តុលា​ការចេញ​ដីកា​បញ្ជា​លើក​ទី​២​ឲ្យ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​ចូលខ្លួន​

1066
ចែករម្លែក

​(​ភ្នំពេញ​)៖​តុលាការ​កំពុង​បន្ត​នីតិវិធី បន្ទាប់ពី​លោក ម៉ន ផល្លា ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ មិន​ចូល​បង្ហាញខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មាន​ជ័​យា​លពី​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៧​ដើម្បី​បំភ្លឺ​ករណី​ហិង្សា​ក្នុងពេល​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​នាពេល​កន្លងមក ។​

​មន្ត្រី​តុលាការ​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​នៅ​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៧​ថា​លោក​សៀង​សុខ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​បញ្ជា​លើក​ទី​២​ឲ្យ​លោក​ម៉ន​ផល្លា​ចូលខ្លួន​ដើម្បី​បំភ្លឺ​ករណី​ហិង្សា​ក្នុងពេល​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​នាពេល​កន្លងមកនេះ​។​មន្ត្រី​តុលាការ​ដដែល​បាន​អះអាងថា​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​នេះ​គឺ​ស្មើនឹង​ការនាំ​ឬ​ចាប់ខ្លួន​ឲ្យ​ខាងតែបាន​ដើម្បី​យកមក​សាកសួរ​។​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​លោក ម៉ន ផល្លា ឲ្យ​ចូលខ្លួន​ទៅ​បង្ហាញមុខ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ មុន​ថ្ងៃទី​១៧ ខែកក្កដា ដើម្បី​សាកសួរ​លើ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​កាលពី​ថ្ងៃ​ហែ​ក្បួន​ឃោសនាបោះឆ្នោត​ឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០១៧​កន្លងទៅ​។​

ការចេញ​ដីកាកោះ​នោះ​ដោយមាន​យោង​របាយការណ៍​សុំ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ តាម​មាត្រា​៣៧ មាត្រា​៩៤ និង​មាត្រា​១១៤ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។​
​ទោះយ៉ាងណា ករណីនេះ មិនមាន​ដីកា​កោះហៅ​ជនដៃដល់​ណា​ម្នាក់​ដែលមាន​នៅក្នុង​រឿងនេះ​ឡើយ ពោលគឺ​តុលាការ​កោះហៅ​តែ​លោក ម៉ន ផល្លា ម្នាក់​គត់​មក​បំភ្លឺ ដោយសារតែ​លោក​ជា​អ្នករៀបចំ និង​ដឹកនាំ​ការហែក្បួន​ឃោសនាបោះឆ្នោត​នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៧ ៕S/​ដោយៈ​ស​រិ​ទ្ធ​

​តុលា​ការចេញ​ដីកា​បញ្ជា​លើក​ទី​២​ឲ្យ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ

#