តួនាទី​ស្ថាបនា​របស់​ចិន​ក្នុង​កិច្ចចរចា​សន្តិភាព​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន​

436

​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​វត្តមាន​រប​ស់​ខ្លួន​នៅ​មជ្ឈិមបូព៌ា ជាពិសេស​នៅក្នុង​ពិភព​អារ៉ាប់ ក្រសួងការបរទេស​ចិន​បានរៀបចំ​កិច្ចប្រជុំ​មួយ​រវាង​គណៈប្រតិភូ​អ៊ីស្រាអែល​ដឹកនាំ​ដោយ​តំណាង​សហភាព​លិ​ទ្ធិ​ហ្សា​អឺ​ន (Zionist Union) លោក អិ​ម​ខេ ហ៊ី​លី​ក បា (MK Hilik Bar) និង​គណៈប្រតិភូ​ប៉ា​ឡេ​ស្ទី​ន​ដឹកនាំ​ដោយ​ទីប្រឹក្សា​ប្រធានាធិបតី​ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ លោក ណា​ប៊ី​ល សា​អាត (Nabil Shaat) កាលពី​ថ្ងៃទី ២១ ធ្នូ​។ កិច្ចប្រជុំ ដែល​រៀបចំឡើង​ដោយ​ក្រសួងការបរទេស​ចិន​នៅក្នុង​ទីក្រុង​ប៉េកាំង​នេះ ត្រូវបាន​ដាក់ឈ្មោះថា “​សន្និសីទ​សន្តិភាព​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន​” ហើយ​បង្ហាញ​ពី​ការប្រុងប្រយ័ត្ន​របស់​ចិន​លើ​កិច្ចចរចា​សន្ដិភាព​ដ៏​រសើប​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។​

“​សន្និសីទ​សន្តិភាព​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន​” ត្រូវបាន​រៀបចំឡើង​ក្រោយពី​ការប្រកាស​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល “​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​” ។ ចិន​សង្ឃឹម​បញ្ជាក់ថា ខ្លួន​គាំទ្រ​ការបង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន “​ដែលមាន​អធិបតេយ្យភាព​ពេញលេញ​” ផ្អែកលើ​ព្រំដែន​ឆ្នាំ ១៩៦៧ ជាមួយ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​មខាង​កើតជា​រដ្ឋធានីរ​បស់​ខ្លួន​។ ចិន​យល់​ពី​ការព្រួយបារម្ភ​របស់​ប​ណ្តា​រដ្ឋ​អ៊ីស្លាម​នានា​អំពី​ឋានៈ​របស់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​និង​អំពាវនាវ​ឱ្យមាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​ស្របតាម​សេចក្តីសម្រេច​ពាក់ព័ន្ធ​នានា​របស់​អង្គការសហប្រជាជាតិ​និង​ការព្រមព្រៀង​ជា​អន្តរជាតិ​។​

​ជម្រើស​របស់​អ្នកតំណាង​របស់​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន ដែល​បាន​ចូលរួម​ក្នុង “​សន្និសីទ​” នៅ​ទីក្រុង​ប៉េកាំង គឺ​គួរឱ្យ​ចាប់អារម្មណ៍​។ ប្រធាន​គណៈប្រតិភូ​រប​ស់​អ៊ីស្រាអែល​លោក អិ​ម​ខេ ហ៊ី​លី​ក បា គឺ​មកពី​គណបក្ស​ពលករ ដែលជា​គណបក្សប្រឆាំង​ធំ​មួយ​នៅក្នុង​សភា​អ៊ីស្រាអែល​។ លោក​ហ៊ី​លី​ក បា ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៦ ក្នុង​គណបក្ស​ពលករ ហើយ​ឥទ្ធិពល​នយោបាយ​របស់​គាត់​នៅក្នុង​រដ្ឋាភិបាល​អ៊ីស្រាអែល គឺមាន​កម្រិត​។​

