តើកងកម្លាំងជប៉ុនអាចវាយគោលដៅរបស់អង់គ្លេសបានយ៉ាងដូចម្តេចអំឡុងពេលកំពុងវាយលុកយ៉ាងភ្ញាក់ផ្អើលលើកំពង់ផែភៀលហាបឺ

475
ចែករម្លែក

សព្វថ្ងៃគេស្គាល់ថាម៉ាឡេស៊ី ប្រទេសនេះធ្លាប់ជាអាណានិគមអង់គ្លេស ដែលកាន់កាប់ដោយកងទ័ពចក្រភពអង់គ្លេសនៅក្នុងសង្គ្រាមលោកលើកទី ២ ហើយបានក្លាយជាគោលដៅសម្រាប់កងទ័ពជប៉ុននៅពេលពួកគេសម្លឹងក្តោបក្តាប់ប៉ាស៊ីហ្វិកខាងកើត។ នៅថ្ងៃទី ៧ ធ្នូឆ្នាំ ១៩៤១ ជាថ្ងៃតែមួយដែលកងកម្លាំងជប៉ុនបានវាយប្រហារកំពង់ផែភៀលហាបឺ កងកម្លាំងអង់គ្លេសក៏បានរងការវាយប្រហារផងដែរ នៅពេលដែលនាវាដឹកជញ្ជូនចំនួន ៣ គ្រឿងនិងទូកតូចៗជាច្រើនបានដឹកនាំការវាយលុក។ កងទ័ពអាម៉េរិកបានចាញ់ច្រាបនៅកំពង់ផែភៀលហាបឺពីការវាយប្រហារដ៏ភ្ញាក់ផ្អើលដោយជប៉ុន ប៉ុន្តែនៅចម្ងាយប្រមាណ ១១.២៦៥ គីឡូម៉ែត្រ កងទ័ពអង់គ្លេសបានធ្វើការវាយបកវិញទៅលើកងទ័ពអធិរាជជប៉ុន។

ការវាយប្រហារតាមអាកាសបានធ្វើឡើងប្រឆាំងនឹងកងកម្លាំងជប៉ុនដ៏ច្រើនសម្បើម ដែលកំពុងសម្រុកចូលមក ប៉ុន្តែនេះនៅតែមិនអាចបញ្ឈប់កងទ័ពអធិរាជមួយចំនួនពីការឡើងដល់ឆ្នេរម៉ាឡាយ៉ាបានឡើយ និងទីបំផុតបង្កឱ្យមានការប្រយុទ្ធគ្នានៅលើដីគោក។

កំពង់ផែកូតាបារូត្រូវបានកាន់កាប់ដោយកងទ័ពឈ្លានពានជប៉ុនក្នុងរយៈពេលតែមួយថ្ងៃ ទោះបីជាចំនួនស្លាប់របស់កងទ័ពអធិរាជមានច្រើនជាងក៏ដោយ គឺ ជប៉ុនស្លាប់ ៣២០ នាក់ និងអង់គ្លេសស្លាប់ ១០៥ នាក់។

ជប៉ុនបានបន្តសន្ទុះប្រយុទ្ធរបស់ពួកគេរយៈពេលពីរខែខណៈកងទ័ពអង់គ្លេសបានដកថយបន្តិចម្តងៗទល់នឹងសត្រូវគួរឱ្យខ្លាចរបស់ពួកគេ ហើយទីបំផុតបានដកថយទៅសិង្ហបុរីវិញ។

នៅចុងខែមករាឆ្នាំ ១៩៤២ កងទ័ពអង់គ្លេសចំនួន ៧.៥០០ នាក់និងកងទ័ពជប៉ុនចំនួន ៣.៥០៧ នាក់បានស្លាប់នៅក្នុងអ្វីដែលជាចំណុចផ្ទុះសង្គ្រាមដ៏គួរឱ្យរន្ធត់បំផុតមួយនៅក្នុងសមរភូមិប៉ាស៊ីហ្វិក។

សូម្បីដកថយទៅកាន់សិង្ហបុរីក៏មិនអាចបញ្ឈប់ការឈ្លានពានរបស់ជប៉ុនបានដែរ។ ទោះបីបានបំផ្ទុះគ្រាប់បែកឱ្យខូចផ្លូវមួយឆ្ពោះទៅកាន់តំបន់របស់អង់គ្លេសក៏មិនអាចបញ្ឈប់ការវាយប្រហារមួយផ្សេងទៀតបានដែរ។

សិង្ហបុរីត្រូវបានជប៉ុនដណ្តើមយកបានទាំងស្រុងនៅថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ១៩៤២ ជាជ័យជម្នះមួយទីបំផុតក្លាយជាឥតប្រយោជន៍ ព្រោះចុងក្រោយជប៉ុនត្រូវចុះចាញ់សង្គ្រាម បន្ទាប់ពីការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគិ នៅខែសីហាឆ្នាំ ១៩៤៥៕ ដោយ៖ កញ្ញាដាលីស

ជប៉ុនក៏វាយគោលដៅរបស់អង់គ្លេសនៅម៉ាឡេស៊ីដែរ នៅពេលកំពុងវាយលុកកំពង់ផែភៀលហាបឺនៅថ្ងៃទី៧ធ្នូឆ្នាំ១៩៤១