តួ​ក​គី​បើក​ការវាយលុក​ជើងគោក​ប្រឆាំងនឹង​កងកម្លាំង​ឃឺ​ដ​នៅ​ស៊ី​រី​

175
ចែករម្លែក

​តួ​ក​គី​បានធ្វើ​ការវាយលុក​យ៉ាង​ទូលំទូលាយ​ទៅលើ​តំបន់​គ្រប់គ្រង​ដោយ​ពួក​ឃឺ​ដ​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ពុធ​ទី​៩​តុលា ដោយ​ការទម្លាក់​គ្រាប់បែក​ខ្លាំងក្លា​រួច​បន្ទាប់មក​បើក​ការវាយលុក​តាម​ជើងគោក ដែល​អាចធ្វើ​ទៅបាន​ដោយសារតែ​ការ​ដកទ័ព​អាម៉េរិក​ចេញ​។​

​ប្រធានាធិបតី​តួ​ក​គី​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គា​ន បានប្រកាស​ពី​ការចាប់ផ្តើម​ការវាយប្រហា​រ​នៅលើ​បណ្តាញ​សង្គម Twitter និង​ភ្លាមៗ​បន្ទាប់ពី​យន្ដហោះ​និង​កាំភ្លើង​ធំ​បាន​វាយប្រហារ​ទៅលើ​ទីតាំង​ឃឺ​ដ​នៅតាម​បណ្តោយ​ព្រំដែន ដោយ​បញ្ជូន​ជន​ស៊ីវិល​រាប់ពាន់នាក់​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង​របស់​ពួកគេ​។​

​ក្រសួងការពារជាតិ​តួ​ក​គី​បាន​និយាយថា ការវាយប្រហារ​ទីតាំង​ទាំងនោះ​ធ្វើឡើង​នៅពេល​ល្ងាច បន្ទាប់ពី​ការចាប់ផ្តើម​ប្រតិបត្តិការ​ជើងគោក​។​

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី (SOHR) ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បាន​និយាយថា សមាជិក ១៦ នាក់​នៃ​កងជីវពល​របស់​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដឹកនាំ​ដោយ​ជនជាតិ​ឃឺ​ដ ត្រូវបាន​សម្លាប់​នៅ​ប៉ុន្មាន​ម៉ោង​ដំបូង​នៃ​ការវាយលុក​របស់​តួ​ក​គី​។​

​ទាំង SOHR និង SDF បាន​រាយការណ៍​ថា មានការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នៅ​ជិត​ទីក្រុង Tel Abad ។​

​ក្រសួងការពារជាតិ​តួ​ក​គី​និយាយ​នៅលើ Twitter ថា កងកម្លាំង​របស់ខ្លួន​បាន​វាយលុក​ចំ​គោលដៅ “​ក្រុម​ភេរ​វករ​” ចំនួន ១៨១ កន្លែង​មកទល់​ឥឡូវនេះ​។

​អ្នកនាំពាក្យ​របស់​កង​ជីវពល​ស៊ី​រី​មួយ​ដែល​គាំទ្រ​តួ​ក​គី​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា ប្រតិបត្តិការ​ជើងគោក​បានធ្វើ​ឡើង​នៅក្នុង​ទីក្រុង Tel Abad ហើយ​បណ្តាញ​ផ្សព្វផ្សាយ​តួ​ក​គី​រាយការណ៍​ថា កងកម្លាំង​ពិសេស​របស់​តួ​ក​គី​និង​រថពាសដែក​បាន​ចូល​ទៅដល់​ចំណុច​ជាច្រើន​នៅតាម​ព្រំដែន​។

​ការវាយលុក​នេះ​ហាក់​កើតឡើង​មិនអាច​ចៀសបាន​នោះទេ ដោយហេតុថា​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ បានប្រកាស​ដកទ័ព​ចេញពី​ព្រំដែន​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​ការវាយលុក​នេះ​បាន​បង្កឱ្យមាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ និង ការកោះប្រជុំ​បន្ទាន់​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​សម្ព័ន្ធ​អារ៉ាប់​បានប្រកាស​កាលពី​យប់​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​កោះប្រជុំ​បន្ទាន់​នៅ​ទីក្រុង​គែរ​នៅ​ថ្ងៃទី ១២ តុលា​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នេះ​៕ ដោយ៖ កញ្ញាដាលីស

តួ​ក​គី​ចាប់ផ្តើម​វាយលុក​លើ​ទីតាំង​របស់​ពួក​ឃឺ​ដ​កាលពី​ថ្ងៃ​ពុធ​នៅតាម​បណ្តោយ​ព្រំដែន​ស៊ី​រី