តួ​ក​គី​ហៅ​អាមេរិក​ថា “​ចចក​ព្រៃ​” និង​ប្តេជ្ញា​លែង​ប្រើ​លុយ​ដុល្លារ​ក្នុង​ពាណិជ្ជកម្ម​

722
ចែករម្លែក

​ប្រធានាធិបតី​តួ​ក​គី លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន កាលពី​ថ្ងៃអាទិត្យ​ទី​២​កញ្ញា​បាន​ប្តេជ្ញា​ថា រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​នឹង​បន្ត​ប្រតិបត្តិ​ការទូទាត់​មិនមែនជា​ប្រាក់​ដុល្លារ​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី​និង​ប្រទេស​ដទៃទៀត ដោយ​ចោទ​អាមេរិក​ថា​ប្រព្រឹត្ត​ដូច “​ចចក​ព្រៃ​” ។​

​ទាំង​តួ​ក​គី​និង​រុស្ស៊ី​កំពុងតែ​ប្រឹង​ងាក​ចេញពី​វិធានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​លោក​អឺ​ដូ​ហ្គែ​ន​បាន​ប្រាប់​វេទិកា​ពាណិជ្ជកម្ម​មួយ​ក្នុងអំឡុង​ទស្សនកិច្ច​នៅ​ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ថា “​អាមេរិក​ប្រព្រឹត្ត​ដូច​ចចក​ព្រៃ​។ ដូច្នេះ​កុំ​ជឿ​ពួកគេ​”​។​

​លោក​បាន​និយាយថា ប្រទេស​របស់លោក​កំពុង​ចរចា​ជាមួយ​រុស្ស៊ី​ស្តីពី​ពាណិជ្ជកម្ម​មិនមែនជា​ប្រាក់​ដុល្លារ​។​

​លោក​អឺ​ដូ​ហ្គែ​ន​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ដែល​ចូលរួម​ដោយ​ធុរកិច្ច​ជន​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​និង​តួ​ក​គី​រួមទាំង​មន្ត្រី​រដ្ឋាភិបាល ថា “​ការប្រើ​ប្រាក់​ដុល្លារ​បានត្រឹមតែ​បំផ្លាញ​យើង​ប៉ុណ្ណោះ​។ យើង​នឹងមិន​ចុះចាញ់​។ យើង​នឹង​ទទួល​ជ័យជម្នះ​”​។​

​ចំណងទាក់ទង​រវាង​សមាជិក​អង្គការ​ណា​តូ​ទាំង​២​គឺ​វ៉ាស៊ីនតោន​និង​អង់កា​រ៉ា​បាន​ឈានដល់​កម្រិត​ទាប​កាលពី​ខែ​មុន ខណៈដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​ពន្ធគយ​ថ្មី​លើ​ដែកថែប​និង​អាលុយមីញ៉ូម​របស់​តួ​ក​គី ដើម្បី​ឆ្លើយតប​ទៅនឹង​ការឃុំខ្លួន​អាចារ្យ​អាមេរិក​ម្នាក់​នៅក្នុង​ប្រទេស​តួ​ក​គី​។​

​ប្រាក់​លី​រ៉ា​របស់​តួ​ក​គី​បាន​ធ្លាក់​ថ្លៃ​១​ភាគ​៤​នៃ​តម្លៃ​របស់​វា​កាលពី​ខែ​មុន​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​បាន​កើនឡើង​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​តួ​ក​គី លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន