តួ​ក​គី​បើក​ការវាយប្រហារ​តាម​អាកាស​លើ​តំបន់​ឃឺ​ដ​នៅ​អ៊ីរ៉ាក់ បន្ទាប់ពី​អ្នកការទូត​ខ្លួន​ត្រូវគេ​បាញ់សម្លាប់​

463
ចែករម្លែក

​រដ្ឋមន្ត្រី​ការពារជាតិ​តួ​ក​គី​និយាយថា តួ​ក​គី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​កក្កដា​បានចាប់ផ្តើម​ការវាយប្រហា​រ​តាម​អាកាស​លើ​ពួក​ឃឺ​ដ​អ៊ីរ៉ាក់​ដើម្បី​ឆ្លើយតប​ទៅនឹង​ការសម្លាប់​អ្នកការទូត​តួ​ក​គី​នៅក្នុង​តំបន់​។​

​អនុប្រធាន​កុងស៊ុល​តួ​ក​គី​ប្រចាំ​តំបន់​ស្វយ័ត​ឃឺ​ដ​នៅ​អ៊ីរ៉ាក់ ត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃ​ពុធ​នៅក្នុង​រដ្ឋធានី អា​ប៊ី​ល (Arbil) របស់​តំបន់​ឃឺ​ដ​នេះ​។ ប្រភព​ប៉ូលិស​បាន​និយាយថា​មនុស្ស​ពីរ​នាក់​ផ្សេងទៀត​ត្រូវបាន​សម្លាប់​ផងដែរ​។​

​មិនមាន​អ្នកណាម្នាក់​ចេញមក​ទទួលខុសត្រូវ​ចំពោះ​ការបាញ់ប្រហារ​នេះ​ទេ ប៉ុន្តែ​អ្នកជំនាញ​អ៊ីរ៉ាក់​ជាច្រើន​បានលើកឡើង​ពី​លទ្ធភាព​ដែលថា ពួក​ផ្តាច់ខ្លួន​ឃឺ​ដ​គឺ​គណបក្ស​ពលករ​ឃឺ​ដ (PKK) របស់​តួ​ក​គី ដែល​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ចាត់ទុកថា​ជា​ក្រុម​ភេរ​វករ​នោះ គឺជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​តួ​ក​គី​លោក ហ៊ូ​លូ​ស៊ី អាកា បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​បន្ទាប់ពី​ការវាយប្រហារ​ដ៏​អាក្រក់​នៅក្នុង​ទីក្រុង​អា​ប៊ី​ល យើង​បានចាប់ផ្តើម​ប្រតិបត្តិការ​ជើង​អាកាស​ដ៏​ទូលំទូលាយ​បំផុត​លើ​តំបន់​ជួរ​ភ្នំ​ខាន​ឌី​ល (Qandil) និង វាយ​សំពង​យ៉ាងធ្ងន់ធ្ងរ​លើ​អង្គការ​ភេរវកម្ម (PKK)”​។​

​គោលដៅ ដូចជា “​ទីតាំង​បំពាក់អាវុធ អគារ​ស្នាក់អាស្រ័យ ទីជម្រក​ផ្សេងៗ និង​រូងភ្នំ ដែលជា​កម្មសិទ្ធិ​របស់​ពួក​ភេរវជន​នេះ​” ត្រូវបាន​បំផ្លាញ​។​

​លោក​បាន​បន្ថែមថា “​ការប្រយុទ្ធប្រឆាំង​រប​ស់​យើង​លើ​ភេរវកម្ម​នឹង​បន្ត​ជាមួយ​ការប្តេជ្ញាចិត្ត​កាន់តែខ្លាំង​ឡើង​រហូត​ទាល់តែ​ក្រុម​ភេរ​វករ​ចុងក្រោយ​ត្រូវបាន​សម្លាប់ និង ដំណក់ឈាម​របស់​ទុក្ករបុគ្គល​របស់​យើង​ត្រូវបាន​សងសឹក​”​។​

​គណបក្ស​ប្រជាធិបតេយ្យ​ឃឺ​ដ (KDP) ដែល​បច្ចុប្បន្ន​ដឹកនាំ​រដ្ឋាភិបាល​ក្នុង​តំបន់ មាន​ទំនាក់ទំនង​នយោបាយ​និង​ពាណិជ្ជកម្ម​ល្អជា​មួយ​ប្រទេស​តួ​ក​គី​។​

​ប៉ុន្តែ​តួ​ក​គី​បានធ្វើ​យុទ្ធនា​ការវាយលុក​និង​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ជួរ​ភ្នំ​នេះ​តាំងពី​ខែឧសភា​ដើម្បី​កម្ចាត់​ពួក PKK ដែល​បានធ្វើ​ការបះបោរ​ប្រឆាំងនឹង​រដ្ឋ​តួ​ក​គី​ចាប់តាំងពី​ឆ្នាំ ១៩៨៤ មក​។​

​នៅ​ដើមខែ​នេះ PKK បានប្រកាសថា ការ​វាយឆ្មក់​មួយ​ក្នុងចំណោម​ការ​វាយឆ្មក់​ទាំងនោះ​បានសម្លាប់​មេដឹកនាំ PKK ជាន់ខ្ពស់​ឈ្មោះ ឌី​យ៉ា ហ្គា​រី​ប ម៉ូ​ហា​ម៉េ​ត រួមជាមួយ​អ្នក​ប្រយុទ្ធ​ពីរ​នាក់​ផ្សេងទៀត​។​

​អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រុម​ប្រដាប់អាវុធ​របស់ PKK បាន​បដិសេធថា ក្រុម​ខ្លួន​មិនបាន​ពាក់ព័ន្ធ​ក្នុងការ​បាញ់ប្រហារ​អ្នកការទូត​តួ​ក​គី​កាលពី​ថ្ងៃ​ពុធ​ទេ​៕ ដោយ៖ កញ្ញាដាលីស

កម្លាំ​ង​សន្តិសុខ​ឃឺ​ដ​អ៊ីរ៉ាក់​ត្រូវបាន​ដាក់ពង្រាយ បន្ទាប់ពី​ការវាយប្រហារ​កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​ជនល្មើស​នៅតែ​រត់គេចខ្លួន​មិនទាន់​ចាប់បាន​នៅឡើយ