តើលោកខាងលិចអាចវាយប្រហារស៊ីរីដូចម្តេច?

5268
ចែករម្លែក

ក្រោយពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃពុធទី១១មេសា បានប្តេជ្ញាថាកាំជ្រួចមីស៊ីលនឹងត្រូវបាញ់ចេញសំដៅស៊ីរីក្រោយការវាយប្រហារដោយអាវុធគីមីលើជនស៊ីវិលស៊ីរីនោះ វាប្រាកដណាស់ថាការវាយប្រហារដោយយោធាមួយប្រឆាំងរបបគ្រប់គ្រងរបស់ប្រធានាធិបតី បាសសា អាល់-អាសាត ពិតជាកើតមានមែន។

ឥឡូវបញ្ហានៅត្រង់ថា អាមេរិក អាចមានទាំងអង់គ្លេសនិងបារាំងផង នឹងវាយលើស៊ីរីរបៀបណា និងថាតើវាមានផលវិបាកឬការតតបកំរិតណា ក្នុងករណីគន់គូរខុសពីសម្ពន្ធមិត្តរុស្ស៊ីនិងអ៊ីរ៉ង់របស់លោកអាសាត។

-តើអ្វីខ្លះជាគោលដៅ?

អាមេរិកនិងបារាំងរួមទាំងអង់គ្លេសដែលជាសម្ពន្ធមិត្តចង់បញ្ជូនសារច្បាស់លាស់និងដាច់ស្រាច់មួយទៅកាន់របបអាសាតថា ការប្រើសព្វាវុធគីមីណាមួយនៅពេលអនាគតនឹងមិនត្រូវអត់ឱនអោយឡើង។ម្យ៉ាងទៀតក៏ចង់ប្រាប់ទៅអាសាតថា កាំជ្រួចទាំងនេះនឹងត្រូវវាយប្រហារលើហេដ្ឋារចនាសម្ពន្ធគីមីរបស់លោក រួមមានបណ្តារោងចក្រនិងតំបន់ទុកដាក់វា។

ទោះជាយ៉ាងណា ចំណាត់ការដូច្នេះក៏បង្កហានិភ័យ រួមមានលទ្ធភាពនៃការសាយភាយឧស្ម័នពុលចូលក្នុងអាកាស។

ការវាយប្រហារក៏អាចផ្តោតលើកងកម្លាំងអាកាសនិងការពារដែនអាកាសរបស់របបស៊ីរី តែការយឺតយ៉ាវនៃការវាយប្រហាររវាងពេលវាយប្រហារដោយអាវុធគីមីកាលពីថ្ងៃសៅរ៍ទី៧មេសា និងការវាយប្រហារសងសឹកតាមផ្លូវអាកាសនៅពេលណាមួយនោះ ទំនងជាអាចអោយកងកម្លាំងរបស់លោកអាសាតបញ្ជូនយន្តហោះរបស់លោកទៅកាន់ទីសុវត្ថិភាពបាន។

ជេននីហ្វ័រ កាហ្វារេលឡា អ្នកវិភាគស៊ីរីសំរាប់វិទ្យាស្ថានសិក្សាសង្រ្គាម ដែលមានមូលដ្ឋាននៅក្រុងវ៉ាស៊ីនតោន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេសថា គោលដៅជាសក្កានុពលមួយគឺ អាកាសយានដ្ឋានយោធាDumayr នៅភាគឦសាន្តក្រុងដាម៉ាស ដោយសាររបបគ្រប់គ្រងស៊ីបានប្រើយន្តហោះនៅទីនេះដើម្បីធ្វើការវាយប្រហារដោយអាវុធគីមីកាលពីថ្ងៃសៅរិ៍។

រដ្ឋាភិបាលក្រុងមូស្គូមានមូលដ្ឋានទ័ពអាកាស២នៅឆ្នេររបស់ស៊ីរី គឺTartus និង Hmeimim ដែលការពារដោយកាំជ្រួចទំនើប S-300 and S-400។

-តើការវាយប្រហារនឹងមានទំហំប៉ុណ្ណា?

ត្រាំកាលពីឆ្នាំមុនបានបញ្ជាអោយមានការវាយប្រហារមួយប្រឆាំងលោកអាសាត ក្រោយការវាយប្រហារដោយឧស្ម័នសារីនលើទីប្រជុំជនឧទ្ទាមនៅ Khan Sheikhun។

កងទ័ពជើងទឹកអាមេរិក ពេលនោះបានបាញ់កាំជ្រួចបណ្តែតTomahawk ចំនួន៥៩ដើមចេញពីនាវាពិឃាតនៅសមុទ្រមេឌីទែរ៉ាណេខាងកើត ដោយសំដៅលើមូលដ្ឋានទ័ពអាកាសShayrat យន្តហោះ លេនដ្ឋានផ្គត់ផ្គង់គ្រាប់រំសេវ ប្រព័ន្ធការពារអាកាសនិងរ៉ាដា។តែការវាយប្រហារតាមផ្លូវអាកាសនោះមានកំណត់ និងត្រូវបានរៀបចំឡើងធ្វើយ៉ាងណាមិនអោយអាមេរិកហក់ចូលជ្រៅក្នុងចលាចលនៃសង្រ្គាមស៊ីវិលបង្ហូរឈាមនៅស៊ីរីទេ។

