តួ​ក​គី​ប្តេជ្ញា​បកអាក្រាត “​ការពិត​ទាំងស្រុង​” ជុំវិញ​ការស្លាប់​របស់​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​ឈ្មោះ ខា​សូក​ជី​

739
ចែករម្លែក

​ប្រធានាធិបតី​តួ​ក​គី លោ​ករី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន កាលពី​ថ្ងៃអាទិត្យ​ទី​២១​តុលា បាន​ប្តេជ្ញា​បកអាក្រាត “​ការពិត​ទាំងស្រុង​” ជុំវិញ​ការស្លាប់​របស់​អ្នកកាសែត ឈ្មោះ ចា​ម៉ា​ល់ ខា​សូក​ជី នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ទៀត ខណៈពេលដែល​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ត​បាន​និយាយថា​ខ្លួន​មិនបាន​ដឹង​ពី​ទីកន្លែង​លាក់​សាកសព​របស់គាត់​ទេ ហើយ​ថា​ព្រះអង្គម្ចាស់ ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់ មិនបាន​ដឹង​អំពី​ប្រតិបត្តិការ​ណាមួយ​ដើម្បី​សម្លាប់​គាត់​នោះទេ​។​

​សេចក្តីថ្លែងការណ៍​រប​ស់មេ​ដឹកនាំ​តួ​ក​គី​បានកើត​ឡើង​នៅ​ថ្ងៃ​បន្ទាប់ពី​អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ទទួលស្គាល់ថា លោក​ខា​សូក​ជី​ត្រូវបាន​សម្លាប់​នៅក្នុង​បរិវេណ​ស្ថាន​កុងស៊ុល​របស់​ពួកគេ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។​

​លោក​អឺ​ដូ​ហ្គែ​ន​បាន​ប្រាប់​ទៅ​ពិធី​ជួបជុំ​មួយ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ថា “​យើង​កំពុង​ស្វែងរក​យុត្តិធម៌​នៅទីនេះ​ហើយ​នេះ​នឹង​ត្រូវបាន​បកអាក្រាត​ការពិត​ទាំងស្រុង មិនមែន​តាមរយៈ​ជំហាន​សាមញ្ញៗ​នោះទេ ប៉ុន្តែ​នោះ​ជា​គឺ​ការពិត​ទាំងស្រុង​”​។​

​នៅក្នុង​ការឆ្លើយតប​ដ៏​ខ្លាំងក្លា​បំផុត​របស់លោក​រហូត​មកទល់​បច្ចុប្បន្ននេះ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​ចោទប្រកាន់​អារ៉ាប់​ប៊ី​សា​អូឌីត​ថា​បាន​និយាយ​កុហក​អំពី​ការស្លាប់​របស់លោក​ខា​សូក​ជី ដែលជា​អ្នកនិពន្ធ​ម្នាក់​របស់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ ដែល​លែង​ទទួលបាន​ការទុកចិត្ត​ពី​ព្រះរាជាណាចក្រ​មួយ​នេះ ខណៈ​សម្ពាធ​កាន់តែ​កើនឡើង​ខ្លាំង​មកលើ​រដ្ឋបាល​អាមេរិក​ដើម្បី​ធ្វើ​ចំណាត់ការ​តឹងរ៉ឹង​។​

​រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត លោក អា​ឌែ​ល អាល់ ជូ​បៀ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការសម្លាប់​នេះ​គឺជា “​កំហុសឆ្គង​ដ៏​ធំ​មួយ​” ហើយ​បាន​និយាយថា​វា​ជា “​ប្រតិបត្តិការ​ទុច្ចរិត​” ដោយ​បុគ្គល​ដែល “​ធ្វើ​លើសពី​ការទទួលខុសត្រូវ​រប​ស់​ពួកគេ​” ហើយ​បន្ទាប់មក “​ព្យាយាម​លាក់បាំង​វា​”​។​

​លោក​ជូ​បៀ​បាន​ទទូច​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន Fox News ថា ប្រតិបត្តិការ​នេះ​មិនត្រូវ​បាន​បញ្ជា​ដោយ​ព្រះអង្គម្ចាស់​សាល់​ម៉ាន់​នោះទេ ដោយ​បន្ថែមថា “​យើង​មិនដឹងថា​សាកសព​របស់គាត់​នៅទីណា​នោះទេ​”​។​

​ប្រភព​របស់​ប្រធានាធិបតី​តួ​ក​គី​បាន​និយាយថា លោក​អឺ​ដូ​ហ្គែ​ន​ដែល​មិនទាន់​បន្ទោស​ដោយផ្ទាល់​ទៅលើ​អារ៉ាប់​ប៊ី​សា​អូឌីត​នោះ បាន​តេ​តាម​ទូរស័ព្ទ​និយាយ​ជាមួយ​លោក​ត្រាំ​កាលពី​ថ្ងៃអាទិត្យ ដោយ​មេដឹកនាំ​ទាំង​២​បាន​ឯកភាពគ្នា​ថា ករណី​លោក​ខា​សូក​ជី ចាំបាច់​ត្រូវតែ​បញ្ជាក់​ឱ្យ​ច្បាស់លាស់​សិន​។​

​មន្ត្រី​តួ​ក​គី​បាន​និយាយថា​ពួកគេ​ជឿជាក់ថា​បុរស​អា​រ៉ា​ប៊ី​សា​អូឌីត​ចំនួន 15 នាក់​ដែល​បានមក​ដល់ទី​ក្រុង​អ៊ី​ស្តង់​ប៊ុល​នៅលើ​ជើងហោះហើរ​២​កាលពី​ថ្ងៃទី 2 ខែតុលា​គឺជា​ប់​ពាក់ព័ន្ធ​ទៅនឹង​ការស្លាប់​របស់លោក​ខា​សូក​ជី​។​

​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ត​បាន​ប្រតិកម្ម​វិញ​ដោយ​អះអាងថា​ម្នាក់​ក្នុងចំណោម 15 នាក់​នោះបាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​ឆ្នាំ​មកហើយ​៕ ដោយ៖ កញ្ញាដាលីស

តួ​ក​គី​នឹង​បកអាក្រាត​ការពិត​ទាំងស្រុង​អំពី​ការស្លាប់​របស់លោក​ខា​សូក​ជី