តួ​ក​គី​និង​អារ៉ាប៊ីសាអ៊ូឌីត ធ្វើការ​ស៊ើបអង្កេត​រួមគ្នា​លើ​ការបាត់​ខ្លួន​អ្នកកាសែត​

847
ចែករម្លែក

លោក Ibrahim Kalin អ្នកនាំពាក្យរបស់ប្រធានាធិបតីតួកគីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១១តុលាថាប្រទេសតួកគីនិងអារ៉ាប៊ីសាអ៊ូឌីតបានយល់ព្រមបង្កើតក្រុមការងាររួមមួយដើម្បីស៊ើបអង្កេតការបាត់ខ្លួនរបស់អ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីត លោក Jamal Khashoggi ។

លោក Ibrahim Kalin បានប្រាប់ក្រុមអ្នកយកព័ត៌មានថាកិច្ចព្រមព្រៀងនេះបានសម្រេចទៅតាមសំណើរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

លោក Jamal Khashoggi អ្នកកាសែត ដែលធ្វើការឱ្យសារព័ត៌មានWashington Post ​បានបាត់ខ្លួនចាប់តាំងពីលោកបានចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីកាលពីថ្ងៃទី២ខែតុលាដើម្បីទទួលឯកសារសម្រាប់អាពាហ៍ពិពាហ៍របស់លោក។

ក្រុមរដ្ឋអាជ្ញាតួកគីបានបើកការស៊ើបអង្កេតរកកន្លែងស្នាក់នៅរបស់អ្នកកាសែតអារ៉ាប៊ីសាអូឌីតនេះ។

ប៉ូលីសតួកគីបាននិយាយថាជនជាតិអារ៉ាប៊ីសាអ៊ូឌីត១៥នាក់ដោយរួមទាំងមន្រ្តីមួយចំនួនទៀតបាន មកដល់ទីក្រុងអ៊ីស្តង់ប៊ុលតាមយន្តហោះចំនួន២ហើយបានចូលទៅស្ថានកុងស៊ុល ខណៈពេលដែល លោកJamal Khashoggi បានស្ថិតនៅខាងក្នុង។

៨នាក់ក្នុងចំណោមជនសង្ស័យ១៥ដែលពាក់ព័ន្ធនឹងអ្នកកាសែតដែលបាត់ខ្លួននេះ ត្រូវបានកំណត់អត្តសញ្ញាណដោយប៉ូលិសតួកគី។

សេចក្តីរាយការណ៍មួយបាននិយាយថា លោក Jamal Khashoggi គឺទំនងជាត្រូវបានសម្លាប់នៅខាងក្នុងបរិវេណនោះ ប៉ុន្តែការលើកឡើងបែបនេះ ត្រូវ​បានបដិសេធដោយក្រុមអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតថាគ្មានមូលដ្ឋាន។

កាលពីថ្ងៃអង្គារ អារ៉ាប៊ីសាអ៊ូឌីត បានអញ្ជើញក្រុមអ្នកជំនាញតួកគី និងមន្តី្រមួយចំនួនទៀតដើម្បីពិនិត្យមើលស្ថានកុងស៊ុលនេះ បន្ទាប់ពីតួកគីបានទាមទារឱ្យរកនៅស្ថានកុងស៊ុលនេះ៕ដោយ៖សុខា/sn

ស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីនិងអ្នកកាសែតបាត់ខ្លួនលោក Jamal Khashoggi