តួ​ក​គី​បញ្ជា​ចាប់ខ្លួន​មនុស្ស​១១០​នាក់ ពីបទ​ជាប់ទាក់ទង​ជាមួយ​លោក​ហ្គូ​ឡិន ដែល​ត្រូវបាន​ចោទថា​ដឹកនាំ​រដ្ឋប្រហារ​

292

​ទីភ្នាក់ងារសារព័ត៌មាន Dogan បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២០​តុលា​ថា លោក ហ្វេ​ធូ​ឡាស ហ្គូ​ឡិន (Fethullah Gulen) មេដឹកនាំ​សាសនា ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដែល​រដ្ឋាភិបាល​តួ​ក​គី​បាន​និយាយថា បានរៀបចំ​ធ្វើ​រដ្ឋប្រហារ កាលពី​ឆ្នាំមុន​នោះ បាន​ជាប់ទាក់ទង​ជាមួយនឹង​មនុស្ស​ជាង​១១០​នាក់​ហើយ​ដីកាចាប់ខ្លួន ត្រូវ​បានចេញ​ដើម្បី​ចាប់ខ្លួន​ពួកគេ ដោយ​ក្រុម​អាជ្ញាធរ​តួ​ក​គី​។​

​ទីភ្នាក់ងារសារព័ត៌មាន Dogan បាន​និយាយថា ប្រតិបត្តិការ​ប៉ូលិស​ដើម្បី​តាម​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំងនេះ​
​ដែល​ពួក​អ្នកគ្រប់គ្រង​និង​ជា​ក្រុម​និយោជិត​នៃ​ក្រុមហ៊ុន​បោះពុម្ពផ្សាយ Kaynak Holding និង​ក្រុមហ៊ុន​ដែល​ជាប់ទាក់ទង​មួយចំនួនទៀត​នោះ ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល និង​បន្ត​ដល់​ខេត្ត​ចំនួន​២៤​ទៀត​។​

​ក្រុមហ៊ុន Kaynak Holding នេះ ត្រូវបាន​រឹបអូស​យក​ដោយ​រដ្ឋកា​លពី​ឆ្នាំ​២០១៥ ដោយសារ​មានការ​ទាក់ទង​ជាមួយនឹង​ចលនា​របស់លោក​ហ្វេ​ធូ​ឡាស ហ្គូ​ឡិន មេដឹកនាំ​សាសនា​អ៊ីស្លាម​និយម​នេះ ដែល​បាន​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ សហរដ្ឋអាមេរិក ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​។ លោក បាន​បដិសេធថា​មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​ប៉ុនប៉ង​ផ្តួល​រលំ​រដ្ឋាភិបាល​តួ​ក​គី​កាលពី​ខែកក្កដា​ឆ្នាំ​២០១៦​នោះទេ​។​

​មនុស្ស​រាប់រយ​នាក់​នៃ​ក្រុមហ៊ុន​ជាច្រើន​ដូចជា​ក្រុមហ៊ុន Kaynak Holding និង​ក្រុមហ៊ុន​តូចៗ​ជាច្រើន​ទៀត​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុម​អាជ្ញាធរ​ក្នុងការ​បង្កា​ប​ក្រោយ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ ហើយ​ក្រុមហ៊ុន​ទាំងនោះ​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​អ្នកគ្រប់គ្រង​ដែល​ចាត់តាំង​ដោយ​រដ្ឋាភិបាល​នេះ​។​

​ក្រោយ​ការបង្ក្រាប​នេះ មនុស្ស​ជាង​៥០.០០០​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​ដើម្បី​រង់ចាំ​ការវិនិច្ឆ័យ​ទោស​ពីបទ​ជាប់ទាក់ទង​ជាមួយ​លោក ហ្វេ​ធូ​ឡាស ហ្គូ​ឡិន ខណៈដែល មនុស្ស​១៥០.០០០​នាក់ ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​ឬ​ផ្អាក​ពី​ការងារ​នៅក្នុង​ជួរ​កងទ័ព និង​នៅក្នុង​វិស័យ​ឯកជន​និង​រដ្ឋ​៕ ដោយ៖ សុខា

លោក ហ្វេ​ធូ​ឡាស ហ្គូ​ឡិន មេដឹកនាំ​សាសនា ដែល​ត្រូវបាន​ចោទថា​ដឹកនាំ​រដ្ឋប្រហារ​ផ្តួល​រលំ​រដ្ឋាភិបាល​តួ​ក​គី កាលពី​ខែកក្កដា​ឆ្នាំ​២០១៦