(ភ្នំពេញ)៖លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល និងជាចៅក្រមជំនុំជម្រះ នៅថ្ងៃទី១៨ ខែសីហា នេះ ប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីឈ្មោះ អៀត សារឹម ដាក់ពន្ធនាគារ១ឆ្នាំ សងសំណងចំនួន៦ពាន់ដុល្លារអាមេរិក សងសំណងជំងឺចិត្តចំនួន៤ពាន់ដុល្លារ និង ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទ ដើម្បីយកមកអនុវត្តទោសតាមច្បាប់ ។
លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល យល់ឃើញថា ចរិតប្រព្រឹត្តបទល្មើសរបស់ជនជាប់ចោទមានលក្ខណៈធ្ងន់ធ្ងរ កលល្បិចជាច្រើន ក្នុងការបោកប្រាស់ជនរងគ្រោះ ។ ដូច្នេះ តុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទ ។ ក្នុងការប្រកាសសាលក្រមនេះ កំបាំងមុខជនជាប់ចោទ តែចាត់ទុកជាចំពោះមុខ បើកផ្លូវឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។
ចន្លោះពេលនេះ លោកស្រី សុខ សោភ័ណ្ឌ ជាដើមបណ្ដឹង សង្ឃឹមថាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នឹងអាចចាប់ខ្លួនស្ត្រីឈ្មោះ អៀត សារឹម យកមកផ្តន្ទាទោសបាន ព្រោះពេលសវនាការជនជាប់ចោទបានបង្ហាញវត្តមាន តែពេលប្រកាសសាលក្រមបានគេចវេះមិនចូលខ្លួន ដោយមានចេតនាពិតប្រាកដក្នុងការគេចវេះពីការទទួលខុសត្រូវ ៕ដោយ៖ឆាយានាថ/sn