ចាប់តាំងពីពេលនោះមក របបរបស់អាសាតត្រូវបានគេចោទប្រកាន់ថាបានប្រើឧស្ម័នក្លនិងសារធាតុគីមីដទៃទៀត ដោយចាប់បង្ខំអោយពួកអ្នកធ្វើផែនការនៅមន្ទីរបញ្ចកោណពិចារណាចំណាត់ការធំឡើង។

លោកកាហ្វារេលឡា បាននិយាយថា អាមេរិកត្រូវតែសំរេចចិត្តអំពីថាតើខ្លួនត្រូវដើរចម្ងាយប៉ុណ្ណាក្នុងការវាយកំទេចកងកម្លាំងតំណាងអ៊ីរ៉ង់នៅជិតៗទីតាំងអាមេរិកក្នុងប្រទេសស៊ីរីខាងកើត ឬក៏សំដៅលើទីតាំងគាំទ្ររបស់រុស្ស៊ី។

លោកបានគូសបញ្ជាក់ថា«លោកប្រធានាធិបតីបាននិយាយហើយថា លោកមានបំណងមិនត្រឹមតែអោយអាសាតទទួលខុសត្រូវ តែអ្នកគាំទ្រលោកផងដែរ»។

-តើវានឹងត្រូវវាយប្រហាររបៀបណា?

ការវាយប្រហារណាមួយលើស៊ីរីទំនងជាត្រូវប្រើកាំជ្រួច ដូចករណីឆ្នាំមុនដែរ។អាមេរិកមិនចង់អោយអាកាសយានិកយន្តហោះប្រឈមគ្រោះថ្នាក់ពីប្រព័ន្ធការពារអាកាសរបស់ស៊ីរីទេ ។ការបាញ់ទម្លាក់យន្តហោះណាមួយនឹងបញ្ជូនជម្លោះនេះទៅក្នុងទិសដៅដែលគេមិនអាចទាយទុកបាន។

នាវាUSS Donald Cook ដែលប្រដាប់ដោយកាំជ្រួចបញ្ជានាំផ្លូវ កំពុងស្ថិតក្នុងចម្ងាយអាចវាយប្រហារស៊ីរី ដូចនាវាហ្វ្រីហ្កាតបារាំងមួយជាមួយនឹងកាំជ្រួចបណ្តែតរបស់ខ្លួនផងដែរ។នាវាទាំង២ ដែលអាចថាមានជំនួយពីនាវាមុជទឹកអាមេរិកមួយ ទំនងជាដើរតួនាទីសំខាន់នៅក្នុងការវាយប្រហារ។

អាមេរិកក៏មានយន្តហោះទម្លាក់គ្រាប់B-2 ជាយន្តហោះដែលរ៉ាដាចាប់មិនបាននិងធ្លាប់ប្រើក្នុងការវាយប្រហារលើពួកក្រុមរដ្ឋអ៊ីស្លាមកាលពីឆ្នាំ២០១៧នៅលីប៊ី។

-តើមានការប្រឈមអ្វីខ្លះ?

ប្រតិកម្មពីខ្នងបង្អែករបស់អាសាតគឺ រុស្ស៊ី គឺមិនអាចទស្សន៍ទាយបានឡើយ ហើយរុស្ស៊ីបានគំរាមវាយសងសឹកប្រឆាំងអាមេរិក ក្នុងករណីកាំជ្រួចត្រូវបាញ់ចូលទីតាំងរបស់ខ្លួននៅស៊ីរី។

យោធារុស្ស៊ី កាលពីថ្ងៃពុធបានចោទប្រកាន់អង្គការការពារជនស៊ីវិលWhite Helmets ថាបង្កើតជាឈុតឆាកអំពីការវាយប្រហារដោយអាវុធគីមីនៅទីប្រជុំជនដូម៉ារបស់ស៊ីរី ដើម្បីជាលេសអោយលោកខាងលិចចាត់វិធានការលើស៊ីរី។

សារព័ត៌មានNBC Newsបានរាយការណ៍កាលពីថ្ងៃអង្គារថា រុស្ស៊ីដឹងវិធីរារាំងរលកសញ្ញាGPSដើម្បីកំហិតសមត្ថភាពដ្រូនរបស់យោធាអាមេរិកដែលធ្វើសកម្មភាពលើស៊ីរី។

បេន ខុនណាបល អ្នកវិទ្យាសាស្រ្តនយោបាយនៅក្រុមហ៊ុនRAND Corporationបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា«អាមេរិកប្រយ័ត្នណាស់ មិនចង់វាយប្រហារគោលដៅរុស្ស៊ី ឬសម្លាប់ទីប្រឹក្សារុស្ស៊ីទេ។នេះវាកំហិតជំរើសសំរាប់អាមេរិក ដោយសារតែជនជាតិរុស្ស៊ីបង្កប់ក្នុងជនជាតិស៊ីរី»។

លោកបានព្រមានថា បើអាមេរិកបែរជាធ្លោយសម្លាប់ទាហានរុស្ស៊ីក្នុងឯកសណ្ឋាន ទោះជាចេតនាឬអចេតនានឹងមានការប្រឈមមុខដ៏គ្រោះថ្នាក់រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ៕ដោយ៖វាសនា

នាវាពិឃាតUSS Porter ប្រដាប់ដោយកាំជ្រួចនាំផ្លូវTomahawk