​សុង ហេ​ក្យូ និង លោក​សុង ជុង​គី ប្រកាស​លែងលះ​

546
ចែករម្លែក

​គូស្នេហ៍​ជាតា​រា​សម្តែង​កូរ៉េខាងត្បូង លោក​សុង ជុង​គី និង នាង​សុង ហេ​ក្យូ ដែល​បាន​រៀបការ​ក្នុង​ឆ្នាំ ២០១៧ បន្ទាប់ពី​បាន​សម្ដែង​ជា​គូស្នេហ៍​ល្អូកល្អិន​នៅលើ​កញ្ចក់​ទូរទស្សន៍ បានប្រកាស​ពី​ការបែកបាក់​របស់​ពួកគេ​។​

​លោក​សុង ជុង​គី អាយុ ៣៣ ឆ្នាំ ដែល​ផ្តល់​សេចក្តី​ថ្លែង​របស់គាត់​ទៅកាន់​អ្នកគាំទ្រ​តាមរយៈ​មេធាវី បាន​និយាយថា គាត់​សង្ឃឹមថានឹង​លែងលះគ្នា​ដោយ​រក្សា​មិត្តភាព​ដដែល​។​

​គាត់​បានដាក់​ពាក្យ​លែងលះ​ជា​ផ្លូវការ​ពី​តារា​សម្តែង​សុង ហេ​ក្យូ អាយុ ៣៧ ឆ្នាំ​នៅ​តុលាការក្រុង​សេ​អ៊ូ​ល កាលពី​ថ្ងៃ​ពុធ ទី​២៦ ខែមិថុនា​។​

​សេចក្តីថ្លែងការណ៍​ដែល​ចែកចាយ​លើ​អ៊ី​ន​ធឺ​ណេ​ត​ដោយ​វេ​ប​សាយ Soompi សរសេរថា “​សួស្តី​។ នេះ​គឺ​សុង ជុង​គី​។ ជាបឋម ខ្ញុំ​សុំទោស​ចំពោះ​ការជូនដំណឹង​គួរឱ្យ​សោកស្តាយ​នេះ​ដល់​អ្នកគាំទ្រ​ជាច្រើន ដែល​ស្រឡាញ់​និង​យកចិត្តទុកដាក់​ចំពោះ​ខ្ញុំ​។ ខ្ញុំ​បានចាប់ផ្តើម​ដំណើរការ​ដាក់ពាក្យ​លែងលះ​ពី​នាង​សុង ហេ​ក្យូ​ហើយ​។ ជាជាង​ប្រកាស​ថ្កោលទោស​គ្នា​ទៅវិញទៅមក និង​ឈ្លោះ​គ្នា​អំពី​អ្នក​ដែល​ត្រូវ​ស្តីបន្ទោស ខ្ញុំ​សង្ឃឹមថា ដំណើរការ​លែងលះ​អាច​នឹង​សម្រេច​រួចរាល់​ដោយ​មិត្តភាព​។ ខ្ញុំ​សុំឱ្យ​អ្នក​ទាំងអស់គ្នា​យោគយល់​ទាក់ទិន​នឹង​ការពិត​ដែលថា វា​ពិតជា​ពិបាក​ក្នុងការ​ពិភាក្សា​លម្អិត​អំពី​ជីវិត​ផ្ទាល់ខ្លួន​របស់ខ្ញុំ ហើយ​ខ្ញុំ​នឹង​ជាសះស្បើយ​ពីរ​បួស​បច្ចុប្បន្ន​របស់​ខ្ញុំ និង​ប្រឹង​អស់ពី​សមត្ថភាព​ខ្ញុំ​ក្នុងនាម​ជាតា​រា​សម្តែង​ដើម្បី​តបស្នង​សងគុណ​អ្នក​រាល់គ្នា​តាមរយៈ​វណ្ណ​កម្ម​អស្ចារ្យ​ក្នុងពេល​អនាគត​។ អរគុណ​”​។

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ ផលិតកម្ម​របស់​នាង​សុង ហេ​ក្យូ គឺ United Artists Agency (UAA) ក៏បាន​បញ្ចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​ដែរ​អំពី​ដំណើរការ​លែងលះ​នេះ ដោយ​និយាយថា ការចែក​ផ្លូវ​គ្នា​នេះ​គឺ​ដោយសារ​ការមិនចុះសម្រុង​នឹង​គ្នា​រវាង​អ្នក​ទាំងពីរ​៕ ដោយ៖ កញ្ញាដាលីស

សុង​ហេ​ក្យូ និង​លោក​សុង​ជុង​គី ប្រកាស​លែងលះ​កាលពី​ថ្ងៃ​ពុធ