តូ​តា គ្រោង​បោះទុន​ធំ​បង្កើន​សាខា​ហាង “​ផែ​សមុទ្រ​” ឲ្យ​មាន​គ្រប់​១២​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​

1295
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: តារា​សម្តែង​កញ្ញា តូ​តា បាន​ចំណាយ​ទុន​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​សម្រាប់​សាខា​ទី​បី “​ផែ​សមុទ្រ​” របស់​នាង ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ជិត​ស្តុ​ប​ផ្លូវភ្លោះ​អូរឫស្សី កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​២ មេសា ឆ្នាំ​២០១៧ ក្រោម​វត្តមាន​តារា​សិល្បៈ​ជាច្រើន​ដួង និង​អ្នកនិពន្ធ ចាងហ្វាង​ផលិតកម្ម​ល្បីៗ​ជាច្រើនរូប​។

​តារា​បង្ហាញ​ម៉ូត​រាង​ស្តង់ដារ​រូបនេះ បាន​ឲ្យ​ដឹងថា ហាង​មួយ​នេះ​បោះទុន​ជិត ២០​ម៉ឺន​ដុល្លារ ព្រោះ​នៅ​ចំ​កណ្តាល​ក្រុង ដែល​នាង​និង​ក្រុមការងារ​ចាយ​ច្រើនជាង​២​សាខា​មុន​។ នាង​បន្តថា នឹង​ត្រៀម​បើកហាង​១​កន្លែង​ទៀត នៅ​ម្តុំ​ផ្សារ​កាប់​គោ ដែល​កំពុង​រៀបចំ​កែលម្អ​។

“​ផែ​សមុទ្រ​” ដែល​នាង​ទទួលបាន​ការគាំទ្រ ដោយសារតែ​អាហារ​មាន​គ្រប់​រសជាតិ​បែប​គ្រឿង​សមុទ្រ​ប្លែកៗ មាន​រសជាតិ​ឆ្ងាញ់ ហើយ​ដូចជា​មិនមាន​ម្ហូប​ណា​វ៉ា​ដាច់​ម្ហូប​ណា គឺ​ភ្ញៀវ​សរសើរ​ថា​ឆ្ងាញ់​ប្រហែល​គ្នា​។ តូ​តា​លើកឡើង​ទៀតថា ក្រោយពេល​បើកមុខ​រប​រ​នាង​ប៉ះពាល់​ជាមួយ​ការងារ​សិល្បៈ​មួយផ្នែក​ដែរ តែ​នាង​ក៏​មិន​ចោល​ទៅណា​ដែរ គឺ​នៅតែ​ទទួល​គ្រាន់តែ​ទុកពេល​ខ្លះមក​មើលមុខ​របរ និង​សម្រាក​ខ្លះ​ដើម្បី​យក​កម្លាំង​។ ទោះយ៉ាងណា នាង​ក៏​រំពឹងថា អ្នកគាំទ្រ​ជួយ​គាំទ្រ​បន្តទៀត​ជាមួយ​សេវា​អាហារ​សមុទ្រ របស់​នាង​ដែល​មាននៅ​សាខា​ថ្មី​ផ្លូវ​មុនី​វង្ស​។​

​កញ្ញា​បាន​បន្ថែមថា ទៅ​ថ្ងៃ​អនាគត គ្រោង​នឹង​ពង្រីក​សាខា ផែ​សមុទ្រ​របស់​នាង ឲ្យ​បាន​១២ សាខា សម្រាប់​ខណ្ឌ​នីមួយៗ គឺមាន​មួយ​សាខា តែម្តង នាង​ថា បែបនេះ ខណៈដែល​នាង​គ្រោង​នឹង​បង្កើត​សាខា​មួយ ខណ្ឌ​មួយ​ត្រូវតែមាន​ហាង ផែ​សមុទ្រ​មួយ​តែម្តង​។

​ថ្វីត្បិតតែ​មាន​គម្រោង​ពង្រីក ឲ្យ​បាន​១២ សាខា ក្នុង​ខណ្ឌ​ទាំង​១២ នៅក្នុង​រាជធានី​ភ្នំពេញ តូ​តា ក៏​គ្រោង​នឹង​ទៅ​ពង្រីក​យីហោរ មួយ​នេះ ឲ្យ​បាន​គ្រប់​ខេត្ត​ក្រុង​ទូទាំងប្រទេស​ផងដែរ​។ ទន្ទឹមនឹង​ការលើកឡើង តូ​តា ក៏​បង្ហើប​ថា ខេត្តកំពត គឺជា​គោលដៅ​ដំបូង​គេ​ដែល​នាង កំពុងតែ​សំឡឹង ហើយ​ក៏មាន​ក្នុង​គម្រោង​ផងដែរ​។​

​នាឱកាស​បើកសម្ពោធ​ហាង​ថ្មី គេ​ឃើញ​មាន​វត្តមាន​តារា​សិល្បៈ អ្នកដឹកនាំ​រឿង​ចាងហ្វាង​ផលិតកម្ម​មួយចំនួន​ក៍មាន​វត្តមាន​ចូលរួម​មានដូចជា​អ្នកស្រី​ពាន់ ភួង​បុ​ប្ជា លោក​អ៊ិន សុ​ភិន អ្នកនាង​យុគ ចិន្តា អ្នកស្រី​ស​ម្ជ​ស្ស​ម្តាយ​សា​រ៉ា​យ ស​ក្ខ​ណា លោក​លឹម សុស​ត្យា អ្នកនាង​ខៀវ សាន​សា​ណា គង់ ច័ន្ទ​ស្រីមុំ នឹង​ស្វាមី កញ្ញា​ថន លក្ខិណា គង់ វង្ស​យ៉ា​ទី អ៊ឹង និមល អេ​ឡិច ចិ​ន្ត្រា រតនៈ ពិសិដ្ឋ​និង​តារា​មួយចំនួនទៀត​៕ ល​