តួ​ក​គី ទទួល​ប្រព័ន្ធ​កាំ​ជ្រួច​S-400​ពី​រុស្ស៊ី ទោះជា​អាម៉េរិក​ព្រមាន​

391
ចែករម្លែក

​តួ​ក​គី កាលពីថ្ងៃ​សុក្រ​ទី​១២​កក្កដា បាន​ទទួល​ក្រុម​ដំបូង​នៃ​ប្រព័ន្ធ​ការពារ​កាំជ្រួច​ធុន​S-400​ពី​រុស្ស៊ី ដោយ​បង្ក​ការព្រួយបារម្ភ​ពី​អង្គការ​ណា​តូ និង​ប្រឈម​ការ បែកបាក់​កាន់តែ​​ខ្លាំង​ឡើង​ជាមួយ​សហរដ្ឋ​អាម៉េរិក ដែល​បាន​ព្រមាន​កុឲ្យ​តួ​ក​គី​ទិញ​វា​។​

​ការបញ្ជូន​មក​ដល់​មូលដ្ឋាន​ទ័ពអាកាស​មួយ​នៅ​ទីក្រុង​អង់កា​រ៉ា ប្រទេស​តួ​ក​គី​នេះ​បាន​កើតឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ព្រមាន​នៅ​សប្តាហ៍​នេះ​ថា នឹងមាន​«​ផលវិបាក​អវិជ្ជមាន​យ៉ាង​ជាក់ច្បាស់​» ប្រសិនបើ​តួ​ក​គី​នៅតែ​ចចេស​ទិញ​ប្រព័ន្ធ​ការពារ​នេះ​។​

​អង្គការ​ណា​តូ ដែល​តួ​ក​គី​ជា​សមាជិក​មួយ​ដែរ ក៏​បារម្ភ​អំពី​ផលវិបាក​ដែល​អាច​កើតមាន​ពី​ការទិញ​នេះ​និង​បាន​ព្រមាន​តួ​ក​គី​ថា ប្រព័ន្ធ​ការពារ​កាំជ្រួច​របស់​រុស្ស៊ីស៊ីគ្នា​​ជាមួយ​ប្រព័ន្ធ​សព្វាវុធ​របស់​ណា​តូ គឺមិន​ត្រូវ​នឹង​យន្តហោះ​F-35 ជា​យន្តហោះ​បំបាំងកាយ​ពហុ​តួនាទី​ជំនាន់​ថ្មី​។​

​អាម៉េរិកបារម្ភ​ថា បើ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​បញ្ជូល​S-400 ចូល​ក្នុង​ប្រព័ន្ធ​ខែល​ការពារ​របស់ខ្លួន​នោះ​ នឹង​វាមាន​ហានិភ័យ​នៃ​ការលេចធ្លាយទិន្នន័យ​រសើបៗ​អំពី​យន្តហោះ​F-35​​ទៅ​រុស្ស៊ី និង​បាន​គំរាម​បណ្តេញតួ​កគីចេញពី​កម្មវិធី​យន្តហោះ​ប្រយុទ្ធ​របស់ខ្លួន​។​

​តែ​ប្រធានាធិបតី​តួ​ក​គី លោក រេ​សេប តា​យ​យី​ប អឺ​ដូ​ហ្កាន បាន​បដិសេធ​មិន​ព្រម​ដកថយ​និង​បាន​និយាយថា​ លោក​មាន​ជំនឿ​ថា​តួ​ក​គី​នឹង​មិន​ប្រឈម​នឹង​ទណ្ឌកម្ម​របស់​អា​ម៉េ​​រិក ក្រោយពី​ជំនួប​ជាមួយ​សម​ភាគី​អាម៉េរិក​ លោក ដូ​ណា​ល់ ត្រាំ​ នៅ​ជំនួប​G-20​នៅ​ជប៉ុន​។​

ផ្នែក​ដំបូង​នៃ​ប្រព័ន្ធ​របស់​រុស្ស៊ី បាន​មកដល់​មូលដ្ឋាន​ទ័ពអាកាស​មួយ​នៅ​ក្រុង​អង់កា​រ៉ា កាលពី​ថ្ងៃ​១២​កក្កដា

​កាលពី​ថ្ងៃ​សុក្រ ក្រសួងការពារជាតិ​តួ​ក​គី​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​អះអាង​អំពី​«​ការមកដល់​នៃ​ផ្នែក​ដំបូង​របស់​ប្រព័ន្ធ​ការពារ​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​S-400»​។​​ចំណែក​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា​«​អ្វីៗ​បាន​ប្រព្រឹត្តទៅ​តាម​កិច្ចព្រមព្រៀង​និង​កិច្ចសន្យា​ដ៏​មធ្យ័ត ដោយរាល់​កាតព្វកិច្ច​ត្រូវបាន​អនុវត្ត​ន៍»៕​ដោយ​៖​វាសនា​/Ha