តួ​កូរ៉េខាងត្បូង ហ្សុន មី​សុន ប្រទះឃើញ​ស្លាប់​នៅក្នុង​បន្ទប់​សណ្ឋាគារ សង្ស័យថា​ជា​អំពើ​អត្តឃាត​

632
ចែករម្លែក

តួ​ស្រី​របស់​កូរ៉េខាងត្បូង​នាង ហ្សុន មី​សុន (Jeon Mi-seon )​ដែល​សម្តែង​ក្នុង​រឿង​ភាគ​តាម​ទូ​រស​ទ្សន៍ រួម​មាន​រឿង​«​ព្រះ​ចន្ទ​ឱប​ព្រះអាទិត្យ​» ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅ​​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៩​មិថុនា​។​

​សិល្បការិនី​វ័យ​៤៨​ឆ្នាំ​រូប​នេះ​បាន​ស្នាក់នៅ​សណ្ឋាគារ North Jeolla​ក្នុង​ក្រុងហ្សុន​ជូ នៅ​ចម្ងាយ​ប្រមាណ​២៤០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​សេ​អ៊ូ​ល នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារ​​ព័ត៌មាន​យ៉ុន​ហាប់​។​

​សាកសព​របស់​នាង​ត្រូវបាន​រកឃើញ​បន្ទាប់ពី​នាយក​គ្រប់គ្រង​របស់​នាង​បាន​ទូរស័ព្ទ​ប្រាប់​ប៉ូលិស​ថា នាង​ហ្សុន មី​សុន បាត់​ខ្លួន​។​បើ​តាម​ពួក​មន្ត្រី នាង​ត្រូវ​គេ​ជឿ​ថា​បាន​ធ្វើ​អ​ត្ត​​ឃាត តែ​ការស៊ើបអង្កេត​មួយ​ចំពោះ​ការស្លាប់​របស់​នាង​ត្រូវបាន​ធ្វើឡើង​។​

​នាង​ហ្សុន ត្រូវ​សម្តែង​ក្នុង​រឿងល្ខោន​មួយ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​នៃ​សកល​វិទ្យាល័យ​មួយ​នៅ​ក្រុងហ្សុន​ជូ​។​ការសម្តែង​នេះ​ត្រូវបាន​លុប​ចោល​កាលពី​ថ្ងៃ​សៅរ៍ ក្រោយ​លេច​ឮ​ដំណឹង​​ថា​នាង​បាន​ស្លាប់​។​

​សិល្បការិនី​រូបនេះ បាន​សម្តែង​ក្នុង​រឿង​ភាគ​តាម​ទូរទស្សន៍​ជាច្រើន​រឿង ដែល​ទទួលបាន​ការសរសើ​រ​ពី​អ្នក​ទស្សនា​នៅ​ទូ​ទាំង​អាស៊ី​។​ភាពយន្ត​របស់​នាង​រួមមាន «​ស្នេហា​ក្នុង​ពន្លឺ​​ព្រះ​ចន្ទ​» ,​ចម្លើយ​តប និង​រឿង​«​ព្រះ​ចន្ទ​ឱប​ព្រះអាទិត្យ​»​។​

​ភាពយន្ត​ចុងក្រោយ​របស់​នាង​គឺ​រឿង​«​លិខិត​របស់​ស្តេច​» ដែល​នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​ខែ​កក្កដា​៕​ដោយៈ​វាសនា​