី​នេះ​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សង្គម​ឥណ្ឌា ដោយសារ​តែ​វា​ពាក់ព័ន្ធ​នឹង​សមាជិកសភា​ជាមួយ​គណបក្ស​កាន់អំណាច​។ យោងតាម​របាយការណ៍ នៅក្នុង​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ឥណ្ឌា​បានឱ្យដឹងថា ចៅក្រម​បាន​និយាយថា​លោក​បាន​ទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ដែល​ថា​នាង​ត្រូវបាន​រំលោភ​និង​ស្ថិតក្រោម​ការគំរាមកំហែង​។​

​ជនរងគ្រោះ​ដែល​មាន​អាយុ​១៧ ឆ្នាំ​នៅ​ពេល​ត្រូវ​បាន​រំលោភ​កាលពី​ខែ​មិថុនា​ឆ្នាំ ២០១៧ នោះ​បាន​គំរាម​ដុត​ខ្លួន​ឯង​នៅ​ខាងក្រៅ​ផ្ទះ​របស់​អភិបាលរដ្ឋ​អ៊ុត​តា ប្រា​ដែស​បន្ទាប់ពី​​ប៉ូលិស​បដិសេធ​មិន​ធ្វើ​របាយការណ៍​និង​ចាត់ការ​ប្រឆាំង​សមាជិកសភា​ដ៏​មាន​ឥទ្ធិពល​នេះ​៕​ដោយ​៖​សុខា​/sn

លោក គុល​ឌី​ប ស៊ី​ង សេន​ហ្កា ត្រូវបាន​រកឃើញ​មាន​ពិរុទ្ធភាព​ពី​បទ​រំលោភ​