​ទន្ទឹមនឹង​នេះដែរ ភាគី​ប៉ា​ឡេ​ស្ទី​ន​បានបង្ហាញ​ការយកចិត្តទុកដាក់​ដ៏​ស្មោះត្រង់​របស់​ពួកគេ​ចំពោះ​សន្និសីទ​នេះ​នៅក្នុង​ទីក្រុង​ប៉េកាំង​។ ប្រធាន​គណៈប្រតិភូ​ប៉ា​ឡេ​ស្ទី​ន​គឺ​លោក​ណា​ប៊ី​ល សា​អាត ជាទី​ប្រឹក្សា​ប្រធានាធិបតី​ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ​និង​មាន​ឥទ្ធិពល​យ៉ាងសំខាន់​នៅក្នុង​សង្គម​ប៉ា​ឡេ​ស្ទី​ន និង​មេដឹកនាំ​រដ្ឋអាជ្ញា​ប៉ា​ឡេ​ស្ទី​ន លោក ម៉ា​មូ​ដ អាប់​បាស់ (Mahmoud Abbas)​។ លោក អា​ម៉េ​ត ម៉ា​ដ្យា​ឡា​នី (Ahmed Majdalani) សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល​នៃ​អង្គការ​រំដោះ​ប៉ា​ឡេ​ស្ទី​ន (PLO) និង​ជាម​នុស្ស​ជិតស្និទ្ធ​របស់​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក ម៉ា​មូ​ដ អាប់​បាស់ ក៏បាន​ចូលរួម​នៅក្នុង​សន្និសីទ​ក្នុង​ទីក្រុង​ប៉េកាំង​ផងដែរ​។​

​ប្រទេស​ចិន​យកចិត្តទុកដាក់​យ៉ាងសំខាន់​ចំពោះ​កិច្ចចរចា​សន្តិភាពរ​វា​ង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ហើយ​ចាត់ទុក​ជម្លោះ​រវាង​ប៉ា​ឡេ​ស្ទី​ន​និង​អ៊ីស្រាអែល​ជា​”​បញ្ហា​ចាក់ឫស​យ៉ាងជ្រៅ​” នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​បច្ចុប្បន្ន​។ នៅក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ កាលពី​ខែមីនា​ឆ្នាំមុន ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង បាន​អះអាងថា ការរួមរស់​ជាមួយគ្នា​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​គ្រប់គ្នា​។ “​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​មជ្ឈិមបូព៌ា​បម្រើ​ផលប្រយោជន៍​ដល់​អ្នក​រាល់គ្នា​ទាំងអស់ រួមទាំង​ចិន​និង​អ៊ីស្រាអែល​”​។​

​បន្ទាប់ពី​ការប្រកាស​របស់លោក​ត្រាំ​អំពី “​ការទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​” មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​បាន​ស្វះ​ស្វែងរក​ការគាំទ្រ​ពី​អន្តរជាតិ​ដើម្បី​ធ្វើឱ្យ​ការសម្រេចចិត្ត​របស់លោក​ត្រាំ “​លែង​ស្របច្បាប់​” និង​ស្វែងរក​តួអង្គ​អន្តរជាតិ​ដ៏​ត្រឹមត្រូវ​មួយ​ដើម្បី​ជំនួស​អាមេរិក​ក្នុងនាម​ជា​អ្នក​សម្រុះសម្រួល​សម្រាប់​កិច្ចចរចា​សន្តិភាពរ​វា​ង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។ ពី​កិច្ចប្រជុំ​កំពូល​នៃ​សន្និសីទ​អង្គការ​អ៊ីស្លាម​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​សប្តាហ៍​មុន​រហូតដល់​សន្និបាត​អង្គការសហប្រជាជាតិ​នៅ​សប្តាហ៍​នេះ ប៉ា​ឡេ​ស្ទី​ន​សង្ឃឹមថានឹង​ប្រមូលបាន​ការគាំទ្រ​របស់​អន្តរជាតិ និង​ដាក់​សម្ពាធ​ឱ្យ​សហរដ្ឋអាមេរិក​និង​អ៊ីស្រាអែល​ដកចេញ​ឬ​ពន្យារពេល​អះអាង​សិទ្ធិ​របស់​ពួកគេ​លើ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។​

