តូ​នី គ្រូ​ស អាច​ក្លាយជា​ផ្នែក​នៃ​ការដោះដូរ​កីឡាករ ផូ​ល ប៉ុក​បា នៅ​រដូវក្តៅ​ឆ្នាំក្រោយ​

175
ចែករម្លែក

ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) កំពុង​សម្លឹង​រក​កិច្ចព្រមព្រៀង​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​ពាក់ព័ន្ធ​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) និង​កីឡាករ តូ​នី គ្រូ​ស (Toni Kroos)​។​
​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ខកខាន​មិនបាន​នាំយក​កីឡាករ ប៉ុក​បា ដែលជា​គោលដៅ​នៅ​រដូវក្តៅ​នេះ ខណៈ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ ប្រកាន់​ជំហរ​តឹងរ៉ឹង​ទាក់ទិន​នឹង​អនាគត​របស់​កីឡាករ​បារាំង​រូបនេះ​។​

​ប៉ុន្តែ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នេះ ដែល​បាន​យកឈ្នះ​ក្រុម​ឡេ​វ៉ាន​តេ​( Levante) ៣-២ កាលពី​ចុង​សប្តាហ៍​នៅ​ក្របខ័ណ្ឌ La Liga នោះ មិនទាន់​បោះបង់​ការ​តាម​ប្រ​ម៉ាញ់ ប៉ុក​បា នៅឡើយ​ទេ ហើយ​គ្រោង​នឹង​ត្រឡប់​មករក​កីឡាករ​រូបនេះ​ជាថ្មី​។​

​លោក ហ្ស៊ី​ដាន នៅតែ​ប្តេជ្ញាចិត្ត​ចង់បាន ប៉ុក​បា ហើយនឹង​ត្រៀម​ជម្រុះ​កីឡាករ តូ​នី គ្រូ​ស ទៅ​ក្លិប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដើម្បី​ព​ន្លឿ​ន​កិច្ចព្រមព្រៀង​ផ្ទេរ​។​

តាម​សេចក្តីរាយការណ៍​ថា យូ​ណាយ​ធី​ត​ក៏​ចាប់អារម្មណ៍​នឹង គ្រូ​ស ជា​កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់ ដែល​ទើបនឹង​ចុះ​កិច្ចព្រមព្រៀង​ថ្មី​រហូតដល់​រដូវក្តៅ​ឆ្នាំ​២០២៣ នេះដែរ​។​

​កិច្ចព្រមព្រៀង​ណាមួយ​នោះ អាច​នឹងមាន​តម្លៃ​ក្នុង​តំបន់​គឺ​១៨​លាន​ផោន​បូក​បន្ថែម​កីឡាករ គ្រូ​ស ដើម្បី​ផ្ទេរ​យក ប៉ុក​បា ។​

​ប៉ុក​បា ខកខាន​មិនបាន​បង្ហាញ​មុខ អំឡុងពេល​ក្រុម​យូ​ណាយ​ធី​ត​យកឈ្នះ​ក្រុម លៃ​សេ​ស្ទ័​រ​(Leicester)១-០ ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​បានបង្ហាញ​មុខ​ក្នុង​បួន​ប្រកួត​បើកឆាក​ដំបូង​។​

​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូបនេះ​បាន​បង្កើត​ឱកាស​ពីរលើក​សម្រាប់​មិត្ត​រួម​ក្រុម​ផងដែរ​មកទល់ពេលនេះ​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) និង​កីឡាករ តូ​នី គ្រូ​ស (Toni Kroos)