ទីភ្នាក់ងារសារព័ត៌មានរដ្ឋបាននិយាយកាលពីថ្ងៃអង្គារទី១៩វិច្ឆិកាថា តួកគីបានបញ្ជាអោយចាប់ខ្លួនបុគ្គលិកយោធា១៣៣នាក់ ចំពោះការសង្ស័យថាជាប់ពាក់ព័ន្ធនឹងបណ្តាញមួយដែលរដ្ឋាភិបាលក្រុងអង់ការ៉ា ចោទប្រកាន់ថាបានរៀបចំធ្វើរដ្ឋប្រហារមួយនៅឆ្នាំ២០១៦។
ទីភ្នាក់ងារសារព័ត៌មាននិយាយថា ជនសង្ស័យត្រូវបានតាមរកចាប់ខ្លួននៅក្នុងប្រតិបត្តិការមួយ ដែលផ្តោតនៅក្នុងខេត្តអ៊ីសមៀ និងថាពួកគេ៨២នាក់ធ្លាប់បានបំរើក្នុងជួរយោធា។
អាជ្ញាធរតួកគីន្ទោសមេដឹកនាំសាសនាដែលរស់នៅអាម៉េរិកលោក ហ្វេតធូឡា ហ្គូឡេន ថាជាមេក្លោងនៃរដ្ឋប្រហារមិនបានសំរេចកាលពីថ្ងៃ១៥ កក្កដា ឆ្នាំ២០១៦។តែលោកបានបដិសេធថាមិនពាក់ព័ន្ធទេ រីឯអាម៉េរិកក៏មិនបានចាប់បញ្ជូនខ្លួនលោកមកតួកគីតាមការស្នើសុំរបស់រដ្ឋាភិបាលក្រុងអង់ការ៉ាដែរ។
នៅក្នុងការបោសម្អាតអស់ពេល៣ឆ្នាំចាប់តាំងពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ មនុស្សជាង៧៧.០០០នាក់ត្រូវបានចាប់ខ្លួនញាត់គុកដើម្បីរង់ចាំសវនាការ និងបុគ្គលិករដ្ឋការស៊ីវិលទាហាន និងអ្នកផ្សេងៗទៀត ត្រូវបានបណ្តេញចេញពីការងារ ឬព្យួរការងារ រីឯការចាប់ខ្លួនជាទូទៅនៅតែបន្តមាន។
ក្នុងពេលជាមួយគ្នា បណ្តាសម្ពន្ធមិត្តលោកខាងលិចរបស់តួកគី រួមទាំងក្រុមសិទ្ធិមនុស្សបានរិះគន់ការបង្ក្រាបទ្រង់ទ្រាយធំនេះ ដោយចោទថាប្រធានាធិបតី តាយយីប អឺដូហ្កានប្រើប្រាស់រដ្ឋប្រហារមិនបានសំរេចនេះជា លេសដើម្បីកំចាត់ជនប្រឆាំង។ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងអង់ការ៉ា បានការពារចំណាត់ការរបស់ខ្លួនដោយ ដោយចាត់ទុកវាជាចម្លើយតបចាំបាច់និងសមស្របនឹងការគំរាមដែលតួកគីប្រឈម ហើយក៏ប្តេជ្ញាបោសសម្អាតបណ្តាញរបស់លោក ហ្គូឡេន៕ដោយ៖វាសនា
បព្វជិតតួកគីតាំងនៅអាម៉េរិក លោក ហ្វេតធូឡា ហ្គូឡេន នៅគេហដ្ឋានរបស់លោកនៅក្នុងរដ្ឋផេនស៊ីលវ៉ានៀ សហរដ្ឋអាម៉េរិក