​វា​ដូចជា​ផ្ទុយ​ពី​ស្ថានភាព​ខាងលើ ដែល​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​បញ្ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​មួយ​ទៅកាន់​ទីក្រុង​ប៉េកាំង​ដើម្បី​ស្វែងរក​ការយោគយល់​និង​ការជួយជ្រោមជ្រែង​ពី​ប្រទេស​ចិន​។ ចំណែក អ៊ីស្រាអែល​វិញ​ជឿថា ការសម្រេចចិត្ត​របស់​ដូ​ណា​ល់​ត្រាំ​អំពី​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម គឺ “​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ពិត​ផ្នែក​នយោបាយ​” និង​អះអាងថា “​ការពិត​នៃ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​” គួរតែ​ជា​មូលដ្ឋាន​សម្រាប់​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​នាពេល​អនាគត​។ ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ត្រូវបាន​គ្រប់គ្រង​និង​កាន់កាប់​ដោយ​អ៊ីស្រាអែល​តាំងពី​ឆ្នាំ ១៩៦៧ ប៉ុន្តែ​អ៊ីស្រាអែល​ខ្វះ​ឆន្ទៈ​ក្នុងការ​ចូលរួម​កិច្ចពិភាក្សា​ការទូត​និង​ការចរចារ​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​។​

​ដោយ​ធ្លាប់ជា “​ចំណុច​ស្នូល​នៃ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​” សារៈសំខាន់​នៃ​សន្តិភាព​រវាង​ប៉ា​ឡេ​ស្ទី​ន​-​អ៊ីស្រាអែល​បាន​រលាយបាត់​យ៉ាង​រហ័ស​អំឡុងពេល​ពីរ​បី​ទសវត្សរ៍​កន្លងទៅនេះ​ដោយសារតែ​ការកើនឡើង​នៃ​អារម្មណ៍​ជាតិនិយម​នៅក្នុង​បណ្តា​រដ្ឋ​មជ្ឈិមបូព៌ា​ផ្សេងទៀត​។ ថ្វីបើ​ប្រទេស​អារ៉ាប់​និង​អ៊ីស្លាម​ទាំងអស់​បង្ហាញ​សន្ដាន​ចិត្ត​អាណិតអាសូរ​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ក៏ដោយ ក៏ប៉ុន្តែ​ពួក​មេដឹកនាំ​នៃ​រដ្ឋ​អារ៉ាប់​និង​អ៊ីស្លាម​ទាំងនោះ​ព្រួយបារម្ភ​អំពី​របៀបវារៈ​ជាតិ​របស់​ពួកគេ​ច្រើនជាង​។ ទន្ទឹមនឹង​នេះដែរ ប្រទេស​រុស្ស៊ី បារាំង អាល្លឺម៉ង់ សូម្បីតែ​ហ្ស៊​កដា​នី និង​អេ​ហ្ស៊ី​ប ក៏​ខ្វះ​ឆន្ទៈ​ស្មោះត្រង់​ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​សន្តិភាព​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ដែរ​។ ភាពស្មុគស្មាញ​នៅក្នុង​វេទិកា​នយោបាយ​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន ភាព​រសើប​នៃ​បញ្ហា​ពាក់ព័ន្ធ​ដូចជា​ឋានៈ​នៃ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ការតាំង​ទីលំនៅ​របស់​ជនភៀសខ្លួន និង​ព្រំដែន នឹងធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ការទូត​របស់​អ្នក​សម្រុះសម្រួល​ណា​ក្នុង​កិច្ចពិភាក្សា​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។​

​ប្រទេស​ចិន​គួរតែ​ចៀសវាង​ចូលរួម​ដោយផ្ទាល់​ក្នុង​ការចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន ដោយហេតុថា​ប្រទេស​ចិន​នៅ​ខ្វះ​សមត្ថភាព​និង​ការយល់ដឹង​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​សន្តិភាព​សម្រាប់​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។ ប្រទេស​ចិន​គួរតែ​បន្ត​ដើរតួនាទី​ស្ថាបនា​ជាជាង​តួនាទី​ដោយផ្ទាល់​ក្នុង​ដំណើរការ​សន្តិភាព​មជ្ឈិម​បូព៌ា​៕ ដោយ៖ កញ្ញាដាលីស

​ដកស្រង់​ចេញពី​វេ​ប​សាយ​ចិន CGTN

ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម